វិនិយោគ​ជាង​៣៦​លាន​ដុល្លារ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា បើក​ដំណើរការ​ជា​ផ្លូវការ​ ដើម្បី​បណ្តុះ​ធនធានមនុស្ស​

720
ចែករម្លែក

ដោយ:សុផល​/ភ្នំពេញ ៖ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​(AIB) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​ថ្មី​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​១៣៩៧ មហាវិថី​មិត្តភាព ភ្នំពេញ​-​ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​លោក អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​(​រូបៈ​សុផល​)

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ចំណាយពេល​សាងសង់​ជាង​២​ឆ្នាំ​ជាមួយ​ទុនវិនិយោគ​ជាង​៣៦​លាន​ដុល្លារ​អាមេរិក​និង​សាងសង់​លើ​ផ្ទៃដី​៧,៥​ហិកតា​។​វិទ្យាស្ថាន​ដែល​អាច​ទទួល​និស្សិត​ជាង​៧០០០​នាក់ មាន​ផ្តល់នូវ​សេវាកម្ម​អប់រំ​កម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ការបណ្តុះបណ្តាល​ជំនាញ​ហិរញ្ញវត្ថុ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដល់​និស្សិត​-​សិក្ខាកាម​ជាតិ និង​អន្តរជាតិ​។​

​វិទ្យាស្ថាន​នេះ នឹង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា ឱ្យ​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​បម្រើ​នៃ​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។​ ​

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កី​ទ្បា និង​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា មានប្រសាសន៍ថា​៖ធនាគារ អេស៊ីលីដា​ភីអិលស៊ី បាន​បោះទុន វិនិយោគ​លើ​វិស័យ​អប់រំ ដោយ​សាងសង់​អគារ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ក្នុង​គោលបំណង​បំពេញតម្រូវការ​ចាំបាច់​នៃ​កំណើន​សិស្ស​និស្សិត​និង​សិក្ខាកាម ជាការ​រួមចំណែក​នៅក្នុង​វិស័យ​អប់រំ ចែករំលែក​នូវ​បទពិសោធន៍​ជោគជ័យ ចំណេះ​ជំនាញ សីលធម៌ និង​ពង្រឹងគុណភាព​អប់រំ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​បណ្ឌិត​បានបញ្ជាក់​ថា​ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា ត្រូវបាន​សាងសង់ឡើង​ស្របតាម​ស្តង់ដា​អន្តរជាតិ មាន​លក្ខណៈ​ទំនើប ស្រស់ស្អាត និង​ត្រូវបាន​គូស​ប្លង់​ដោយ​ក្រុមហ៊ុន HSNK របស់​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ស្ថាបត្យករ​ល្បីល្បាញ លំដាប់ថ្នាក់ អន្តរជាតិ ។ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា សាងសង់​ដោយ​ក្រុមហ៊ុន (Main Contractor) គឺ​ក្រុមហ៊ុន PISNOKA ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​សាងសង់ ចំនួន​៤ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសង្ហារិម​និង​សម្ភារ​ការិយាល័យ និង​អគ្គិសនី​ចំនួន​១៧ ទៀត ។ សរុប​រួមមាន ២២​ក្រុមហ៊ុន ទាំង​ក្នុងស្រុក​និង​បរទេស ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់ ៦០០​ថ្ងៃ​និង​ថវិកា​ចំនួន​៣៦.៧២៦.៨៨៨​ដុល្លារ​អាមេរិក​(​រួមទាំង​តម្លៃ​ដី​)​។ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា បំពាក់​ទៅដោយ​ឧបករណ៍​សម្ភារ​ការិយាល័យ លិ​ក្ខូ​បក​រណ៍​តាម​បន្ទប់រៀន​ទំនើប និង​ទាន់សម័យ ព្រមទាំង​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ ការ​សន្សំសំចៃ​ថាមពល​ប្រើប្រាស់ ការបង្ការ​អគ្គិភ័យ បណ្តាញ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ហើយ​និង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិជ្ជា​ព័ត៌មាន​គ្រប់​អគារ​ទាំងអស់​។ អគារ​ទាំងនេះ​សង់​លើ​ផ្ទៃដី​ទំហំ ៧៥,៧៥០​ម​២ ដែល​រួមមាន​អគារសិក្សា ២​កម្ពស់ ៥​ជាន់ មាន​បន្ទប់រៀន ចំនួន​៨ បន្ទប់ ដែល​អាច​ទទួល​និស្សិត​បាន​ពី ៦.០០០-៧.០០០​នាក់ (​សរុប​៣​វេន​សិក្សា​) អគារ​រដ្ឋបាល​១​កម្ពស់​៣​ជាន់ ដែល​នៅក្នុង​អគារ​នោះ​មាន​អាហារ​ដ្ឋា​ន​១​កន្លែង បណ្ណាល័យ​១ កម្ពស់​៣​ជាន់ អន្តេវាសិកដ្ឋាន​១ កម្ពស់​៤​ជាន់ មាន​៤៧​បន្ទប់ ដែល​អាច​ទទួល​និស្សិត​ស្នាក់នៅ​សរុប​ចំនួន ១៣៧​នាក់ ទីធ្លា សម្រាប់​ចត​យានយន្ត​ធំ​ទូលាយ ទីលាន​បាល់ទាត់ ទំហំ ៨.០៨៨ ម​២ បាល់បោះ និង​បាល់ទះ ទំហំ ១.៤៣៨ ម​២​។

