វិនិយោគ​គិ​ន​ជប៉ុន​បោះទុន​១៨​លាន​ដុល្លារ​សាងសង់​ខុន​ដូ​កំពស់​២៦​ជាន់​

1002
ចែករម្លែក
វិនិយោគ​គិ​ន​ជប៉ុន បោះទុន​១៨​លាន​ដុល្លារ សាងសង់​ខុន​ដូ​កំពស់​២៩​ជាន់ នៅ​តំបន់​បឹង​កេងកង​សម្រាប់​ការ​ស្នាក់នៅ និង​ធ្វើជា​ការិយាល័យ​ជួល (​រូប​: សុផល​)

ដោយ​: សុផល / ភ្នំពេញ​: អ្នកវិនិយោគទុន​វិស័យ​អចលនទ្រព្យ​ជប៉ុន បាន​បណ្តាក់ទុន​ប្រមាណ​១៨​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ខុន​ដូ កម្ពស់​២៦​ជាន់ នៅ​ផ្លូវ​៣៣៤ សង្កាត់​បឹង​កេងកង​១ ដែលជា​តំបន់​មាន​តម្រូវ​ការជួល​ខ្ពស់​។ ខុន​ដូ​នេះ កំពុង​ចាប់ផ្តើម​សាងសង់​ដំណាក់កាល​ដំបូង គឺ​បុកគ្រឹះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០​។​

​លោក រី​យ៉ូ អា​ម៉ា​សាវ៉ា (Ryo Amasawa) អ្នកគ្រប់គ្រង​គម្រោង​ខុន​ដូ​ឡា​ត្រេ​ត (L’attrait) បាន​មានប្រសាសន៍ថា ក្រុមហ៊ុន L’attrait Property Development Inc បាន​បោះទុន​១៨​លាន​ដុល្លារ សម្រាប់​សាងសង់​ខុន​ដូ កំពស់​២៦​ជាន់ ក្នុង​តំបន់​បឹង​កេងកង​១ សម្រាប់​ការ​ស្នាក់នៅ​និង​ធ្វើជា​ការិយាល័យ​ជួល ដែលជា​ផ្តោត​សំខាន់​លើ​ភ្ញៀវ​ជា​ជនជាតិ​បរទេស ដែល​មក​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវការ​កន្លែង​ស្នាក់នៅ​លំដាប់​ស្ដង់ដារ និង​ផាសុខភាព​។ គម្រោង​ខុន​ដូ​ឡា​ត្រេ​ត​ជា​គម្រោង​ខុន​ដូ​១៤៩​បន្ទប់ ដែល​នៅ​ស្ថិតនៅ​ចំ​កណ្តាល​សង្កាត់​បឹង​កេងកង​១ នឹងត្រូវ​បញ្ចប់​ការសាងសង់​តាម​ពេល​កំណត់​នៅ​ឆ្នាំ​២០២០​។ គម្រោង​ចំនួន ៤០​ភាគរយ ត្រូវបាន​លក់ដាច់​ហើយ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​សាងសង់ ដែលមាន​ការ​រចនា​បែប​ជប៉ុន​ដ៏​សក្ដិសម និង​មាន​បំពាក់​គ្រឿងសង្ហារិម​គ្រប់គ្រាន់​នេះ នឹង​បំពេញតម្រូវការ​សម្រាប់​អ្នក​ដែល​ចង់បាន​អគារ​ខុន​ដូ ដែលមាន​គុណភាព​ខ្ពស់​នៅក្នុង​ទីផ្សារ​។​

​ចំពោះ​តម្លៃ​វិញ លោក អា​ម៉ា​សាវ៉ា បានឱ្យដឹងថា ក្នុង​មួយ​យូ​នី​ត ប្រមាណ​ជិត​៩​ម៉ឺន​ដុល្លារ ដែល​នេះ​ជា​តម្លៃថោក​ជាងគេ​បំផុត នៅក្នុង​តំបន់​បឹង​កេងកង​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង L’Attrait BoeungKeng Kang នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ បាន​លើកឡើងថា វិនិយោគទុន​ជប៉ុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ ក្រៅពី​វិនិយោគ​លើ​ទីផ្សារ​ខុន​ដូ ក្រុមហ៊ុន​ជប៉ុន​ក៏បាន​វិនិយោគ​ក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត​ផងដែរ ដូចជា វិស័យ​សុខាភិបាល អប់រំ និង​ផ្សារ​ទំនើប និង​សណ្ឋាគារ​ជាដើម​៕

#