វិបត្តិ​តួ​ក​គី ធ្វើអោយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ជួប​ទំនាក់ទំនង​ជូរចត់​ជាមួយ​អាមេរិក​

4571
ចែករម្លែក

វិបត្តិទំនាក់ទំនងអាមេរិក-តួកគី ដែលបានដាក់សេដ្ឋកិច្ចតួកគីក្រោមសម្ពាធដ៏ធំ ក៏ប្រឈមនឹងការបង្កទំនាក់ទំនងយោធាដ៏ជូរចត់រវាងសម្ពន្ធមិត្តអង្គការណាតូពីរ ដែលមុខជាបង្កផលវិបាកភូមិសាស្រ្តនយោបាយក្នុងកំរិតណាមួយ។

ប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនបានប្រកាសពន្ធថ្មីលើដែកថែបនិងអាលុយមីញ៉ូមរបស់តួកគី ដោយធ្វើអោយរូបិយបណ្ណរបស់ប្រទេសនេះធ្លាក់ថ្លៃភ្លាមៗ ដោយសារតែការខកចិត្តរបស់លោកជាមួយនឹងការឃុំខ្លួនគ្រូសាសនាអាមេរិកម្នាក់ដោយអាជ្ញាធរតួកគី។

បន្ទាប់មកនៅថ្ងៃសុក្រ ប្រធានាធិបតីតួកគីលោករេសេប តាយយីប អឺដូហ្កាន បានសរសេរនៅក្នុងកាសែតThe New York Timesថា ដរាបណារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន”មិនអាចទាញត្រឡប់និន្នាការឯតោភាគីនិយមនិងការមិនគោរពនេះទេ” តួកគីនឹងចាប់ផ្តើមសម្លឹងរកមិត្តនិងសម្ពន្ធមិត្តថ្មី”។

ការព្រមាននេះកើតឡើងក្រោយពីលោកអឺដូហ្កានបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងវិបត្តិនៅស៊ីរី។

ទំនាក់ទំនងយោធារវាងតួកគីនិងអាមេរិក មានបញ្ហាជាមួយគ្នាស្រាប់ទៅហើយដោយសារតែអាមេរិកគាំទ្រពួកយុទ្ធជនឃឺតស៊ីរីដែលគេស្គាល់ថាពួកYPGដែលរដ្ឋាភិបាលក្រុងអង់ការ៉ា មើលឃើញថាជាឈ្នាន់មួយរបស់គណបក្សកម្មករឃឺត(PKK)និងជាក្រុម”ភេរវកម្ម” មួយនោះ។

ភាពតានតឹងកាន់តែត្រូវបានរំលេចឡើងថែមទៀតបន្ទាប់ពីតួកគី ទោះជាសម្ពន្ធមិត្តអង្គការណាតូ បានព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាសទំនើប S-400 របស់រុស្ស៊ី។ទង្វើដូច្នេះជាការផ្គើននឹងទណ្ឌកម្មអាមេរិកលើរុស្ស៊ី និងវាបង្ហាញទំនាក់ទំនងកាន់តែជិតស្និទ្ធឡើងជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដែលជាការផ្តល់សញ្ញាព្រមានមួយដល់សហភាពអឺរ៉ុបនិងអាមេរិក។

ត្រាំ កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើច្បាប់ការពារជាតិមួយដែលហាមប្រាមការប្រគល់យន្តហោះទំនើបស៊េរីចុងក្រោយF-35 Joint Strike Fighterទៅតួកគី ប្រសិនបើរដ្ឋាភិបាលក្រុងអង់ការ៉ានៅតែចចេសទិញS-400ពីរុស្ស៊ី។

ឧត្តមសេនីយ៍ចូលនិវត្តន៍អាមេរិកលោក ជេមស៍ ស្តាវរីឌីស អតីតមេបញ្ជាការអង្គការណាតូ បានទទូចអោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងអង់ការ៉ាខិតខំធ្វើអោយទំនាក់ទំនងល្អប្រសើរឡើងវិញព្រោះ”ការបាត់បង់តួកគីនឹងជាកំហុសឆ្គងភូមិសាស្រ្តនយោបាយមួយ។សង្ឃឹមថាយើងអាចទាញវាត្រឡប់មកវិញតែតួកគីគួរធ្វើមុននៅដំណាក់កាលនេះ”។