​ទាក់ទង​នឹង​ប្រវត្តិ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា លោកនាយក​វិទ្យាស្ថាន ផុន ណារិន បានឱ្យដឹងថា​៖​ទម្រាំ​បាន​វិទ្យាស្ថាន​នេះ មានការ​វិវឌ្ឍន៍​ច្រើន​ដំណាក់កាល​។ ដំបូង​ឡើយ ធនាគារ អេស៊ីលីដា បាន​បង្កើត​ផ្នែក​ហ្វឹកហ្វឺន និង​បាន​កម្លា​យ​ខ្លួន​ជា នាយកដ្ឋាន​ហ្វឹកហ្វឺន នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០០៩ ។ បន្ទាប់មក នាយកដ្ឋាន​ហ្វឹកហ្វឺន បាន​ក្លាយជា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា​-​អាស៊ាន ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១០​ដោយ​ប្រតិបត្តិការ​ដាច់ដោយឡែក​ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ ទទួលខុសត្រូវ​ពេញលេញ​លើ​កិច្ចការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស របស់​ធនាគារ និង​សិក្ខាកាម​សាធារណៈ ទាំង​ក្នុង និង​ក្រៅប្រទេស ។ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១១ មជ្ឈមណ្ឌល​បណ្តុះបណ្តាល មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា​-​អាស៊ាន បានទទួល​អាជ្ញាប័ណ្ណ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឯកជន និង​ជា​បុត្រ​សម្ព័ន្ធ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជិកា​ពាណិជ្ជកម្ម នៅ​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សហគ្រាស​ឯកបុគ្គល​ទទួលខុស​ត្រូវមាន​ក​ម្រិ​ត ដែលមាន​នាម​ករ​ណ៍​ក្រុមហ៊ុន​ថា “​អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ​” ត្រូវបាន​ទទួលស្គាល់ ជា​នីតិបុគ្គល​ពេញលក្ខណៈ​ច្បាប់​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១១ ក្រោម​អត្តលេខ​ចុះបញ្ជី​ពាណិជ្ជកម្ម​លេ​ខៈ​Co.១៣៣២KH/២០១១​។​អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ បាន​កម្លា​យ​ខ្លួន​ជា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែលមាន​ឈ្មោះថា វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ តាមរយៈ​អនុ​ក្រឹ​ត​លេ​ខៈ ១៣​អនក្រ​.​បក សម្រាប់​ការបណ្តុះបណ្តាល​កម្រិត​ឧ​ត្ត​មសិ​ក្សា ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។​

