វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ៖ មី​យ៉ាន់​ម៉ា ដាក់​គ្រាប់មីន​ការពារ​នៅ​ព្រំដែន នៅពេល​ជនភៀសខ្លួន រត់​ភៀសខ្លួន​

350

​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃ​ពុធ ទី​៦​កញ្ញា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​នៅ​ទីក្រុង​ដា​ក្កា​ដើម្បី​តវ៉ា​ប្រឆាំង​ការ​កប់​គ្រាប់មីន​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​២​នេះ​។​

​ការកោះហៅ​នេះ បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ដោយសារ​មាន​ជនភៀសខ្លួន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ច្រើន​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​អំពី​ហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅ​បង់​ក្លា​ដែ​សបាន​និយាយថា ពួកគេ​ជឿថា​កងទ័ព​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានដាក់​គ្រាប់មីន​ទាំងនោះ ដើម្បី​បញ្ឈប់​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ពី​ការវិល​ត្រឡប់មក​ភូមិ​របស់​ពួកគេ​វិញ​។​

​ប៉ុន្តែ​ប្រភពព័ត៌មាន​ពី​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​និយាយថា មិនមាន​ការដាក់​បង្ក​ប់​គ្រាប់មីន​ទេ​នៅពេល​ថ្មីៗ​នេះ​។​
​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣​នាក់ បាន​រងរបួស ដោយសារ​ការផ្ទុះ​គ្រាប់មីន​នៅ​សប្តាហ៍​នេះ ។ នេះ​បើ​យោងតាម​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​បង់​ក្លា​ដែ​សបាន​ដាក់ពាក្យ​ប្តឹងតវ៉ា​ចំពោះ​ការដាក់​កប់​គ្រាប់មីន​នេះដែរ​ឬទេ​នោះ លោក សា​ហ៊ី​ឌុល ហាក រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស បាន​និយាយថា “​បាទ​…​បានដាក់​ពាក្យ​ប្តឹងតវ៉ា​” ប៉ុន្តែ​មិនបាន​ផ្តល់​សេចក្តីលម្អិត​បន្ថែម​នោះទេ​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា ចំនួន​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​រត់​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស បាន​កើនឡើង​យ៉ាង​លឿន​ចាប់តាំងពី​ថ្ងៃទី​២៥​ខែសីហា​មក​។ អង្គការសហប្រជាជាតិ​បាន​និយាយថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​១៤៦.០០០​នាក់ បាន​រត់គេច​ចេញពី​អំពើហិង្សា​នៅ​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ជម្លោះ​នេះ បាន​បណ្តាលមកពី​ការវាយប្រហារ​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង​របស់​ប៉ូលិស ។ បន្ទាប់ពី​ការវាយប្រហារ​នោះ អំពើហិង្សា​បាន​ផ្ទុះឡើង ដែល​បាន​បណ្តាល​មាន​ជនភៀសខ្លួន​ច្រើន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​៕ ដោយ៖ សុខា

​អង្គការសហប្រជាជាតិ ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​១៤៦.០០០​នាក់ បាន​រត់គេច​ចេញពី​អំពើហិង្សា​នៅ​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា