វិធី​ផលិត​ទឹក​ស៊ី​រ៉ូ ស្ករ និង​ទឹក​ខ្មោះ ចេញពី​ទឹកដូង​

863

​ប្រជាជន​ដែល​រស់​នៅតាម​កោះ​នានា​ក្នុង​សមុទ្រ​ឥណ្ឌា ត្រូវបាន​គេ​ដឹងថា ពួកគេ​មាន​សុខភាព​យ៉ាង​ល្អ ចៀស​ផុតពី​ជម្ងឺ​នានា មិនសូវ​ឆ្លង​ជម្ងឺ និង​មាន​អាយុ​វែង នោះ​ក៏​ព្រោះតែ​ពួកគេ​ប្រើប្រាស់​ដូង​ជា​អាហារ​ប្រចាំ​របស់​ពួកគេ ជាពិសេស​គឺ​ទឹកដូង និង​ប្រេងដូង ។​


+ ទឹកដូង​ទឹកឃ្មុំ (​ឬ​ទឹកឃ្មុំ​ដូង​) ទឹក​ស៊ី​រ៉ូ​ដូង​
– ដាក់​ទឹកដូង​ដាំ​ក្នុង​ឆ្នាំង ឬ​ខ្ទះ រហូត​វា​មាន​កំដៅ ១១០​ដឺ​ក្រេ កូរ​វារ​ហូត​ឡើង​ស្អិត ដោយ​បន្ថយ​ភ្លើង​ឲ្យ​នៅ​តិចៗ ។ ចាក់​វា​ដាក់​ចូលក្នុង​កែវ ដោយ​ដាក់​វា​ក្នុង​ទូទឹកកក (​ត្រូវ​ទុក​វា​ឲ្យ​ត្រជាក់​សិន​មុនពេល​ដាក់ចូល​ទូទឹកកក​) យើង​អាច​រក្សា​វា​ទុក​បាន​រយៈពេល ១​ឆ្នាំ​។​

+ ស្ករដូង​
– រំងាស់​ទឹកដូង​រហូត​វា​ស្រក​ចុះ ត្រូវ​កូរ​វា​ម្តងៗ​ផង កូរ​រហូត​វា​ឡើងដល់​កំដៅ ១១៥​ដឺ​ក្រេ​
– នៅពេលដែល​វា​ឡើង​ជើង​អង្ក្រង ឬ​ស្អិត​ខ្លាំង​ហើយ ត្រូវ​លើក​វា​ចេញពី​ភ្លើង​ភ្លាម មិនត្រូវ​ទុក​ឲ្យ​វា​ខ្លោច​ឡើយ ។​
– ទោះបី​យើង​បាន​លើក​វា​ចេញមក​ហើយក៏​ដោយ ត្រូវ​បន្ត​កូរ​វារ​ហូត​វា​កក​ក្លាយទៅជា​ដុំៗ​
– ដាក់​សំដិល​វា​ឲ្យ​ស្ងួត ច្រក​ដាក់​ក្នុង​អ្វីមួយ​សម្រាប់​លក់ ឬ​ទុក​សម្រាប់​បរិភោគ​តាម​ការគួរ​។​


+ ទឹកខ្មេះ​ទឹកដូង​
​បើ​យើង​មាន​ដាំដូង​នៅក្បែរ​ខាង​ផ្ទះ​របស់​យើង យើង​សឹង​មិនចាំបាច់​ត្រូវ​ទិញ​ទឹកខ្មេះ​ពី​គេ​ឡើយ យើង​អាចធ្វើ​ទឹកខ្មេះ​ពី​ទឹកដូង​បាន​ដោយ​ខ្លួនឯង តាម​វិធី​ដូចខាងក្រោម​នេះ​
– ចាក់ទឹកដូង​ដែល​បាន​ច្រោះ​ស្អាត​ហើយ ចូលទៅក្នុង​កែវ​មួយ​ស្អាត យក​ស្បៃ​ស្អាត​មួយ​មក​ចង​មាត់​កែវ​ចំនួន​ពីរ​ជាន់​

– ១០​ថ្ងៃ​បន្ទាប់មក យក​ទឹកដូង​ដែល​បាន​បន្ទំ​ជា​ទឹកខ្មេះ​នេះ​មក​ដាក់​ដាំ​ក្នុង​ឆ្នាំ ២​ជាន់ ឬ​ដាក់​ចំហុយ​ក្នុង​ឡាំង​សឹង (​ច្រក​ក្នុង​ដប​សិន​) ចំនួន ៥​ទៅ ១០​នាទី ក្នុង​កំដៅ ៦៥​ដឺ​ក្រេ​