បណ្ឌិត ផុន ណារិន មានប្រសាសន៍​បន្តទៀត​ថា ដោយសារតែ​សក្តានុពល​នៃ វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា កំណើន​សិក្ខាកាម ទាំង​ក្នុង និង​ក្រៅប្រទេស​។​សិក្ខាកាម​ខាងក្នុង​ប្រទេស​មាន​ចំនួន ៣០៥​នាក់ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០០៩ កើន​ដល់​៦.៤៧៥​នាក់ មកពី​២៤៥​ស្ថាប័ន គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​សិក្ខាកាម​ខាងក្រៅ​ប្រទេស​មាន​ចំនួន ២៩៨​នាក់ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៩ កើន​ដល់​ចំនួន​១.៨៧៧​នាក់ មកពី​១៤២​ស្ថាប័ន ៣០​ប្រទេស គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​សម្រាប់​ការបណ្តុះបណ្តាល​កម្រិត​ឧ​ត្ត​មសិ​ក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្ររង វិទ្យាស្ថាន​បាន​បើក​បវេសនកាល លើ​មុខជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ​បាន​ចំនួន​៣​ជំនាន់ គឺ​បវេសនកាល​ឆ្នាំ​២០១៦ ២០១៧ និង​២០១៨ ដែលមាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន ៩០៨​នាក់ ក្នុងនោះ​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​មាន​ចំនួន ៦១៤​នាក់ បរិញ្ញាបត្ររង​ចំនួន ១៩១​នាក់ និង​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ​មាន​ចំនួន ១០៣​នាក់​។​ក្រៅពី​កំណើន​សិក្ខាកាម និង​និស្សិត​ខាងលើនេះ ចំនួន​វគ្គ​ហ្វឹកហ្វឺន​ផ្ទៃក្នុង ធនាគារ អេស៊ីលីដា មាន ចំនួន​២.៦៦៤​វគ្គ កម្មករនិយោជិត​ចូលរួម​ចំនួន ៣៧.៣៧៩​នាក់ គិត​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០០៩​កើន​ដល់​ចំនួន ៥១.៧៩៦​វគ្គ កម្មករនិយោជិត​ចូលរួម​ចំនួន ៥៦១.២៥៤​នាក់ គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​កម្មករនិយោជិត​មាន​ចំនួន ៣៤​នាក់ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៩ កើន​ដល់​ចំនួន ១២៧​នាក់ គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា អគ្គបណ្ឌិតសភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា​ ក្នុងនាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់ សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ឯកឧត្ដម លោកជំទាវ លោក លោ​ស្រី ជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ដែល​សម្រេចបាន​ដោយ​ជោគជ័យ​នូវ ការស្ថាបនា វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា នេះ​ឡើង ។ វិទ្យាស្ថាន​នេះ​ត្រូវ បានរៀបចំ​ឡើង​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកប ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ក្រសួង​អប់រំ​,​យុវជន​និង​កីឡា ជា​អាណាព្យាបាល​ផ្ទាល់​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​ ជាការ​ពិត​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ដែល​សម្រេចបាន​ក្នុង​វិស័យ​អប់រំ និង ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមែន​កើតឡើង ដោយ​ចៃដន្យ​នោះទេ ពោលគឺ​បាន​ស្តែង​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ជាមួយនឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ រវាង​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ក្នុងការ​អនុវត្ត​គោលនយោបាយ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍ និង កសាង​ធនធានមនុស្ស​។

ដូច្នេះ ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា នាពេលនេះ គឺជា​សក្ខីកម្ម​ថ្មី​មួយទៀត ដែល​ឆ្លុះបញ្ចាំង​ពី​ការចូលរួមចំណែក របស់​វិស័យ​ឯកជន ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ប្រកបដោយ​គុណភាព​ខ្ពស់ ជាពិសេស នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង ធនាគារ​។​

​លោក​អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍​បន្តទៀត​ថា ទន្ទឹមនេះដែរ លោក​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកសាង វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ស្របតាម​បទដ្ឋាន​អន្តរជាតិ ដូច​សាកលវិទ្យាល័យ​នានា​នៅតាម​បណ្តា​ប្រទេស ក្នុង​តំបន់​មួយចំនួន ដោយមាន​ជា​អគារសិក្សា​ទំនើប និង ប្រណិត​, បន្ទប់​សិក្សា​បំពាក់​ដោយ ឧបករណ៍​គ្រប់គ្រាន់​, មាន​បណ្ណាល័យ​ធំ​ទូលាយ និង ទំនើប​ទាន់សម័យ​, ទីធ្លា​វិទ្យាស្ថាន​មាន​លក្ខណៈ​ធំ​ទូលាយ​, មាន​សួនច្បារ​, ទីលាន​បាល់ទាត់​, បាល់បោះ និង​បាល់ទះ ។ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា អាច​ត្រូវបាន​ចាត់ទុកថា ជា​មជ្ឈមណ្ឌល សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង កីឡា​និង​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស និស្សិត និង​សិក្ខាកាម ទាំង​ក្នុង និង​ក្រៅប្រទេស​សម្រាប់​បន្ត​ការសិក្សា​ដើម្បី​ទទួលបាន​ចំណេះ​ជំនាញ​និង​បទពិសោធ​ការងារ​ច្បាស់លាស់​។​

ឆ្លៀតឱកាស​នេះ លោក​សូម​សំដែង​ការអបអរសាទរ និង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមប្រឹក្សាភិបាល ថ្នាក់​-​ដឹកនាំ និង​បុគ្គលិក នៃ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា និង​សូម​លើកទឹកចិត្ត ដល់​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់ សូម​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស ពោលគឺ​ការបណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ ផ្នែក​ហិរញ្ញវត្ថុ និង ធនាគារ ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​គាំទ្រ​ការរីកចម្រើន នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕B/ល