វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ផុង​ជ្រៅ ខណៈ​មេបក្ស​ប្រឆាំង​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​

405
ចែករម្លែក

វិបត្តិ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​កាលពី​ថ្ងៃ​ពុធ​ទី​២៣​មករា ខណៈដែល​មេដឹកនាំ​ប្រឆាំង​ដែល​គាំទ្រ​ដោយ​រដ្ឋបាល​ត្រាំ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ក្នុងការ​ប្រឈមមុខ​ដោយផ្ទាល់​ទៅនឹង​មេដឹកនាំ​សង្គមនិយម​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​សងសឹក​វិញ​ដោយ​ការផ្ដាច់​ទំនាក់​ទំនងជា​មួយ​សហរដ្ឋអាមេរិក ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់លោក​។​

​សម្រាប់​រយៈពេល​ពី​រស​ប្តា​ហ៍​មកនេះ ចាប់តាំងពី​លោក​ម៉ា​ឌូ​រ៉ូ​បាន​ស្បថ​កាន់តំណែង​សម្រាប់​អាណត្តិ​៦​ឆ្នាំ​លើក​ទី​ពីរ​ដោយ​ប្រឈម​នឹង​ការ​ថ្កោលទោស​ពី​អន្តរជាតិ បក្សប្រឆាំង​ដែល​កំពុង​រឹងប៉ឹង​ឡើងវិញ​បាន​ត្រៀម​រៀបចំ​សម្រាប់​ការធ្វើ​បាតុកម្ម​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃ​ពុធ​គាប់​ជួន​នឹង​ខួប​អនុស្សាវរីយ៍​ដែល​បានបញ្ចប់​របប​ផ្តាច់ការ​យោធា​ចុងក្រោយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​ឆ្នាំ ១៩៥៨​។​

​ខណៈ​លោក​ម៉ា​ឌូ​រ៉ូ​មិន​បង្ហាញ​សញ្ញា​នៃ​ការចុះ​ចេញពី​តំណែង​នោះ គូប្រជែង​សំខាន់​របស់លោក​គឺប្រធាន​សភា​លោក​ហ្វ័​ន ក្វា​យ​ដូ (Juan Guaido) បាន​បង្កើន​ការប្រថុយប្រថាន​ដោយ​ប្រកាសថា​ខ្លួន​គាត់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៅ​ចំពោះមុខ​ហ្វូង​មហា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ដែលជា​មធ្យោបាយ​តែមួយគត់​ដើម្បី​ជួយសង្គ្រោះ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពី “​របប​ផ្តាច់ការ​”​។ នៅ​ខាងក្រៅ​រដ្ឋធានី បាតុករ ៧ នាក់​ត្រូវបាន​សម្លាប់​ចំពេល​មានការ​រំខាន​ក្នុងអំឡុងពេល​ធ្វើបាតុកម្ម ដែល​បានធ្វើឱ្យ​ទីក្រុង​ជាច្រើន​រង្គោះរង្គើ​។​

​នៅក្នុង​ចំណាត់​ការដែល​ហាក់ដូចជា​សម្របសម្រួល​គ្នា​យ៉ាង​ស៊ីសង្វាក់ សហរដ្ឋអាមេរិក​បាន​នាំមុខ​ក្រុម​ប្រទេស​នៅ​អឌ្ឍគោល​ខាងលិច​រួមទាំង​កាណាដា​ប្រេ​ស៊ី​ល​អា​ហ្ស​ង់​ទីន​និង​កូ​ឡុំ​ប៊ី ដើម្បី​ទទួលស្គាល់​លោក​ក្វា​យ​ដូ​ភ្លាមៗ ជាមួយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ អំពាវនាវ​ឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​លាលែង​ពី​តំណែង ហើយ​សន្យាថា​នឹង​ប្រើ “​ទម្ងន់​ពេញលេញ​” នៃ​អំណាច​សេដ្ឋកិច្ច​និង​ការទូត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ជំរុញឱ្យមាន​ការ​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យរ​បស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយ​យ៉ាង​ក្លាហាន​ប្រឆាំងនឹង​ម៉ា​ឌូ​រ៉ូ​និង​របប​របស់គាត់​ហើយ​ទាមទារ​ឱ្យមាន​សេរីភាព​និង​នីតិរដ្ឋ​”​។​

​ចំណាត់ការ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ ដែល​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​ការធ្វើអន្តរាគមន៍​យ៉ាងជ្រៅ​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ទ្វីបអាមេរិក​ឡាទីន​ក្នុងអំឡុង​សង្គ្រាមត្រជាក់ បាន​ទាក់ទាញ​ការរិះគន់​យ៉ាងខ្លាំង​ពី​លោក​ម៉ា​ឌូ​រ៉ូ​។ លោក​បាន​ឆ្លើយតប​ដោយ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​យ៉ាង​ឆាប់រហ័ស​ជាមួយ​សហរដ្ឋអាមេរិក​ដែលជា​អ្នក​នាំចូល​ប្រេង​ដ៏​ធំ​បំផុត​នៃ​អង្គការ OPEC ដោយ​ទុកពេល​ឱ្យ​អ្នកការទូត​អាមេរិក ៧២ ម៉ោង​ដើម្បី​ចាក​ចេញពី​ប្រទេស​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា “​នៅ​ចំពោះមុខ​ប្រជាជន​និង​ជាតិ​សាសន៍​នៅលើ​ពិភពលោក​និង​ក្នុងនាម​ជា​ប្រធានាធិបតី​ស្របតាម​រដ្ឋធម្មនុញ្ញ​…​ខ្ញុំ​បាន​សម្រេចចិត្ត​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​និង​នយោបាយ​ជាមួយ​រដ្ឋាភិបាល​ចក្រពត្តិ​អាមេរិក​”​។ លោក​ម៉ា​ឌូ​រ៉ូ​បានប្រកាស​បែបនេះ​ខណៈ​កាន់​ក្រឹត្យ​មួយ​ហាមឃាត់​អ្នកការទូត​អាមេរិក​នៅ​ចំពោះមុខ​ហ្វូង​បាតុករ​គាំទ្រ​ពាក់អាវ​ក្រហម ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅខាងមុខ​វិមាន​ប្រធានាធិបតី​។​

​ដោយ​លើកឡើង​នូវ​បញ្ជី​ដ៏​វែង​នៃ​រដ្ឋប្រហារ​គាំទ្រ​ដោយ​អាមេរិក​នៅ​ប្រទេស​ក្វា​តេ​ម៉ា​ឡា​ស៊ី​លី​និង​ប្រេ​ស៊ី​ល​កាលពី​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក លោក​បាន​និយាយថា “​កុំ​ជឿទុកចិត្ត​លើ​ពួក​អាមេរិក​។ ពួកគេ​ពុំមាន​មិត្តភក្តិ​ឬ​ភក្ដីភាព​នោះទេ ពួកគេ​មានតែ​ផលប្រយោជន៍​និង​មហិច្ឆតា​ក្នុង​ការយក​ប្រេង​ឧស្ម័ន​និង​មាស​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តែប៉ុណ្ណោះ​”៕ ដោយ៖ កញ្ញាដាលីស

មេបក្ស​ប្រឆាំង​និង​ជា​ប្រធានសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក ហ្វ័​ន ក្វា​យ​ដូ ប្រកាស​ខ្លួន​គាត់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន