វិបត្តិ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​កំពុង​រីក​រាលដាល​ហួស​តំបន់​ទន្លេមេគង្គ

902
ចែករម្លែក

​បញ្ហា​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​នៅ​តំបន់ត្រីកោណមាស​កំពុង​តែ​រីក​រាលដាល​ហួស​ពី​តំបន់​ទ​ម្លេ​មេគង្គ ជាមួយ​ថ្នាំញៀន​ក្នុង​បរិមាណ​ដ៏​ច្រើន​ត្រូវបាន​រឹបអូស​នៅក្នុង​ប្រទេស​អូស្ត្រាលី ជប៉ុន នូ​វែ​ល​សេ​ឡង់ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។​

​តួលេខ​ដែល​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​ឧសភា​បាន​បង្ហាញថា បណ្តា​ប្រទេស​ក្នុង​តំបន់​ទ​ម្លេ​មេគង្គ​បាន​រឹបអូស​គ្រឿងញៀន​លើស​ចំនួន​គ្រឿងញៀន​ដែល​រឹបអូស​បាន​ក្នុង​ឆ្នាំ ២០១៧ រួចទៅហើយ ត្រឹមតែ​រយៈពេល​ពីរ​បី​ខែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៨ នេះ​។​

​តួលេខ​ទាំងនេះ​ត្រូវបាន​ចេញផ្សាយ​ដោយ​ការិយាល័យ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ (UNODC) នៅពេល​ចាប់ផ្តើម​សន្និសីទ​ប្រឆាំង​គ្រឿងញៀន​រយៈពេល ២ ថ្ងៃ​នៅក្នុង​រដ្ឋធានី​ណៃ​ពិដោរ​ប​ស់មី​យ៉ាន់​ម៉ា​។​

​ចាប់ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៧ ការ​រឹបអូស​ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន​ក្នុង​តំបន់​បាន​កើនឡើង ៩ ដង​គឺ​ពី ៥០ លាន​គ្រាប់​រហូតដល់​ជាង ៤៥០ លាន​គ្រាប់​។​

​នៅ​ចន្លោះ​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦ តម្លៃ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​នៅ​ទូទាំងប្រទេស​ក្នុង​តំបន់ ដូចជា​កម្ពុជា មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី សិង្ហ​បុរី និង ថៃ បាន​ធ្លាក់ចុះ ដោយ​នៅសល់​ត្រឹម ២ ដុល្លារ​ក្នុង​មួយ​គ្រាប់​នៅក្នុង​ប្រទេស​ថៃ និង ២,២០ ដុល្លារ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោក ជេ​រ៉េមី ឌូ​ក្លាស អ្នកតំណាង​ប្រចាំ​តំបន់​របស់ UNODC នៅ​ទីក្រុង​បាងកក​បាន​ប្រាប់​សារព័ត៌មាន The Straits Times ថា “​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់​និង​សក្តានុពល​ត្រូវបាន​គេ​មើលស្រាល​ខ្លាំង​មែនទែន​”​។​

​លោក​បាន​ព្រមាន​ថា “​គ្មាន​នរណាម្នាក់​ដោះស្រាយ​នឹង​តម្រូវការ​នេះ​ទេ ហើយ​វា​កំពុង​កើនឡើង ហើយ​ក្រុម​ឧក្រិដ្ឋកម្ម​ចាត់តាំង​ឆ្លង​ប្រទេស កំពុងតែ​ទាញយក​ប្រយោជន៍​ពី​បរាជ័យ​ជា​យុទ្ធសាស្ត្រ​នេះ និង​កំពុង​ពង្រីក​មុខ​ជំនួញ​របស់​ពួកគេ​ទៅមុខ​”​។​

​យោងតាម​ទីប្រឹក្សា​របស់ UNODC លោក តៅ ជី​ជាំ​ង បានឱ្យដឹងថា មេ​តំ​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ី​ន​បច្ចុប្បន្ន​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មានតម្លៃ ៤០ ពាន់​លាន​ដុល្លារ​នៅលើ​ទីផ្សារ​គ្រឿងញៀន​ក្នុង​តំបន់​។​

​មេ​តំ​ហ្វេ​តា​មីន​អាច​រក​ផលចំណេញ​ច្រើនជាង​អាភៀន​ឆ្ងាយ​ណាស់​។ វា​ត្រូវ​ការជួល​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​វា​កើប​ប្រាក់ចំណេញ​ច្រើន​ដល់​ក្រុម​ឧក្រិដ្ឋកម្ម ដែល​គ្រប់គ្រង​បណ្តាញ​លក់​គ្រឿងញៀន​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​ថៃ​បង្ហាញ​គ្រឿងញៀន​រឹបអូស​បាន នៅ​បាងកក​កាលពី​ថ្ងៃទី ៣ មេសា ២០១៨