វិធី​ថែទាំ​គ្រាប់ពូជ​ដំណាំ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​

504
ចែករម្លែក

+​ដំណាក់កាល​ទី​១
-​ត្រូវ​ពិនិត្យ​រកមើល​តើ​ដើម ឫ​គុម្ព​មួយណា​ដែល​យើង​ជ្រើសរើស​ធ្វើ​ពូជ ហើយ​ដាក់​សញ្ញា​ចំណាំ ដើម្បី​ចៀសវាង​ការច្រឡំ ឫ​ប្រមូល​ផល ។ ឯ​ការជ្រើសរើស ត្រូវ​អនុវត្តតាម​កត្តា​ខាងក្រោម​៖
-​ត្រូវ​ជ្រើសរើស​ដើម​ណា​ដែលមាន​សុខភាព​ល្អ គ្មាន​សត្វល្អិត និង​ជំងឺ​បំផ្លាញ​
-​ត្រូវ​ជ្រើសរើស​ដើម​ណា​ដែល​ផ្ដល់​ទិន្នផល​ល្អ និង​ពណ៌​ល្អ​

+​ដំណាក់កាល​ទី​២
-​ជ្រើសរើស​ផ្លែ​ណា​ដែលមាន​រូបរាង​ល្អ ។ យក​ល្អ​ចៀសវាង​កុំ​បេះ​ផ្លែ​ទី​១ គឺ​ចាំ​បេះ​ផ្លែ​ទី​២ ឬ​ទី​៣ ព្រោះ​យើង​ត្រូវ​ចាំមើល​សិន តើ​ដើម​នោះ អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ច្រើន​ដែរ​ទេ​? ជួនកាល​ដើម​ខ្លះ មានតែ​ផ្លែ​ដំបូង​ល្អ តែ​ផ្លែ​ក្រោយៗ​សុទ្ធតែ​អន់ ឫ​ដើម​ជួប​នូវ​ការបំផ្លាញ​ផ្សេងៗ ។​
-​នៅពេល​ផ្លែ​ដែល​យើង​បានជ្រើសរើស​នោះ​ទុំ​ល្អ ហើយ​ត្រូវ​បេះ​ទុក តែ​បេះ​នៅពេលដែល​មេឃ ស្រឡះ​ល្អ ចៀសវាង​បេះ​នៅពេល​មាន​ភ្លៀង ។​

+​ដំណាក់កាល​ទី​៣
-​ផ្លែ​ដែល​បេះ​បាន ត្រូវ​ប្រឡេះ​យក​គ្រាប់​ហាលថ្ងៃ ឲ្យ​ស្ងួត​យ៉ាង​ឆាប់រហ័ស​
-​គ្រាប់​ខ្លះ ត្រូវ​លាង​ទឹក​ជាមុនសិន ឧទាហរណ៍​ដូចជា ប៉េងប៉ោះ ល្ហុង មុននឹង​ហាល​
-​ការ​ហាល​នេះ គឺ​ដើម្បី​ឲ្យ​គ្រាប់​មានគុណ​ភាពល្អ គ្មាន​ជំងឺ​
-​ការ​ហាល គឺ​ត្រូវ​ហាល​ក្រោម​ពន្លឺព្រះអាទិត្យ នៅពេល​ព្រឹក រហូតដល់​ថ្ងៃ​ជិត​ត្រង់​
-​ការ​ហាល​ចោល​នៅពេល​ថ្ងៃត្រង់ និង​ថ្ងៃរសៀល មិនល្អ​ទេ ព្រោះ​វា​ក្ដៅ​ពេក ហើយ​អាច​បណ្ដាលឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​គ្រាប់​

-​ការ​ហាល គឺ​ធ្វើយ៉ាងណា​ឲ្យ​មាន​ខ្យល់​ចេញចូល​បានល្អ​
-​បន្ទាប់ពី​បាន​ហាល​គ្រាប់​ស្ងួត​ល្មម​ហើយ​ត្រូវ​សម្អាត​ឲ្យ​ស្អាត ដោយ​រើស​គ្រាប់​ខូច​ចោល យកតែ​គ្រាប់​ល្អៗ​តែប៉ុណ្ណោះ​

+​ដំណាក់កាល​ទី​៤
-​ត្រូវយក​គ្រាប់ពូជ​ទុកដាក់​នៅ​កន្លែង​ស្អាត ស្ងួត ងងឹត និង​កម្ដៅ​ទាប​
-​ក្នុងការ​ទុកដាក់​គ្រាប់ពូជ ត្រូវ​រក្សា​ទុកដាក់​គ្រាប់ពូជ ត្រូវ​រក្សាទុក​ក្នុង​ដប ឬ​ប្រដាប់​ច្រក ដែល​គ្មាន​ខ្យល់​ចូល​

-​គ្រាប់​ត្រូវ​រក្សាទុក​ដោយ​លាយ​ជាមួយ​សារធាតុ​មួយចំនួន ដែល​អាចជួយ​ស្រូប​សំណើម និង​ជួយ​បណ្ដេញ​ខ្មូត​
-​សារធាតុ​ទាំងនោះ មានដូចជា ផេះ​ស្ងួត ធ្យូង​ស្ងួត​ជាដើម​
+ ដំណាក់កាល​ទី​៥
-​ប្រសិនបើ​យើង​ត្រូវការ​ទុក​គ្រាប់ពូជ​យូរ យក​ល្អ យើង​ចាក់​គ្រាប់ពូជ​ចេញ ដើម្បី​យកមក​ហាល ហើយ​ឧស្សាហ៍​ប្ដូរ​ផេះ ឬ​ធ្យូង​ដែល​ដាក់​លាយ​ជាមួយ​គ្រាប់ពូជ​
-​រយៈពេល​ហាល​ម្ដងៗ គឺ​មួយ​ព្រឹក​គ្រប់គ្រាន់​ហើយ

+ ដំណាក់កាល​ទី​៦
-​ត្រូវ​បិទ​ស្លាក​លើ​ដប ឬ​កំប៉ុង ដើម្បី​ងាយស្រួល​ក្នុងការ​ចំណាំទុក​
-​អ្វីដែល​គួរ​សរសេរ​លើ​ស្លាក​នោះ មានឈ្មោះ​ដំណាំ ឬ​ឈ្មោះ​ពូជ​ថ្ងៃខែ​ឆ្នាំ នៃ​ការប្រមូល​ផល​
-​ដូច្នេះ បងប្អូន​កសិករ​គួរតែ​អនុវត្ត​នូវ​ដំណាក់កាល​ទាំង​៦​ខាងលើ ឲ្យ​បានល្អ ដើម្បី​ថែរក្សា​ទុក​គ្រាប់ ពូជ​ដោយ​ខ្លួនឯង​សម្រាប់​ដាំ​នៅ​រដូវ​ក្រោយ​ទៀត ៕ ប្រភព​: អ៊ាង សុផល្លែត​