វិលមកបង្កើតសមិទ្ធផលកន្លែងធ្លាប់ទទួលចំណេះដឹងជាគំរូដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ

600
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានមានប្រសាសន៍ថា ការវិលត្រឡប់មកបង្កើតសមិទ្ធផល ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់រួមនៅទីកន្លែង ដែលធ្លាប់ទទួលចំណេះដឹងជាគំរូដ៏ល្អបំផុតក្នុងការបង្ហាញដល់សិស្សានុសិស្សជំនាន់ក្រោយ។

ក្នុងពិធីប្រគល់-ទទួលខ្លោងទ្វារ និងរបងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុងដែលកើតឡើងដោយ ស្មារតីសាមគ្គីនៃអតីតសិស្សអំឡុងទសវត្សឆ្នាំ១៩៨០ នាសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ លោក តាក់ ហាប់ ប្រធានមន្ទីរអប់រំខេត្តកំពតបានមានប្រសាសន៍ថាការបង្កើតសមិទ្ធផលសម្រាប់វិស័យអប់រំរបស់អតីតសិស្សដែល បានបញ្ចប់ការសិក្សាគឺជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គម។ បន្ថែមលើអត្ថន័យនេះ សមិទ្ធផលជាខ្លោងទ្វារ និងសម្រាប់ប្រយោជន៍ប្រើប្រាស់រួមដែលអតីតសិស្សសាលាមធ្យមសិក្សាកម្រិត២កំពតក្រុងបានស្ថាបនានៅទីកន្លែងធ្លាប់ទទួលចំណេះដឹងដោយបច្ចុប្បន្នមានឈ្មោះថាវិទ្យាល័យមិត្តភាពកម្ពជា-ជប៉ុនកំពតក្រុងជាគំរូដ៏ល្អដល់សិស្សានុសិស្សជំនាន់ក្រោយ។ ក្រៅពីជាសមិទ្ធផលកកើតឡើង ដើម្បីបំពេញតម្រូវការសម្រាប់ផ្នែកអប់រំ ការលេចចេញនូវខ្លោងទ្វារ និងរបងដ៏ស្រស់ស្អាតនេះបានបង្ហាញឱ្យសិស្សប្អូនយល់អំពីស្មារតីសាមគ្គីដែលជាកត្តាសំខាន់ក្នុងសង្គមជាតិ។

ជាមួយការថ្លែងអំណរគុណចំពោះសមិទ្ធផលនោះ លោកប្រធានមន្ទីរបានសម្តែង ក្តីជឿជាក់ថា ផ្អែកល់ជំហរនៃសាមគ្គីភាព និងក្តីស្រឡាញ់យ៉ាងស្និទ្ធស្នាលរបស់អតីតសិស្សរួមជំនាន់នេះ លោក សង្ឃឹមថាសមិទ្ធផលដទៃទៀតនឹងកើតឡើងបន្តនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងជាក់ជាមិនខាន។ ដើម្បីឆ្លើយតបចំពោះទង្វើប្រកបដោយសន្តានចិត្តជ្រះថ្លានេះ សូមលោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សរួមគ្នាថែរក្សាសមិទ្ធផលទាំងនោះឱ្យគង់វង្សសម្រាប់ប្រើប្រាស់យូរអង្វែង។

លោកអ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្តបាត់ដំបងបានរៀបរាប់ថា ក្រុមរបស់លោកដែលរួមគ្នាស្ថាបនា ខ្លោងទ្វារជូនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ជាអតីតសិស្សធ្លាប់ទទួលចំណេះដឹងនៅទីនេះក្នុងអំឡុងឆ្នាំ១៩៨៥-៨៨ ដោយកាលនោះមានឈ្មោះថាសាលាមធ្យមសិក្សាកម្រិត២កំពតក្រុង។ បន្ទាប់ពីប្រឡងបញ្ចប់ ថ្នាក់មធ្យមសិក្សា មិត្តរួមជំនាន់បានបែកគ្នាសម្រាប់ដំណើរជីវិតរៀងខ្លួន។ ៣០ឆ្នាំក្រោយមកក៏មានការស្វែងរក ហើយប្រមូលផ្តុំ ថែមទាំងមូលមតិគ្នាស្ថាបនាខ្លោងទ្វារ និងរបងអមសង​ខាង​ប្រវែងជិត២០ម៉ែត្រដើម្បីទុកជាអនុស្សាវរីយ៍នៅកន្លែងធ្លាប់ទទួលចំណេះនេះ៕B/