វិនិយោគិន​ចិន បណ្តាក់ទុន​១៩០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​និង​ទេសចរណ៍ នៅ​តំបន់​តារា​សាគរ​

302

​ដោយ​: សុផល / ភ្នំពេញ​: អ្នក​វិយោគ​ទុន​ចិន បាន​បណ្តាក់ទុន ប្រមាណ​១៩០០​លាន​ដុល្លារ​អាមេរិក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​និង​វិស័យ​ទេស​ចេ​ណ៍​នៅក្នុង​តំបន់​សេដ្ឋកិច្ច​តារា​សាគរ ខេត្តកោះកុង​។​

​កញ្ញា លីន វ៉ាង (Lin Wang )​នាយក​ទីផ្សារ​ក្រុមហ៊ុន Union Group បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​បង្ហាញ​គម្រោង​ទៅដល់​វិនិយោគិន​ចិន​កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ ថា​៖​នៅថ្ងៃនេះ​យើង​ប្រកាស​បើក​បង្ហាញ​គម្រោង​ចំនួន​បី​នៅក្នុង​តំបន់​តារា​សាគរ គឺ​ទីមួយ​គម្រោង​វិនិយោគ ទី​ពីរ​សាងសង់​ខ្លួនឯង និង​ទី​បី ទិញ​ផលិតផល​សម្រេច​។​

​កញ្ញា​បាន​បន្តថា គម្រោង​នេះ​បាន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ចំនួន ១៥​ពាន់​លាន​ដុល្លារ​រួច​ម្តង​ហើយ​។ នៅ​ឆ្នាំ​២០១៩​នេះ យើង​មាន​គម្រោង​បន្ថែម ១៩០០​លាន​ដុល្លារ​ទៀត​។ ក្នុង​គម្រោង​នេះ​មានការ​សាសង់​ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ​ទេសចរណ៍ ទីលាន​វាយ​កូន​ហ្គោល និង​តំបន់​ទេសចរណ៍​មាត់សមុទ្រ​ជាច្រើន​កន្លែង​ទៀត​។ គម្រោង​ដែល​ស្ថិតនៅក្នុង​តំបន់​តារា​សាគរ​នេះ​មាន​ទំហំ​ដី ៣​ម៉ឺន​៦​ពាន់​ហិតា ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​បុរី​សាគរ ខេត្តកោះកុង ចម្ងាយ​ពី​ភ្នំពេញ ២៦០​គីឡូម៉ែត្រ ៥០​គីឡូ​ពី​កំពង់សោម​តាមផ្លូវ​ទឹក​។

​កញ្ញា​បាន​បន្ថែមថា​ផលិតផល​ដាក់​បង្ហាញ​នាពេលនេះ គឺ​ទីក្រុង​ធី​មី​(TEMI)​មាន​ផ្ទៃដី​ជាង ៥​គីឡូម៉ែត្រ ស្ថិតនៅ​ចំ​បេះដូង​នៃ​តំបន់​តារា​សាគរ​ទាំងមូល មាន​លក្ខណៈ​ជា​វីឡា​រី​សត​ជាង ១០០០​វីឡា អូប័រ​ទេសចរណ៍​ទូក​កំសាន្ត ប្រហែល ។ ទាក់ទង​នឹង​វីឡា​រី​សត អតិថិជន​អាច​ទិញ​ដី​វិនិយោគ​ខ្លួនឯង និង​ទិ​គ​ផលិតផល​សម្រេច​ដែល​សាងសង់​រួច​។​

​គម្រោង​ដែល​វិនិយោគ​១៩០០​លាន​ដុល្លារ​គ្របដណ្តប់​លើ​ផ្ទៃដី​២៥​គីឡូម៉ែត្រ​បួន​ជ្រុង​។​គម្រោង​នេះ​មាន​រយៈពេល​១០​ឆ្នាំ​នឹង​សាងសង់​រួច ហើយ​នៅពេល​សាងសង់​រួច​ទីក្រុង​នេះ​នឹង​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ ៣០​ម៉ឺន​នាក់​។​បច្ចុប្បន្ន​ទីក្រុង​នេះ​កំពុង​សាងសង់ ដែល​នឹង​ចេញ​ជា​រូបរាង​ជា​ផ្ទះ​គំរូ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែក្រោយ​នេះ​។​

