វិធី​បង្កើន​ជីជាតិ​ដី​ឲ្យ​កាន់តែ​ប្រសើរឡើង​សំរាប់​ដំណាំ​ស្រូវ​

2542

១. មូលហេតុ​ដែល​ដី​បាត់បង់​ជីជាតិ (​លក្ខណៈ​រូប គីមី និង​ជីវសាស្ត្រ​)
– មិន​តុល្យភាព​នៃ​ការយក​ផលចំណេញ​ពី​ដី និង​ការដាក់​សារធាតុសរីរាង្គ និង​សារធាតុចិញ្ចឹម​ទៅ​ឲ្យ ដី ធ្វើស្រែ​ច្រើនដង​ក្នុង ១​ឆ្នាំ ហើយ​ពុំបាន​ផ្ដល់​សារធាតុសរីរាង្គ និង​ជី​ឲ្យ​បាន​គ្រប់គ្រាន់​ទៅលើ​ដី​វិញ ។ ក្នុង​មួយឆ្នាំៗ​កសិករ​បាន​ទាញយក​ផល​ស្រូវ​ពី​ដី​ជា​មធ្យម ៣-៥​តោន​/​ហិច​តា ហើយ​ដើម្បី​បង្កើត បានជា​ផល​ស្រូវ ៣-៤​តោន ស្រូវ​ត្រូវការ​ស្រូបយក​សារធាតុសរីរាង្គ និង​ជី​ពី​ក្នុង​ដី​រាប់​តោន ដូច្នេះ នៅពេលដែល​កសិករ​ពុំ​បាន​ផ្ដល់នូវ​សារធាតុ​សរីរាង្គ​គ្រប់គ្រាន់​ទៅ​ឲ្យ​ដី​ធ្វើ​ឲ្យ​ដី​ខ្សោះ​ជីជាតិ និង​បាត់ លក្ខណៈ​រូប

– ប្រើប្រាស់​ជីគីមី ដោយ​ពុំ​ដាក់​បន្ថែម​ជី​សារធាតុសរីរាង្គ (​ជីធម្មជាតិ ជី​កំ​ប៉ុស្តិ៍​)
– ការ​សឹក​រិច ដោយសារ​ការហូរ​ច្រោះ​លើ​ផ្ទៃ​ដីស្រែ និង​ធ្វើ​ស្រូវ​តែមួយ​មុខ មិន​ឆ្លា​ស់មុខ​ដំណាំ ។​

២. ការគ្រប់គ្រង​ជីជាតិ​ដីជូរ​ឲ្យ​កាន់តែ​ល្អប្រសើរ​
​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត គឺ​កែលំអ​លក្ខណៈ​រូប លក្ខណៈ​គីមី និង​លក្ខណៈ​ជីវសាស្ត្រ របស់​ដី​ដោយ​ត្រូវអនុវត្ត​ដូចខាងក្រោម​៖

– បន្ថែម​នូវ​សារធាតុសរីរាង្គ​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់ឆ្នាំ​
– ធ្វើស្រែ​ត្រូវ​បន្ថែម​ជីគីមី​ឲ្យ​បាន​តាម​តំរូវការ​របស់​ស្រូវ ពេលនោះ ស្រូវ​ទទួលផល​ល្អ គេ​នឹង​ទទួលបាន​ជញ្ជ្រាំង ឬ​ចំបើង​ច្រើន​ត្រូវ​ភ្ជួរ​លប់​បង្កប់​ទៅក្នុង​ដី​ក្រោយពេល​ច្រូតកាត់​រួច

– ត្រូវធ្វើ​ការដាំ​ដំណាំ​សណ្ដែក​មុន​ដើមរដូវ​វស្សា ពិសេស​លើ​ប្រភេទ​ដីខ្សាច់ និង​ល្បាយខ្សាច់​
– ត្រូវដាក់​ជី​កំ​ប៉ុស្តិ៍ ជីធម្មជាតិ ជា​រៀងរាល់​ឆ្នាំទៅ​ដីស្រែ​ជា​មធ្យម ៥០០​គ​.​ក្រ​/១០ អា ដោយ​លាយ ឲ្យ​ស្មើរ​រួច​ភ្ជួរ​លប់​ភ្លាម

– បន្ថែម​នូវ​សារធាតុចិញ្ចឹម​ឲ្យ​ដី​ឲ្យ​បាន​គ្រប់គ្រាន់ ជី​អាសូត​ហ្វូ​ស​ហ្វា​ត និង​ប៉ូ​តា​ល់ ជា​អាហារ​ចិញ្ចឹម ដែល​ស្រូវ​ត្រូវការ​ស្រូបយក​ដើម្បី​ធំធាត់ ដូច្នេះ គេ​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​ដី​នូវ​ប្រភេទ​គីមី ដេ​.​អា​.​ប៉េ អ៊ុយ​រ៉េ និង​ប៉ូ​តាស់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​ការណែនាំ​នៅ​ពេលដែល​ស្រូវ​ត្រូវការ ។

* សុំ​បញ្ជាក់ថា​ជីគីមី ប្រើប្រាស់​ត្រឹមត្រូវ​តាម​ការ​ណែ​នា​គ្មាន​ឥទ្ធិពល​អ្វី​ប៉ះពាល់​ដល់​ដី​អតិសុខុម ប្រាណ​ក្នុង​ដី​ឡើយ ។​
– ត្រូវ​បន្ថែម​តិចតួច​ទៀត​នូវ​ប្រភេទ​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម​
– ត្រូវ​បន្ថែម​តិចតួច​ទៀត​នូវ​ប្រភេទ​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម ជាមួយ​ជី​រួច​ដាក់​ទៅក្នុង​ដី ព្រោះ វា​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ដើមស្រូវ​បង្កើនល្បឿន​ស្រូបយក​សារធាតុចិញ្ចឹម​ពី​ដី
– បន្ថែម​កំបោរ​ដល់​ដី​
– ជាទូទៅ​ដីស្រែ​វស្សា​នៅ​ខេត្តតាកែវ ភាគច្រើន​ជា​ប្រភេទ​ដីខ្សាច់ ល្បាយខ្សាច់ ហើយ PH នៃ​ដី​ជា​មធ្យម​ពី ៣.៥-៥.៥ ដូច្នេះ​កសិករ​ចាំបាច់​ត្រូវ​ប្រើ​កំបោរ​ស​បាច​ទៅលើ​ដីស្រែ​ជា​មធ្យម​ចំនួន ២០០​គ​.​ក្រ ក្នុង​១​ហិច​តា ដោយ​បាច​ពេល​ភ្ជួរ​រាស់​ដី​លើក​ទី​១

– បន្ថែម​ដីដំបូក ដី​ល្បប់​បាត​ត្រពាំង ឬ​ដីឥដ្ឋ ។ ក្នុង​បំណង​កែលំអ​ដី​សំបូរ​ខ្សាច់ គេ​ចាំបាច់​ត្រូវ​បន្ថែម ឲ្យ​ដី​នូវ​ប្រភេទ​ដីឥដ្ឋ​ដីដំបូក​ដី​បាត​ត្រពាំង​វាយ​ឲ្យ​ទៅជា​ដុំ​តូចៗ ហើយ​បាច​ទៅក្នុង​ស្រែ​ជា​រៀងរាល់ឆ្នាំ ទៅតាម​លទ្ធភាព​ជាក់ស្ដែង​ដែល​អាចធ្វើ​ទៅបាន ៕ ប្រភព​: អ៊ាង សុផល្លែត​