វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ៖ យន្តហោះ​យោធា​រុស្ស៊ី​ចត​នៅក្បែរ​ទីក្រុង​កា​រ៉ា​កាស​

363
ចែករម្លែក
  • 12
    Shares

​យន្តហោះ​យោធា​របស់​រុស្ស៊ី​ពីរ​គ្រឿង​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ដ៏​សំខាន់​មួយ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​មីនា ដែល​តាម​សេចក្តីរាយការណ៍​នានា​បានឱ្យដឹងថា​វា​បាន​ដឹក​កងទ័ព​រាប់សិប​នាក់​និង​សម្ភារៈ​ក្នុង​ចំនួន​ដ៏​ច្រើន​។​

​ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់​រុស្ស៊ី​បាន​រាយការណ៍​ថា យន្តហោះ​រុស្ស៊ី​ត្រូវបាន​បញ្ជូនទៅ “​បំពេញ​កិច្ចសន្យា​យោធា​ផ្នែក​បច្ចេកទេស​”​។​

​លោក​ជេ​វី​យើ ម៉ា​យ៉ូ​កា អ្នកកាសែត​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​សរសេរ​នៅលើ Twitter ថា​លោក​បានឃើញ​ទាហាន​ប្រហែល ១០០ នាក់​និង​គ្រឿង​បរិក្ខារ ៣៥ តោន​ដឹក​ចេញពី​យន្តហោះ​។​

​ការ​ចុះចត​នេះ​កើតឡើង​បី​ខែ បន្ទាប់ពី​ប្រទេស​ទាំងពីរ​បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​។​

​ប្រទេស​រុស្ស៊ី​បាន​ក្លាយជា​សម្ព័ន្ធមិត្តរ​បស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជា​យូរ​មកហើយ​ដោយ​ផ្តល់ប្រាក់​កម្ចី​ដល់​ប្រជាជាតិ​អាម៉េរិក​ខាងត្បូង​មួយ​នេះ​រាប់ពាន់​ដុល្លារ​និង​គាំទ្រ​ឧស្សាហកម្ម​ប្រេង​និង​យោធា​របស់​ប្រទេស​នេះ​។ រុស្ស៊ី​ក៏បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​អាម៉េរិក​ក្នុងការ​ដាក់ទណ្ឌកម្មរ​ដ្ឋា​ភិ​បាល​របស់​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​ផងដែរ​។​

​លោក​ម៉ា​យ៉ូ​កា​បាន​និយាយ​នៅលើ Twitter ថា​យន្ដហោះ​ដឹកជញ្ជូន​របស់​យោធា​រុស្ស៊ី​ធុន Antonov-124 និង​យន្តហោះ​ធុន​តូច​មួយគ្រឿង​ទៀត​បាន​ចុះចត​នៅ​ជិត​ទីក្រុង​កា​រ៉ា​កាស​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក​បាន​និយាយថា ឧ​ត្ត​ម​សេនីយ៍​រុស្ស៊ី​ឈ្មោះ វា​ស៊ី​លី ថូន​កូ​ស​គូ​រ៉ូ​វ បាន​ដឹកនាំ​កងទ័ព​ចេញពី​យន្តហោះ​មួយ​។​

​ចំណងទាក់ទង​រវាង​រុស្ស៊ី​និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ពង្រឹង​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចំពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​អាក្រក់​ទៅ​។ កាលពី​ខែធ្នូ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​ទៅ​ទីនោះ​ជា​ផ្នែក​នៃ​សមយុទ្ធ​យោធា​។​

​រុស្ស៊ី​បាន​ថ្កោលទោស​មហាអំណាច​បរទេស​ដទៃទៀត​សម្រាប់​ការគាំទ្រ​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក​ហ្វ័​ន ក្វា​យ​ដូ ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែមករា​។​

​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​លោក​ក្វា​យ​ដូ​ថា​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូប​លោក ដោយមាន​ជំនួយ​ពី “​ចក្រពត្តិ​អាម៉េរិក​”​។​

​វិមាន​ក្រឹម​ឡាំង​បាន​បន្ទរ​តាម​លោក​ម៉ា​ឌូ​រ៉ូ ដោយ​ចោទ​លោក​ក្វា​យ​ដូ​ថា “​ប៉ុនប៉ង​ខុសច្បាប់​ដើម្បី​ដណ្ដើមយក​អំណាច​” ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក ហើយ​បាន​សន្យាថា​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង “​ដែល​ត្រូវការ​” ដើម្បី​គាំទ្រ​ដល់​លោក​ម៉ា​ឌូ​រ៉ូ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​យោធា​រុស្ស៊ី​ពីរ​គ្រឿង​ចុះចត​នៅក្បែរ​កា​រ៉ា​កាស​កាលពី​ថ្ងៃ​សៅរ៍