វិបត្តិ​លី​ប៊ី ៖ នាយករដ្ឋមន្ត្រី ហ្វា​យ៉េ​ស អាល់​សឺ​រ៉ា​ច ថ្កោលទោស​ភាព​ស្ងៀមស្ងាត់​របស់​សម្ព័ន្ធមិត្ត​

237
ចែករម្លែក

​នាយករដ្ឋមន្ត្រី​លី​ប៊ី​ដែល​គាំទ្រ​ដោយ​អ​.​ស​.​ប​បាន​ថ្កោលទោស​ចំពោះ “​ភាព​ស្ងៀមស្ងាត់​” របស់​សម្ព័ន្ធមិត្ត​អន្តរជាតិ​របស់លោក ខណៈដែល​កងកម្លាំង​ប្រឆាំង​កំពុង​រុល​ឆ្ពោះ​មកកាន់​រដ្ឋធានី​ទ្រី​ប៉ូ​លី​។​

​លោក ហ្វា​យ៉េ​ស អាល់​សឺ​រ៉ា​ច (Fayez al-Serraj) កំពុង​ប្រឈមមុខ​នឹង​ការបះបោរ​ដឹកនាំ​ដោយ​មេបញ្ជាការ​ទិស​បូព៌ា​លោក​ខា​លី​ហ្វា ហា​ហ្វ​តា​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា​មនុស្ស​ជាង ២០៥ នាក់​ត្រូវបាន​សម្លាប់ ចាប់តាំងពី​ការប្រយុទ្ធ​បានចាប់ផ្តើម​នៅ​ថ្ងៃទី ៤ ខែមេសា​។​

​ខណៈដែល​អំពើហិង្សា​នៅតែ​បន្ត លោក​សឺ​រ៉ា​ច​បាន​ប្រាប់ BBC ថា​ប្រជាជន​របស់លោក​កំពុង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ពិភពលោក​បោះបង់​ពួកគេ​ចោល​។​

​លោក​បាន​និយាយថា​ការខកខាន​មិនបាន​គាំទ្រ​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​របស់លោក​អាច​នឹង​នាំទៅរក​ផលវិបាក​ផ្សេងៗ ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​កេង​យកចំណេញ​ពី​ស្ថានការណ៍​អស្ថិរភាព​។​

​លោក​បាន​ប្រាប់​លោកស្រី​អ័​រ​ឡា ហ្គូ​រី​ន អ្នករាយការណ៍​របស់ BBC ថា “​សាធារណជន​មានការ​ខកចិត្ត​ចំពោះ​ភាពស្ងាត់ស្ងៀម​របស់​សហ​គម​ន៍​អន្តរជាតិ​”​។

​លោក​បានបង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​អ្វីដែល​លោក​មើលឃើញថា​ជា​ភាព​អសកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​មិនទាន់​ឈានដល់​ការឯកភាព​គ្នា​ស្តីពី​របៀប​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​កើនឡើង​នេះ​។​

​លោក​បាន​និយាយថា “​រុស្ស៊ី​នឹងមិន​ទទួលយក​ការនិយាយ​អំពី​ឈ្មោះ​ហា​ហ្វ​តា​ទេ បើទោះបីជា​មនុស្ស​គ្រប់ៗ​គ្នា​ដឹងថា​គាត់​គឺជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​ក៏ដោយ​”​។​

​ប្រទេស​លី​ប៊ី​ត្រូវបាន​ហែកហួរ​ដោយ​អំពើហិង្សា​និង​អស្ថិរភាព​នយោបាយ​ចាប់តាំងពី​មេដឹកនាំ​ចាស់វស្សា​លោក​ម៉ួ​អា​ម៉ា ហ្គា​ដា​ហ្វី ត្រូវបាន​ទម្លាក់​ពី​អំណាច​និង​សម្លាប់​កាលពី​ឆ្នាំ ២០១១​។​

​វិបត្តិ​ចុងក្រោយ​បំផុត​បានចាប់ផ្តើម​កាល​ពី​បី​សប្តាហ៍​មុន នៅពេល​កងកម្លាំង​ទិស​បូព៌ា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ហា​ហ្វ​តា​បាន​មកដល់​រដ្ឋធានី ក្នុង​អ្វីដែល​លោក​សឺ​រ៉ា​ច​ពណ៌នា​ថា​ជាការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​

​កងកម្លាំង​របស់​ឧ​ត្ត​ម​សេនីយ៍​ហា​ហ្វ​តា​កំពុងធ្វើដំណើរ​ពី​គ្រប់​ទិស​នៅ​ជាយក្រុង​និង​និយាយថា​ពួកគេ​បាន​រឹបអូស​ព្រលានយន្តហោះ​អន្តរជាតិ​របស់​ក្រុង​ទ្រី​ប៉ូ​លី​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​លី​ប៊ី​លោក ហ្វា​យ៉េ​ស អាល់​សឺ​រ៉ា​ច (​ឆ្វេង​) ប្តេជ្ញា​ការពារ​ទីក្រុង​ទ្រី​ប៉ូ​លី​ពី​កងកម្លាំង​របស់លោក​ហា​ហ្វ​តា
#