​កញ្ញា​បញ្ជាក់ថា​៖ គោលដៅ​នៃ​គម្រោង​នេះ ទទួល​ស្វាគមន៍​គ្រប់​ពូជសាសន៍​ទាំងអស់​មិនមែន​ថា​ចិន ឬ​ខ្មែរ​ទេ​គឺ​ផ្តល់ឱ្យ​គ្រប់​ជាតិ​សាសន៍​លើ​ពិភពលោក​អាច​ទិញ​បាន​ដូចគ្នា​មាន​លក្ខណៈ​ជា​វីឡា វិនិយោគ ឬ​ទិញ​ដី​សម្រាប់​ការសាងសង់​ខ្លួនឯង​ក៏បាន​ដែរ​មាន​បី​ជម្រើស​”​។

​ជាមួយគ្នា​នោះដែរ នាយក​ទីផ្សា​រូបនេះ​ក៏បាន​លើកឡើងថា ការសម្រេចចិត្ត​ចូលមក​វិនិយោគ​នេះ​ដោយ​មើលឃើញ​ពី​សេដ្ឋកិច្ចកម្ពុជា​រក្សា​កំណើន ៧​ភាគរយ​ប្រចាំឆ្នាំ​។ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជាប់ៗ​គ្នា​នេះ​ក្នុង​រយៈពេល​១០​ឆ្នាំនេះ គ្មាន​ប្រទេស​ណា​រក្សា​ទិន្ន័យ​នេះ​បាន ដែល​ធ្វើឱ្យ​លោកស្រី​មានការ​ចាប់អារម្មណ៍ ចូលមក​វិនិយោគ​ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​កាន់តែខ្លាំង​។​

​ទីក្រុង TEMI នេះ ជា​ផ្នែក​មួយ​របស់​តារា​សាគរ ហើយ​រំពឹងថា នឹង​សម្រេចបាន​ទៅតាម​ដំណាក់ កាល​។ គម្រោង​ដា​រា​សាគរ​នេះ​ក៏មាន​កោះ​ចំនួន​បួន ហើយ​ថ្ងៃក្រោយ​នឹង​វិនិយោគ​តំបន់​ទេសចរណ៍​ដែន​កោះ​ដូចគ្នា​ដែរ មានដូចជា កោះ​ម្នាស់ កោះ​ដំឡូង កោះ​ស្មាច់ នៅជាប់ៗ​គ្នា ដែល​នឹង​ជួយ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​ប្រទេស​ចូលមក​កំសាន្ត​នៅ​កម្ពុជា​។​

​គួរ​ជម្រាប​ថា​៖​គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​ដែល​ស្ថិតនៅ​ខេត្តកោះកុង វិនិយោគ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ដោយ​វិនិយោគិន​ចិន​និង​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នោះ​។​ ​គម្រោង​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ពិភពលោក ដោយសារតែ​ធនធានធម្មជាតិ​បរិស្ថាន​ស្រស់បំព្រង ឆ្នេរ​ខ្សាច់​ស្អាត ជីវចម្រុះ​បាតសមុទ្រ ព្រៃកោងកាង ។​គម្រោង​នេះ​គ្របដណ្តប់​ផ្ទៃដី ២០០ ហិកតា ជាមួយនឹង​ការបែងចែក​ជា ៨ ផ្នែក​រួមមាន តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា វិថី​ទស្សនីយភាព​ពាណិជ្ជកម្ម អា​ផាត​មើលឃើញ​សមុទ្រ វីឡា​ភ្នំ តំបន់​ស្នូល​ទេសចរណ៍ កំពង់ផែ​នាវា​និង​បណ្តុំ​សណ្ឋាគារ​។ បន្ថែម​ទៅលើ​នេះ​ទៀត ក៏​រួមមាន​តំបន់​រមណីយដ្ឋាន​ព្រៃកោងកាង ទីធ្លា​វាយ​កូន​ហ្គោល​លើ​ភ្នំ រមណីយដ្ឋាន​ពាណិជ្ជកម្ម និង​ព្រលានយន្តហោះ​៕ ល​