វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា ៖ ម៉ា​ឌូ​រ៉ូ​បិទ​ព្រំដែន​ជាមួយ​ប្រេ​ស៊ី​ល​

333
ចែករម្លែក
  • 3
    Shares

​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​បានប្រកាសថា​លោក​នឹង​បិទទ្វារ​ព្រំដែន​ជាមួយ​ប្រេ​ស៊ី​ល​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កុម្ភៈ (​ព្រឹក​ថ្ងៃ​សុក្រ​នៅ​កម្ពុជា​) ខណៈដែល​ជម្លោះ​ជុំវិញ​ជំនួយ​មនុស្សធម៌​បរទេស​កំពុង​បន្ត​។​

​មេដឹកនាំ​ឆ្វេងនិយម​ដែល​កំពុង​រង​សម្ពាធ​ជុំ​ទិស​រូបនេះ​បាន​និយាយ​តាម​ទូរទស្សន៍​ថា គាត់​ក៏​កំពុង​ពិចារណា​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​ផងដែរ​ដើម្បី​បញ្ឈប់​ក្រុមប្រឆាំង​កុំឱ្យ​នាំយក​ជំនួយ​ចូល​ស្រុក​។​

​លោក​បាន​បដិសេធថា​គ្មាន​វិបត្តិ​ណាមួយ​កើតឡើង​នោះទេ ហើយ​បាន​ហៅ​ផែនការ​ផ្តល់ជំនួយ​ទាំងនោះ​ថា​ជា​ឆាកល្ខោន​រៀបចំឡើង​ដោយ​សហរដ្ឋអាមេរិក​។​

​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ កំពុង​ដឹកនាំ​ក្បួន​របស់គាត់​ឆ្ពោះទៅកាន់​ព្រំដែន​កូ​ឡុំ​ប៊ី​ពី​រដ្ឋធានី​កា​រ៉ា​កាស​។​

​លោក​ក្វា​យ​ដូ​បានប្រកាស​ខ្លួន​គាត់​ជា​មេដឹកនាំ​បណ្តោះអាសន្ន​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ខែ​មុន​និង​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋ​បរទេស​រាប់សិប​។​

​ការ​វាយតប់​គ្នា​មួយ​ប្រាវ​បាន​ផ្ទុះឡើង​ហើយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ត្រូវបាន​បាញ់​នៅពេលដែល​ក្បួន​រថយន្ដក្រុង​និង​រថយន្ត​តូចៗ​ត្រូវបាន​ឃាត់​ដោយ​កងកម្លាំង​សន្តិសុខ​នៅ​ផ្លូវ​ជិត​តំបន់​ម៉ា​រី​យ៉ា​រ៉ា​ភាគ​ខាងលិច​នៃ​ទីក្រុង​កា​រ៉ា​កាស ប៉ុន្តែ​ក្រោយមក​ពួកគេ​បាន​បន្តដំណើរ​ទៅមុខទៀត​។​

​លោក​ក្វា​យ​ដូ​និង​សម្ព័ន្ធមិត្ត​របស់លោក​ស​ង្ឃឹ​ម​ថា​នឹង​ប្រមូលយក​អាហារ​និង​ឱសថ​ផ្គើន​ទៅនឹង​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​។​

​រហូតមកទល់​ពេលនេះ យោធា​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​រារាំង​បានសម្រេច​នូវ​ការដឹកជញ្ជូន​ជំនួយ​អាមេរិក​ពី​ការឆ្លងកាត់​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី​។​

​ទោះបី​លោក​បដិសេធថា​មិនមាន​វិបត្តិ​មនុស្សធម៌​ក៏ដោយ ក៏ប៉ុន្តែ​លោក​ម៉ា​ឌូ​រ៉ូ​បានប្រកាស​នៅ​សប្តាហ៍​នេះ​ថា​ជំនួយ ៣០០ តោន​នឹងត្រូវ​ដឹកជញ្ជូន​មក​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ពី​ប្រទេស​រុស្ស៊ី​៕ ដោយ៖ កញ្ញាដាលីស

ក្រុមប្រឆាំង​ប៉ះទង្គិច​ជាមួយ​កងសន្តិសុខ​នៅតាម​ផ្លូវ​ឆ្ពោះទៅ​ព្រំដែន​កូ​ឡុំ​ប៊ី