វិបត្តិ​នៅ​វេណេស៊ុយ​អេ​ឡា​៖ អេ​ស្ប៉ាញ​ប្តេជ្ញា​ការពារ​ឥស្សរជន​បក្ស​ប្រឆាំង​នៅ​ស្ថានទូត​

343
ចែករម្លែក

​អេ​ស្ប៉ាញ​បាន​និយាយថា​ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អាជ្ញាធ​រវេ​ណេ​ស៊ុយអេ​ឡា​ចូលក្នុង​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​កា​រ៉ា​កាស ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា និង​ចាប់ខ្លួន​ឥស្សរជន​​បក្សប្រឆាំង​លោក​ឡេ​អូ​ប៉ុល​ដូ ឡូប៉េស​( Leopoldo López) នោះទេ​។​

​លោក​ឡេ​អូ​ប៉ុល​ដូ ឡូប៉េស ឥស្សរជន​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ​នេះ បាន​ស្វែងរក​ការ​ជ្រកកោន​នៅ​ស្ថានទូត​នោះ​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មេសា​បន្ទាប់ពី​បាន​លេខ​មុខ​នៅ​ជាមួយ​​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ហ្ស័ន ក្វាយ​ដូ​( Juan Guaidó )​ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​ការបះបោរ​ដើម្បី​ទម្លាក់​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​(Nicolás Maduro) ប្រធានាធិបតី​​វេ​ណេ​ស៊ុយអេ​ឡា ពី​អំណាច​។​

​ដោយ​និយាយ​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន លោក​ឡេ​អូ​ប៉ុល​ដូ ឡូប៉េស បាន​និយាយថា​”​ចលនា​បះបោរ​ដោយ​កងទ័ព​បន្ថែមទៀត បាន​កំពុង​ធ្វើ​”​។​

​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​បាន​និយាយថា ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ណាមួយ នឹង​ត្រូវ​បរាជ័យ​។​

​មនុស្ស​៤​នាក់ បាន​ស្លាប់​នៅក្នុង​ការ​បះ​ទង្គិច​គ្នា ចាប់តាំងពី​ថ្ងៃ​អង្គារ​មក​។​

​ទាំង​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ និង​លោក​ហ្ស័ន ក្វាយ​ដូ​សុទ្ធតែបាន​អះអាង​ថា​ពួកគេ​មាន​ការគាំទ្រ​ពី​កងទ័ព​និង​បាន​រៀបចំ​ការប្រមូលផ្តុំ​ប្រជែង​គ្នា​នៅ​ទីក្រុង​នេះ​។​

​កាលពី​ខែ​មករា លោក​ហ្ស័ន ក្វាយ​ដូ​បាន​ប្រកាស​ខ្លួនឯង​ថា​ជា​មេដឹកនាំ​បណ្ដោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​ហើយ​លោក​មាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជាង​៥០​ប្រទេស​រួមទាំង​សហរដ្ឋអាមេរិក អង់គ្លេស​និង បណ្តា​ប្រទេស​អាមេរិក​ឡាទីន ភាគច្រើន​។​ប៉ុន្តែ លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​រុស្ស៊ី​និង​ចិន​នេះ​​បាន​បដិសេធ​មិន​ព្រម​ប្រគល់​អំណាច​៕​ដោយ​៖​សុខា​/sn

​​លោក​ឡេ​អូ​ប៉ុល​ដូ ឡូប៉េស​បាន​ស្វែងរក​ការ​ជ្រកកោន​នៅ​ស្ថានទូត​អេ​ស្ប៉ាញ​កាលពី​ថ្ងៃ​អង្គារ​