វិមាន​ឈ្នះ ឈ្នះ ជា​និមិត្តរូប​នៃ​ការបញ្ចប់​សង្គ្រាម​ដ៏​យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា គួរ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ប្រទេស​អាស៊ាន​

573

ដោយ​: សោម ប៊ុនថន / ភ្នំពេញ​: របប​ខ្មែរក្រហម​បាន​ឡើង​គ្រប់គ្រង​ប្រទេស​កម្ពុជា​រយៈពេល ប្រមាណ​តែ​ជាង​បី​ឆ្នាំ​តែប៉ុណ្ណោះ ប៉ុន្តែ​របប​នេះ​បាន​បន្សល់​នូវ​សង្គ្រាម ភាពវឹកវរ អំពើហិង្សា គំនុំ​គំ​គួ​ន និង​ភាព​បែកបាក់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ឲ្យ​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​ជំនាន់​ក្រោយ​ដោះស្រាយ​ប្រមាណ ជាង​៣​ទសវត្សរ៍​។ ទោះបី​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ​នៅ​ដើមឆ្នាំ​១៩៧៩ ហើយក៏​ដោយ ក៏​របប​នេះ​បាន​ប្រមូល​កម្លាំង​របស់ខ្លួន​ឡើងវិញ នៅតាម​បណ្តោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ និង​បាន​កាន់កាប់​តំបន់​រដ្ឋបាល​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ទៀតផង​។ មិនតែប៉ុណ្ណោះ របប​ខ្មែរក្រហម​ក៏​នៅតែមាន​ការទទួលស្គាល់ និង​គាំទ្រ​ពី​ភាពស្របច្បាប់​ពី​ប្រទេស​លោកខាងលិច​មួយចំនួន និង​ជាពិសេស​ក្នុងចំណោម​ប្រទេស​អាស៊ាន​ខ្លះ ដោយ​បានធ្វើ​មិនដឹងមិនឮ ឬ​មើលរំលង​ពី​ភាព​សាហាវឃោរឃៅ ដែល​ក្រុម​មេដឹកនាំ​ខ្មែរ​បាន​ប្រព្រឹត្តិ​មកលើ​ប្រជាជន​កម្ពុជា​។ ខ្មែរក្រហម​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្លូតត្រង់​ប្រមាណ​ជាង​ពីរលាន​នាក់​បាត់​បង់ជីវិត ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា​ស្ទើរ​បាត់បង់​ទាំងស្រុង​។

​វិមាន​ឈ្នះ​ឈ្នះ​(​រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ការបាត់បង់​ដ៏​ធំ​គឺជា​កាត​ព្ធ​កិច្ច​ដ៏​ធ្ងន់ធ្ងរ​ដែល​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​សា​ធា​រដ្ឋ​ប្រជាមានិត​កម្ពុជា (​ក្រោយមក​ប្តូរ​មកជា រដ្ឋ​កម្ពុជា​) ដែល​ត្រូវបាន​បដិសេធ និង​មិនមាន​អាសនៈ​នៅក្នុង​អង្គការសហប្រជាជាតិ ត្រូវ​ស្តា និង​បង្រួបបង្រួម​ប្រទេសជាតិ​ដែល​បែកបាក់​ឡើងវិញ​។ ដូច្នេះ​ការដែល​នាំ​មេដឹកនាំ​ខ្មែរក្រហម និង​កម្លាំង​ខ្មែរក្រហម​ដែល​នៅ​ការគាំទ្រ​ពី​ប្រទេស​មួយចំនួន និង​នៅមាន​អាវុធ​នៅ​ដៃ​នៅឡើយ គឺជា​កិច្ចការ​ដ៏​លំបាក​មួយ និង​ស្មុ​គ្រ​ស្មាញ​។ ទោះបីយ៉ាងណា​ក៏ដោយ គំនិត​ផ្តួចផ្តើម​មួយ​ត្រូវបាន​អនុវត្ត​ឡើង​ដើម្បី​នាំ​ក្រុមខ្មែរក្រហម​មក​ចូលរួម​ជាមួយ​ប្រទេសជាតិ គឺ ១) ការធានា​នូវ​អាយុជីវិត និង​រូបរាងកាយ ២) ធានា​ចំពោះ​អាជីព និង​មុខ​របប និង​៣) ធានា​ចំពោះ​កម្មសិទ្ធិ ចលនទ្រព្យ និង​អចលនទ្រព្យ​។ គំនិត​ផ្តួចផ្តើម​នេះ​បាន​ក្លាយទៅជា​យុទ្ធសាស្ត្រ​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​មានការ​ជឿទុកចិត្ត​ពី​ក្រុមខ្មែរក្រហម ហើយ​ជា​បន្តបន្ទាប់​មេដឹកនាំ​ខ្មែរក្រហម និង​យោធា​ខ្មែរក្រហម នៅ​តំបន់ភ្នំ​វ​ល្លិ៍ ម៉ាឡៃ ប៉ៃលិន សំឡូត បានធ្វើ​សមាហរណកម្ម និង​ចុះចូល ។ នួន ជា និង ខៀវ សំផន និង​មេដឹកនាំ​យោធា​នៅ​តំបន់​អន្លង់វែង​ដែលជា​តំបន់​រឹងមាំ​របស់​ខ្មែរក្រហម បាន​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។ ការចុះ​ចូល​នេះ គឺជា​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​រយៈពេល​ប្រមាណ​ពីរ​ទសវត្សរ៍​។

​ទោះបីយ៉ាងណា ការចរចា​បង្រួម​បង្រួម និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​បញ្ចប់​របប​ខ្មែរក្រហម មិនត្រូវ​បាន​គេ​យល់ឃើញ​ពី​សារសំខាន់​របស់​វា​នៅក្នុង​តំបន់ និង​ពិភពលោក​ឡើយ​។ ដូច្នេះ​ខ្ញុំ​គិតថា ការដាក់បញ្ចូល​គោលនយោបាយ​ឈ្នះ នៅក្នុង​កម្មវិធីសិក្សារ​បស់​ក្រសួង​អប់រំ​ជា​ប្រយោជន៍​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​ក្មេងៗ​យល់​ពី​តម្លៃ​នៃ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ និង​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​រួបរួមគ្នា​ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​។ នយោបាយ ឈ្នះ ឈ្នះ នេះ ក៏​គួរ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីអំពី​សិទ្ធិមនុស្ស សហគមន៍ និង​ពិភពលោក​ដែរ ព្រោះ​នយោបាយ​ឈ្នះ​ឈ្នះ ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​មានការ​យល់ដឹង និង​រួមចំណែក​ជាមួយ​មេរៀន​ប្រវត្តិសាស្ត្រ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ សន្តិភាព និង​ការដោះស្រាយ​ជម្លោះ​ជម្លោះ​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​វិមាន​ឈ្នះ​ឈ្នះ ត្រូវបាន​សម្ពោធ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​ធិបតី​ភាព​សម្តេច ហ៊ុន សែន ដែលមាន​រយៈពេល​២០​ឆ្នាំ បន្ទាប់ពី​ការចុះ​ចូល​របស់​មេដឹកនាំ​ខ្មែរក្រហម និង​កម្លាំង​ខ្មែរក្រហម​ទាំងអស់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ វិមាន​នេះ​តំណាង​ឲ្យ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ដែល​ប្រជាជន​កម្ពុជា​ត្រូវ​សិក្សា និង​យល់ដឹង​៕