វិនិយោគិន​ចិន បណ្តាក់ទុន​ប្រមាណ​៥០​លាន​ដុល្លារ​លើ​វិស័យ​សំណង់​

1047
ចែករម្លែក
វិនិយោគិន​ចិន បណ្តាក់ទុន​ប្រមាណ​៥០​លាន​ដុល្លារ​លើ​វិស័យ​សំណង់​នៅ​តំបន់​វេ​ង​ស្រេង រាជធានី​ភ្នំពេញ (​រូបៈ សុផល​)

ដោយ​: សុផល / ភ្នំពេញ​: វិនិយោគិន​ចិន បាន​បណ្តាក់ទុន​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ខុន​ដូ ផ្ទះល្វែង និង​ផ្ទះ​លក់ទំនិញ នៅលើ​ផ្ទៃដី​ជាង​៥៣៨០០​ម៉ែត្រការ៉េ​។​

​ទីតាំង​នៃ​ការសាងសង់ ស្ថិតនៅ​ផ្លូវ​បេតុង លេខ​៤៩​សេ​សេ (​ខាងក្រោយ​ផ្សារ​ឯករាជ្យ​៣) ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លោក ខាង គ័ន​ជី​ង (Kang Kuan Jing) អគ្គនាយក​បុរី​បូ​អៅ បាន​ប្រាប់​អ្នក​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ថា​៖ ក្រុមហ៊ុន​លោក​បាន​បណ្តាក់ទុន​ប្រមាណ​៥០​លាន​ដុល្លារ​វិនិយោគ​ខុន​ដូ ផ្ទះល្វែង និង​ផ្ទះ​លក់ទំនិញ ក្នុងតម្លៃ​សមរម្យ​ដែល​ប្រជាជន​ចំណូល​មធ្យម​អាចមាន​លទ្ធភាព​ទិញ​បាន​។​

​លោក​បាន​បន្តថា​៖ បានជា​លោក​ជ្រើសរើស​តំបន់​ផ្លូវ​វេ​ង​ស្រេង​សម្រាប់​ការសាងសង់ ដោយសារ​ជា​តំបន់​នេះ​អភិវឌ្ឍ​ខ្លាំង និង​មាន​ប្រជាជន​រស់នៅ​ច្រើន ដែល​នឹងមាន​សក្តានុពល​សេដ្ឋកិច្ច​ច្រើន​។​

​ទាក់ទង​នឹង​ការសម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា លោក ខាង គ័ន​ជី​ង បាន​លើកឡើងថា​«​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព ជាពិសេស​មាន​សក្តានុពល​សេដ្ឋកិច្ច និង​កំណើន​វិស័យ​សំណង់​ព្រមទាំង​កំណើន​វិនិយោគិន​បរទេស​»​។​

​លោក​បានឱ្យដឹង​ផងដែ​រ ក្រៅពី​ផ្ទះល្វែង​និង​សប​ហោ​ស ក្រុមហ៊ុន​ទើបនឹង​បញ្ចប់​ការសាងសង់​ខុន​ដូ​កម្ពស់​៨​ជាន់​ដំណាក់កាល​ទី​១ (​ប្លង់​សេ​) ហើយ​គ្រោង​នឹង​ប្រគល់​ផ្ទះ​ដល់​អតិថិជន​នៅ​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។ ទន្ទឹមនឹងនេះ ក៏​កំពុង​ចាប់ផ្តើម​គម្រោង​ទី​២ ដែល​ទទួល​ការ​កក់​និង​បង់​រំលស់​។ ខុន​ដូ​នេះ មាន​ជាង​២០០​យូ​នី​ត ដែល​ក្នុង​១​យូ​នី​ត​មានតម្លៃ​ចាប់ពី​២​ម៉ឺន​ដុល្លារ​ឡើងទៅ តាម​ប្រភេទ​និង​ទំហំ​៕ ល​