វិបុល​, វិនិច្ឆ័យ​, វិបត្តិ​, វិញ្ញាបនបត្រ​, វិញ្ញាសា​, វ៉ង់​, វង់​

2908
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​វិបុល –​ប៉ុលៈ ឬ –​បុល សំ​. បា​. ( គុ​. ) ធំ​, ធំ​ក្រៃលែង​; ទូលាយ​; ច្រើន​, បរិបូរ ។ វិបុលផល ផល​ធំ​, ផល​ច្រើន ។ វិបុលភាព ភាវៈ​ធំ​, ទូលាយ ។ វិបុលរាជ្យ (​សំ​. ស​.) អ្នក​បំពេញ​រាជការ​ផែនដី ។ ឋានន្តរ​សេនាបតី​សម្រាប់ទោ​ក្រសួង​ក្រឡាហោម ក្នុង​កម្ពុជរដ្ឋ​; សម័យ​ឥឡូវ​តាំង​ជាទី​អនុរដ្ឋលេខាធិការ​ក្រសួង​នុះ​ដែរ : អ្នកឧកញ៉ា វិបុលរាជ្យ​…; ឬ​–​វិបុល​រាជសេនា ។​ល​។

​វិនិច្ឆ័យ –​និ​ច​-​ឆៈ​យ៉ៈ បា​.; សំ​. ( ន​. ) (​វិ​និឆ្ឆ​យ​; វិ​និ​ឝ្ច​យ​) ការពិចារណា​ដោយ​ល្អិត​, ការពិនិត្យ​មើល​ឲ្យ​ឃើញ​ពិត​; ដំណើរ​កាត់​សង្ស័យ​, ការ​រម្លីង​សេចក្ដី​ឲ្យ​អស់​សង្ស័យ​; ការជំនុំជម្រះ​សេចក្ដី​, ការ​កាត់សេចក្ដី ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. “​ជំនុំជម្រះ​អធិករណ៍​, ជម្រះក្តី​, កាត់ក្តី​” : ចៅក្រម​វិនិច្ឆ័យ​សេចក្ដី​តាម​មាត្រា​ច្បាប់ ។​

​វិបត្តិ –​បុ័​ត​-​តិ ឬ –​ប័ត សំ​. បា​. ( ន​. ) សេចក្ដី​ប្រែប្រួល​; ដំណើរ​ថ្លោះ​ធ្លាក់​; សេចក្ដី វិនាស​, អន្តរាយ​; វិបរិត​; ដំណើរ​ទទួល​គ្រោះថ្នាក់​, ការរង​ទុក្ខលំបាក​; ដំណើរ​ដុនដាប​, ទន់ទាប​; ការ​ភ្លាត់​ខុស​, ការខុស​ទំនង​; ដំណើរ​ហិនហោច​, លិចលង់​, ធ្លាក់ខ្លួន​; សេចក្ដី ស្លាប់ : មាន​វិបត្តិ​, ប្រទះ​វិបត្តិ​, វិបត្តិចរិត ។ វិបត្តិការណ៍ ឬ វិបត្តិហេតុ ហេតុ​, ដំណើរ ឲ្យ​កើត​វិបត្តិ ។ វិបត្តិមូល ឫស​ឬ​ទីតាំង​នៃ​វិបត្តិ​, ដើមកំណើត​វិបត្តិ ។​ល​។

​វិញ្ញាបនបត្រ វិញ​-​ញា​-​ប៉ៈ ន៉ៈ​-​បាត់ បា​. សំ​. ( ន​. ) សំបុត្រ​បញ្ជាក់​, លិខិត បញ្ជាក់ សេចក្ដី​; លិខិត​របស់​អ្នករាជការ​មាន​សមត្ថកិច្ច​ដែល​បញ្ជាក់​រឿង​អ្វីមួយ : វិញ្ញាបនបត្រ នៃ​កិរិយាមារយាទ​; សញ្ញាបត្រ​ចេញ​ឲ្យ​ជា​ព័ស្តុតាង​ដល់​និស្សិត​ដែល​បាន​ប្រឡង​ជាប់ នៅវេលា​បាន​រៀន​គ្រប់​កំណត់​ឆ្នាំ​ហើយ : វិញ្ញាបនបត្រ​បឋមសិក្សា ។​ល​។

​វិញ្ញាសា វិញ​-​ញា​-​សា បា​. ( ន​. ) (​វិ​ញ្ញា “​កិរិយា​ដឹង​ច្បាស់​, ការយល់​ជាក់លាក់​” + អាសា “​បំណង​, ប្រាថ្នា​”) បំណង​ដើម្បី​ដឹង​ឲ្យ​ច្បាស់លាស់​, ការពិសោធ​, ការ​ល្បង សាកមើល​នូវ​របស់​អ្វីមួយ​; ក្រដាស​អក្សរ​ផ្តិត​ពុម្ព​ដែល​ត្រូវ​ពិនិត្យ​កែ : ពិនិត្យ​វិញ្ញាសា​, កែ​វិញ្ញាសា​ពុម្ព​; ការងារ​ដែល​បំពេញ​ជា​លាយ​ល័ក្ខណ៍​អក្សរ ឬ​ផ្ទាល់មាត់​ក្នុងការ​ប្រឡង : វិញ្ញាសាសរសេរ​, វិញ្ញាសា​សួរ​ផ្ទាល់មាត់​; សន្លឹក​ក្រដាស​ផែនទី ឬ​រូបថត​ដែល​ផ្តិត ចម្លង​ចេញពី​គំរូ​ដើម ។ (​បារ​. épreuve) ។

​វ៉ង់ ( គុ​. ) ថ្លា​ណាស់​, ថ្លាយង់​, ថ្លាឈ្វេង : ទឹកថ្លា​វ៉ង់ ។ ប្រើ​ជា ថ្លា​ឆ្វង់ ក៏បាន ។

​វង់ ( កិ​. ) ធ្វើ​ឲ្យ​ជា​រង្វង់​, ធ្វើ​ឲ្យ​មាន​មណ្ឌល​មូល​, គួ​សវាស​ឲ្យ​មូល : វង់ភ្នែកក្ងោក វង់​ឲ្យ​មាន​សណ្ឋាន​មូល​ប៉ុន​ភ្នែក​ក្ងោក ។ វង់វៀន , វង់​ឲ្យ​មាន​សណ្ឋាន​ក្រវៀន​, វង់​ឲ្យ​មាន​ហៀន ។ ឈរ​វង់ ឈរ​ព័ទ្ធ ជា​មណ្ឌល​មូល​, ឈរ​ដំកង់ ។​ល​។
( ន​. ) មណ្ឌល​មូល​, ទី​មាន​មណ្ឌល​មូល​, អ្វីៗ​ដែលមាន​មណ្ឌល​មូល​; ក្រុមមនុស្ស ដែល​ប្រជុំគ្នា​ជា​មណ្ឌល​មូល​; ប្រជុំ​កិច្ចការ​; ក្រុម​ភ្លេង​, ក្រុម​ល្បែង ជាដើម : វង់ការ ប្រជុំ​មុខការ​, ដំណើរការ ។ វង់ខែ មណ្ឌលព្រះចន្ទ្រ ។ វង់ចិញ្ចៀន មណ្ឌល ចិញ្ចៀន ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា