វិប្បដិសារី​ធំ​បំផុត​របស់​សាយ​ម៉ុ​ន យ៉ាំ គឺ​មិនបាន​ចំណាយពេល​ច្រើន​ជាមួយ​គ្រួសារ​

217
ចែករម្លែក

​ប្រសិនបើ​សាយ​ម៉ុ​ន យ៉ាំ អាច​បង្វិល​ពេលវេលា​ថយក្រោយ​វិញ​បាន គាត់​នឹង​ជ្រើសរើស​ចំណាយពេល​ច្រើន​ជាមួយ​គ្រួសារ​។​

​នេះ​ជា​តារា​សម្តែង​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​អន្តរជាតិ​អាយុ ៦៤ ឆ្នាំមាន​បទពិសោធ​សម្ដែង​ជាង ៤០ ឆ្នាំ ហើយ​វិប្បដិសារី​ធំ​បំផុត​របស់គាត់ គឺ ផ្តល់​អាទិភាព​លើ​ការងារ​ខ្ពស់ជាង​គ្រួសារ​។​

​លោក​បាន​បង្ហើប​ពី​រឿងនេះ​អំឡុងពេល​សម្ភាសន៍​ជា​ក្រុម នៅពេល​គាត់​បាន​ស្ថិតនៅក្នុង​ទីក្រុង​សិង្ហ​បុរី​សម្រាប់​កម្មវិធី​ប្រកួត​ដណ្តើមពាន​រង្វាន់​ធំ​មួយ​ហៅថា Star Search 2019 Grand Finals កាលពី​ថ្ងៃអាទិត្យ ទី​៣ វិច្ឆិកា​។​

​លោក​សាយ​ម៉ុ​ន​យ៉ាំ​រួមជាមួយ​អ្នកដឹកនាំ​រឿង លោក​ស្តេ​ហ្វិ​ន ហ្វាំ​ង និង តារា​ស្រី​ជើងចាស់ ខា​រី​ណា ឡាវ គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ចៅក្រម​ដាក់ពិន្ទុ ៥ នាក់​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​នៅពេល​សួរថា​តើ​រឿង​មួយណា​ដែល​គាត់​នឹង​ផ្លាស់ប្តូរ ប្រសិនបើ​គាត់​អាច​បង្វិល​ពេលវេលា​ថយក្រោយ​វិញ​បាន គាត់​បាន​ដក​ដង្ហើមធំ​រួច​និយាយថា “​ការផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​ដែល​ខ្ញុំ​នឹងធ្វើ​គឺ​ចំណាយពេល​ច្រើន​ជាមួយ​ពួកគេ (​គ្រួសារ​ខ្ញុំ​) ។ កាលពីមុន ខ្ញុំ​មិនអាច​ចំណាយពេល​គ្រប់គ្រាន់​ជាមួយ​ពួកគេ​ទេ ព្រោះ​ខ្ញុំ​ជាប់រវល់​ថតកុន​”​។​

​តារា​សម្តែង​ហុងកុង​រូបនេះ​បាន​រៀបការ​ជាមួយ​កំពូល​តារា​បង្ហាញ​ម៉ូត​ឈិ​ឈិ ហើយ​ប្តី​ប្រពន្ធ​នេះ​មានកូន​ស្រី​ម្នាក់​អាយុ ១៤ ឆ្នាំឈ្មោះ អែល​ឡា​។ លោក​សាយ​ម៉ុ​ន​បាន​និយាយថា​គាត់​ថែមទាំង​បាន​នាំ​ក្រុមគ្រួសារ​របស់គាត់​ទៅ​ប្រទេស​សិង្ហ​បុរី​លំហែកាយ​មួយ​សប្តាហ៍​អំឡុង​វិស្សមកាល​សាលា​របស់​កូនស្រី​នាពេល​ថ្មីៗ​នេះ​ទៀតផង​៕ ដោយ៖កញ្ញាដាលីស

លោក​សាយ​ម៉ុ​ន​យ៉ាំ​ចង់​នៅ​ជាមួយ​គ្រួសារ​ឱ្យបាន​ច្រើន ប្រសិនបើ​អាច​បង្វិល​ពេលវេលា​ថយក្រោយ​វិញ​បាន
លោក​សាយ​ម៉ុ​ន​យ៉ាំ​ចង់​នៅ​ជាមួយ​គ្រួសារ​ឱ្យបាន​ច្រើន ប្រសិនបើ​អាច​បង្វិល​ពេលវេលា​ថយក្រោយ​វិញ​បាន