វិបត្តិ​នយោបាយ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ធ្ងន់ធ្ងរ​! អាមេរិក​មិន​ដក​បុគ្គលិក​ទូត​តាម​បញ្ជា​របស់​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ត្រូវ​បាញ់សម្លាប់​

469
ចែករម្លែក

​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បានប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​និង​បាន​បណ្តេញ​អ្នកការទូត​អាមេរិក​ចេញពី​ប្រទេស​នេះ​ផង​​ក្រោយ​អាមេរិក​ប្រកាស​គាំទ្រ​បក្សប្រឆាំង​ចូលកាន់​អំណាច​តាមផ្លូវ​កាត់​ក្នុងប្រទេស​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ តែ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ឆ្លើយតប​ភ្លាម​ថា អាមេរិក​នឹងមិន​ដក​អ្នកការទូត​ទាំងអស់​របស់ខ្លួន​ចេញពី​វេ​ណេ​ស៊ុយ​អេ​ឡា តាម​បញ្ជា​របស់​ម៉ា​ឌូ​រ៉ូ ឡើយ​។​

​លោក​រដ្ឋមន្ត្រី ម៉ៃ ផ​ម​ផេ​វ បានប្រកាស​ដូច្នេះ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៣​មករា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​អាមេរិក​ប្រកាស​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា លោក​​ហ្ស័​ន ក្វា​យ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ជំនួស​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​ផ​ម​ផេ​វ បាន​និយាយថា អាមេរិក​នឹង​គោរព​តាម​សម្តី​របស់លោក​ក្វា​យ​ដូ​ដែលថា ប្រទេស​នានា​នៅ​រក្សា​បេសកកម្ម​ការទូត​របស់​គេ​នៅក្នុង​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​​នេះ​។​«​អាមេរិក​មិន​ទទួលស្គាល់​អំណាច​របស់​ម៉ា​ឌូ​រ៉ូ និង​ថា​លោក​មិនមាន​សិទ្ធិអំណាច​ស្របច្បាប់​ដើម្បី​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​ទេ​។​អាមេរិក​រក្សា​ទំនាក់​​ទំនង​ការទូត​ជាមួយ​វេ​ណេ​ស៊ុយ​អេ​ឡា ហើយនឹង​ធ្វើការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បណ្តោះអាសន្ន ក្វា​យ​ដូ​»​។​

​ក្នុងពេល​ជាមួយគ្នា សមាជិកសភា​បក្សប្រឆាំង​ដែល​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន (​ក្វា​យ​ដូ​)​បាន​ផ្ញើ​សារ​អរគុណ ប្រធានាធិបតី​ត្រាំ តាងនាម​ប្រជា​​ជន​វេ​ណេ​ស៊ុយ​អេ​ឡា ចំពោះ​ការគាំទ្រ​លោក​ជា​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​បណ្តោះអាសន្ន​។​

​ស្រប​ពេលដែល​បក្សប្រឆាំង​បង្កើន​សម្ទុះ​ដណ្តើម​អំណាច​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ក្រោម​ការគាំទ្រ​ពី​បរទេស មាន​របាយការណ៍​អំពី​ការបង្ក្រាប​របស់​រដ្ឋាភិបាល​របស់លោក​​ម៉ា​ឌូ​រ៉ូ ដែលថា​បាតុករ​ជាច្រើន​នាក់​ត្រូវ​កងកម្លាំងប្រដាប់អាវុធ​បាញ់សម្លាប់​៕ដោយ៖វាសនា

រដ្ឋមន្ត្រីការបរទេស​អាមេរិក​មិន​ស្តាប់​ការបញ្ជា​របស់លោក​ម៉ា​ឌូ​រ៉ូ និង​អះអាងថា អាមេរិក​ធ្វើការ​ទាក់ទង​តែ​ជាមួយ​ប្រធានាធិបតី​បណ្តោះអាសន្ន​