ពួកអ្នកជំនាញការសម្លឹងទៅរក(អ៊ិនសៀលិក)Incirlik ដែលជាមូលដ្ឋានទ័ពអាកាសមួយរបស់តួកគីនៅចម្ងាយតែ៧០គីឡូម៉ែត្រពីព្រំដែនស៊ីរី។មូលដ្ឋាននេះធ្លាប់ដើរជាកូនអុកក្នុងអំឡុងពេលឡើងចុះរាប់ទសវត្សរ៍នៅក្នុងទំនាក់ទំនងអាមេរិក-តួកគី។

ទីតាំងរបស់Incirlikចំពោះមជ្ឈិមបូព៌ា ធ្វើអោយវាក្លាយជាទ្រព្យយុទ្ធសាស្រ្តដ៏សំខាន់មួយសំរាប់យោធាអាមេរិកនិងអង្គការណាតូ ហើយអាមេរិករហូតដល់ពេលថ្មីៗបានបង្ហោះយន្តហោះទម្លាក់គ្រាប់បែកចេញពីទីនោះពេលខ្លួនជាប់ប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់និងស៊ីរី។

ដោយឡែក ទីតាំងនេះក៏ត្រូវគេគិតថាជាឃ្លាំងក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកចំនួនប្រមាណ៥០គ្រាប់ផងដែរ។អាមេរិកក៏ផ្តល់អោយតួកគីនូវព័ត៌មានចារកម្មនិងព័ត៌មានស៊ើបការដោយដ្រូននៅលើព្រំដែនរបស់ខ្លួននិងជួយក្រុងអង់ការ៉ាអោយតាមដាន PKK។

កាលពីឆ្នាំមុន បេក្ខជនប្រឆាំងដ៏សំខាន់ម្នាក់ក្នុងការបោះឆ្នោតនៅតួកគី បានគំរាមបិទមូលដ្ឋានIncirlikបើអាមេរិកមិនធ្វើបត្យាប័នលោក ហ្វេធូឡា ហ្គូឡេន គ្រូសាសនា​អ៊ីស្លាមនិរទេសខ្លួនដែលរដ្ឋាភិបាលក្រុងអង់ការ៉ា បន្ទោសចំពោះរដ្ឋប្រហារមិនបានសំរេចកាលពីឆ្នាំ២០១៦។ក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ បញ្ជាការនៅមូលដ្ឋាននេះត្រូវបានចាប់ខ្លួនចំពោះការសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងផែនការក្បត់។

ពួកមេធាវីតួកគីក៏បានប្តឹងសុំអោយចាប់ខ្លួនទាហានអាមេរិកនៅ Incirlik ចំពោះការសង្ស័យដូចគ្នា។

ភាគីទាំងពីរប្រឈមនឹងការខាតបង់ប្រសិនទំនាក់ទំនងអាមេរិក-តួកគីរលត់រលាយ តែអ្នកជំនាញនិយាយថាវានឹងធ្វើអោយតួកគីរងគ្រោះខ្លាំងជាង។ឧទាហរណ៍ វិបត្តិការទូតជាមួយតួកគីអាចរារាំងកិច្ចព្រមព្រៀងតំលៃ១,៥ពាន់លានដុល្លារដែលរដ្ឋាភិបាលក្រុងអង់ការ៉ាបានធ្វើជាមួយប៉ាគីស្ថានដើម្បីលក់ឧទ្ធម្ភាគចក្រប្រយុទ្ធផលិតនៅតួកគីចំនួន៣០គ្រឿង ដោយសារឧទ្ធម្ភាគចក្រនេះប្រើគ្រឿងផ្សំផលិតនៅអាមេរិក៕ដោយ៖វាសនា