វិបត្តិ​ទឹកជំនន់​នៅ​ឥណ្ឌា​កើនឡើង ខណៈដែល​មនុស្ស​៣២៤​នាក់​ស្លាប់​

962
ចែករម្លែក

ក្រុមអាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបណ្តាលឱ្យមានបំណាក់ដីនិងបង្កការជន់លិចភូមិជាច្រើននៅរដ្ឋ Kerala ប្រទេសឥណ្ឌា នោះបានកើនឡើងដល់៣២៤នាក់កាលពីថ្ងៃសុក្រ ស្របពេលមានការព្រមានអំពីអាកាសធាតុអាក្រក់ដែលនឹងកើតឡើង។

ទាហាននិងអ្នកនេសាទរាប់រយនាក់កំពុងធ្វើការជួយសង្គ្រោះជាមួយនឹងការប្រើឧទ្ធម្ភាគចក្រនិងទូកច្រើនគ្រឿងដើម្បីធ្វើការសង្គ្រោះនៅទូទាំងរដ្ឋKerala ភាគខាងត្បូងនៃប្រទេសនេះ។

លោក Pinarayi Vijayan រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋនេះ បាននិយាយថា មានភ្លៀងធ្លាក់ដ៏ខ្លាំងនៅរដ្ឋKerala នៅឆ្នាំនេះ ដែលធ្វើឱ្យរដ្ឋនេះ ប្រឈមនឹងទឹកជំនន់ដ៏អាក្រកបំផុតក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ។

លោក បាននិយាយថា រហូតមកដល់ពេលនេះ មនុស្សចំនួន៣២៤នាក់បានស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងនេះ។

មនុស្សរាប់ពាន់នាក់នៅជាប់នៅតំបន់លិចទឹកខ្លាំងនៅឡើយ និង អគ្គិសនីនិងប្រព័ន្ធទាក់ទងគ្នាបានកាត់ផ្តាច់។ ក្រុមអាជ្ញាធរ​បានធ្វើការព្រមានជាថ្មីអំពីភ្លៀងធ្លាក់ខ្លាំងថែមទៀត។

ក្រុមអាជ្ញាធរបាននិយាយថា រហូតមកដល់ពេនេះ មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ប៉ុន្តែមានមនុស្ស៦.០០០នាក់​ទៀត កំពុងរង់ចាំការជួយសង្គ្រោះនៅឡើយ។

ជំនួយសង្គ្រោះបន្ទាន់មានទឹកស្អាត និងអាហារ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រនិងរថភ្លើងទៅកាន់តំបន់រងគ្រោះនៅក្នុងរដ្ឋKerala៕ដោយ៖សុខា/sn