– ទុក​ទឹកខ្មេះ​នេះ​ឲ្យ​ត្រជាក់​សិន មុនពេល​ច្រក​ដាក់​ក្នុង​ដប​ដែល​បាន​ស្ងោរ សម្លាប់​មេរោគ​រួចហើយ​យើង​អាចធ្វើ​ទឹកខ្មេះ​នេះ​លក់​ដូច​ទឹកខ្មេះ​ចរាចរ​ក្នុង​ទីផ្សារ​ដែរ តែ​វា​មាន​សុវត្ថិភាព​ជាង និង​មិន​ប៉ះពាល់​សុខភាព​ឡើយ ។​

​រសជាតិ​ទឹកខ្មេះ​ធ្វើ​ពី​ទឹកដូង​មានគុណ​ភាពល្អ​ណាស់ បើ​បាន​យកមក​ជ្រក់ល្ហុង​កាន់តែ​បង្កើន​ឱជា​រស​ថែម​មួយកម្រិត​ទៀត ។ យើង​អាចធ្វើ​សាកល្បង​ត្រឹម ៥​លីត្រ ដោយ​ទិញ​ទឹកដូង​ខ្ចី​របស់គេ ឬ​ដូងខ្ចី​ដែល​យើង​ដាំ​ក៏បាន រហូត​យើង​ចេះ​ធ្វើ​វា​បាន​ស្ទាត់ ហើយ​យើង​អាចធ្វើ​វាល​ក់​ក្នុង​កម្រិត​សិប្បកម្ម​ខ្នាតតូច​តាម​គ្រួ​សារបាន ។ ចំពោះ​ទឹកដូង​វិញ យើង​អាច​ទិញ​ដូងខ្ចី ឬ​ដាំដូង​ដោយ​ខ្លួនឯង​។​


​អត្ថប្រយោជន៍​ផ្សេងទៀត​របស់​ផ្លែ​ដូង​
​គេ​អាច​ទទួលបាន​ទឹកដូង​ដោយ​វិធី ២​បែប​ផ្សេងគ្នា :
១- ទុក​ឲ្យ​ដូង​នោះ​វា​មាន​ផ្លែ​រួច​បេះ​ផ្លែ​វា​មក​កា​ប់យក​ទឹកដូង​
២- កាត់​ត្រឹម​ចុង​ស្នែង​របស់​ដូង​រួច​ដាក់​បំពង់​ត្រង​យក​ទឹកដូង​នោះ​ដូច​យើង​យក​ទឹកត្នោត​ដែរ តែ​ខុស​ត្រង់​ថា ដូង​គ្មាន​ផ្កា​ឈ្មោល​ដូច​ត្នោត​ទេ ។​


​បើ​យើង​យក​ទឹកដូង​តាម​វិធី​ទី ២ វា​អាច​ផ្តល់​ឲ្យ​យើង​នូវ​ទឹកដូង​ជាប់​ជាប្រចាំ​រាល់ថ្ងៃ សម្រាប់​រយៈវេលា ២០​ឆ្នាំ​ទៅមុខ ។ តែបើ​យើង​ទុក​ឲ្យ​វា​ផ្លែ យើង​នឹង​មិនអាច​ទទួលបាន​ផល​ច្រើន​ដូច​ប្រើ​វិធី​ទី ២ ឡើយ ។​

+ ទឹកដូង​ស្រស់​
​យើង​អាច​រក្សាទុក​ទឹកដូង​ច្រក​ដាក់​ដប ឬ​កំប៉ុង​ដោយ​ប្រើ​វិធី​ខាងក្រោម​នេះ :
– ដាំទឹក​ដូង​នេះ​ក្នុង​កំដៅ ៦៥​ដឺ​ក្រេ (​រយៈពេល ១០​នាទី ដើម្បី​ការពារ​វា​កុំ​ឲ្យ​ផ្អូម​)

– ចាក់ទឹកដូង​នេះ​ចូលទៅក្នុង​ដប​ស្អាត​រួច​គ្រប​ឲ្យ​ជិត ដាក់​ដប​នេះ​តម្រៀប​នៅក្នុង​ទូទឹកកក​ត្រង់​ផ្នែក​ដែល​ត្រជាក់​ជាងគេ តែ​មិន​ឲ្យ​កក​ជា​ទឹកកក ដូង​នេះ​ត្រូវ​ក្លាស្សេ​ឲ្យ​ត្រជាក់​បែបនេះ​រហូតដល់​ពេល​ត្រូវការ​យកមកប្រើ ឬ​លក់ ។​
– យើង​អាច​រក្សាទុក​ទឹកដូង​ក្នុងស្ថានភាព​បែបនេះ បាន​ចំនួន ៣​ថ្ងៃ ៕ ប្រភព​: អ៊ាង សុផល្លែត​