វិបត្តិ​យេ​ម៉ែន​៖ អង្គការសហប្រជាជាតិ​យល់ព្រម​បញ្ជូន​ក្រុម​បេសកកម្ម​ឃ្លាំមើល​បទ​ឈប់​បាញ់​

568
ចែករម្លែក

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​យល់ព្រម​ដាក់​បញ្ជូន​អ្នកសង្កេតការណ៍​មួយក្រុម ទៅកាន់​កំពង់ផែ​ក្រុង​Hudaydah ប្រទេស​យេ​ម៉ែន​ដើម្បី​ត្រួត​​ពិនិត្យមើល​បទ​ឈប់​បាញ់​នៅ​ទីនោះ​។​

​បទ​ឈប់​បាញ់​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​មានការ​ព្រមព្រៀងគ្នា​នៅ​ជំនួប​ចរចា​ដែល​ឧបត្ថម្ភ​និង​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ កាលពី​សប្តាហ៍​​មុន​រវាង​គណៈប្រតិភូ​មកពី​រដ្ឋាភិបាល​យេ​ម៉ែន​និង​ក្រុម​ឧទ្ទាម​Houthi ។​

​ប្រទេស​អង់គ្លេស​បានធ្វើ​ការស្នើ​ព្រាង​ទៅ​អង្គការសហប្រជាជាតិ ដែល​វា​ជា​លើកទីមួយ​អំពី​ប្រទេស​យេ​ម៉ែន​អស់​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​។​

​សេចក្តី​ពង្រាង​នេះ ត្រូវបាន​អនុម័ត បន្ទាប់ពី​ការចរចា​ក្នុងអំឡុង​ពេលដែល​សហ​រដ្ឋ​អាមេរិក​បាន​ជំរុញឱ្យមាន​សេចក្តីសម្រេចចិត្ត​នេះ​។​

​ក្រុម​អ្នកសង្កេតការណ៍​របស់​អង្គការសហប្រជាជាតិ​នឹង​ត្រូវបាន​បញ្ជូនទៅ​ឃ្លាំមើល​និង​ជួយ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​សម្រាប់​រយៈពេល​៣០​ថ្ងៃ​ដំបូង​។​

​ទីក្រុង​Hudaydah គឺជា​ទីក្រុង​ធំ​ទី​៤​របស់​ប្រទេស​យេ​ម៉ែន​និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់​នៅមុន​ពេល​ពួក​ឧទ្ទាម​បាន​កាន់កាប់​វា​កាលពី​ចុងឆ្នាំ​២០១៤៕

បទ​ឈប់​បាញ់​នៅ​ទីក្រុង​Hudaydah បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​