វិនិយោគិន​ចិន​ចំណាយ​ជាង​២​លាន​ដុល្លារ​ថត​ភាពយន្ត​នៅ​កម្ពុជា​

2066
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: វិនិយោគិន​ចិន ដែល​រកស៊ី​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ចំណាយ​ប្រា​ក់ជាង​២​លាន​ដុល្លារ​អាមេរិក ដើម្បី​ផលិត​ខ្សែ ភាពយន្ត​មួយ​និយាយ​ពី​ស្នេហា​ឆ្លងដែន ហើយ​គោលបំណង​សំខាន់​គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​និង​តំបន់​ទេសចរណ៍​សំខាន់​ក្នុងប្រទេស​កម្ពុជា។

វិនិយោគិន​ចិន បាន​ចំណាយ​ប្រា​ក់ជាង​២​លាន​ដុល្លារ​អាមេរិក ដើម្បី​ផលិត​ខ្សែ ភាពយន្ត​មួយ​និយាយ​ពី​ស្នេហា​ឆ្លងដែន ហើយ​គោលបំណង​សំខាន់ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​តំបន់​ទេសចរណ៍​សំខាន់​ក្នុងប្រទេស​កម្ពុជា (​រូបៈ​សុផល​)

​លោក លី មីន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ព្រី​នស៍ រៀល​អ៊ី​ស្ទេ​ត ដែលជា​ក្រុមហ៊ុន​ផលិត​និង​ថត​ខ្សែភាពយន្ត​បានឱ្យដឹង​កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨​ថាៈ ការផលិត​ខ្សែភាពយន្ត​នេះ​ឡើង​ក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​ដែលមាន​ជា​យូរ​មកហើយ​។ អ្វីដែល​ពិសេស​នោះ​គឺ​ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក​ពី​តំបន់​ទេសចរណ៍​ល្បីៗ និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា ព្រោះ​រឿង​ដែល​ផលិតឡើង​នេះ ក៏​នឹង​យកទៅដាក់​ប្រកួត​ជា​នៅ​រដ្ឋ​ឡូ​ស​អ៊ែន​ជី​ឡេស សហរដ្ឋអាមេរិក​ផងដែរ ។​

​លោក​បាន​បន្តថា រឿងនេះ​នឹងត្រូវ​ចំណាយ​ប្រាក់​២​លាន​ដុល្លារ​អាមេរិក ដើម្បី​ផលិតឡើង ហើយនឹង​ត្រូវ​ថត​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្តកំពត ដែល​សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ល្បី​និង​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​អន្តរជាតិ ។​ក្រៅពី​ថត​នៅ​ប្រទេស​កម្ពុជា រឿងនេះ​ក៏​នឹងត្រូវ​ថត​នៅ​ទឹកដី​នៃ​ប្រទេស​ចិន​មួយចំនួន​ផងដែរ ព្រោះ​ដោយសារតែ​វា​មាន​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ។

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា តាមរយៈ​ខ្សែភាពយន្ត​ដែល​វិនិយោគិន​ចិន​ថត​នៅក្នុង​ប្រទេស​កម្ពុជា នឹង​រួមចំណែក​ដល់​ការផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក និង​ប្រទេស ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ថែមទៀត​មក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​វិញ​វិក​ម្ពុ​ចា បានសម្រេច​លទ្ធផល​គួរ​ជាទី​មោទន ដោយមាន​កំណើន​ពីរ​ខ្ទង់​ជាប់ៗ​គ្នា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៧​កន្លងទៅ កម្ពុជា​សម្រេចបាន​នូវ​កំណើន​ទេសចរ​អត្រា​១១,៨​ភាគរយ​ជាមួយនឹង​ការមកដល់​នៃ​ភ្ញៀវ​អន្តរជាតិ​ជាង​៥,៦​លាន​នាក់​និង​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ​៣.៤០០​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ដែល​បានរួម​ចំណែក​ក្នុង GDP ប្រមាណ​១៣​ភាគរយ ។​

​លោក​បន្តថា​ក្នុង​ឆ្នាំ ២០១៨ កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៦,២​លាន​នាក់ និង​ប្រមាណ​៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​និង​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច ដែល​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​១​លាន​នាក់​។​ក្នុង​ឆ្នាំ​២០៣០​កម្ពុជា​រំពឹងថា​ភ្ញៀវទេសចរ​មក​ទស្សនា​ក្នុង​តំបន់​ផ្សេងៗ​ប្រមាណ​១៥​លាន​នាក់​បង្កើត​ការងារ​បាន​ប្រមាណ​២​លាន​នាក់​និង​នាំ​ប្រាក់ចំណូល​បាន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​ក្រសួង​បាន​ព្យាយាម​កែច្នៃ​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់ ដើម្បី​ធ្វើអោយ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ ។​

​លោក​បន្ថែមថា​ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ ក្នុងនោះ​ក្រសួងទេសចរណ៍ បាន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាននិងកំពុង​យកចិត្តទុកដាក់​លើ​គម្រោង​កោះ​គំរូ​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​ខ្ពស់​និង​ជា​គោលដៅ​ទេសចរណ៍​បៃតង​គ្មាន​ថង់​ប្លា​ស្ទិ​ក​អោយបាន​មុន​ឆ្នាំ​២០២០​ដោយ​បន្ត​ខិតខំ​គ្រប់គ្រង​ឆ្នេរ​ខ្សាច់​អោយបាន​ស្អាត និង​បៃតង ខិតខំ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​យើង​ប្រាកដ​ដោយ​និរន្តរភាព​៕ ល​