វិវាទ​ដីធ្លី​ជាង​១០​ឆ្នាំ បាន​ត្រូវ​បញ្ចប់​ដោយ​តុលាការ​រកឃើញថា ដី​ទំនាស់​ពុំមែន​ជា​ដី​របស់​វត្ត​ធម្ម​ត្រ័យ គឺជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​

547
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: វិវាទ​ដីធ្លី​រវាង​គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​ធម្ម​ត្រ័យ និង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​អូស បន្លាយពេល​អស់​រយៈពេល​១០​ឆ្នាំ​ទៅហើយនោះ បាន​ត្រូវ​បញ្ចប់​ដោយសារ​សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧ​ទ្ឋ​រណ៍ និង តុលាការ​កំពូល​រកឃើញ​ថា ទីតាំង​ដី​ទំនាស់​នេះ​មិន​ស្ថិតនៅក្នុង​បរិវេណ​ឬ​ជា​អចលនវត្ថុ​របស់​វត្ត​ធម្ម​ត្រ័យ​ទេ ពោលគឺ​ទីតាំង​ដី​ទំនាស់​ស្ថិតនៅ​ដាច់ដោយឡែក​ពី​វត្ត​ធម្ម​ត្រ័យ​។​

​លោក​ប៊ុន ម៉េង ជាដើម​បណ្តឹង​ម្នាក់​ក្នុង​សំណុំ​រឿងនេះ​បាន​បញ្ជាក់ថា លោក​និង​ឈ្មោះ​លឹម សុខ​ហៀ​ង បាន​ទិញ​ដី​ពី​ឈ្មោះ​ចាន់ ពា​វី​មួយកន្លែង​ទំហំ​១៣២៤៥​ម៉ែត្រ​ការេ ដែលមាន​កិច្ចសន្យា​ទិញ​លក់​ត្រឹមត្រូវ​និង​មាន​លិខិត​ផ្ទេរ​សិ​ទិ្ឋ​កាន់កាប់​ដី​លេខ ៥២៧៥ ប​ជ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០០៦​។ ក្រោយពី​បាន​ទិញ​លក់​ដី​រួច លោក ប៊ុន ម៉េង បាន​បន្តកាន់កាប់​រហូត​ដល់​បានធ្វើ​កំណត់ហេតុ​វាស់វែង​ដី​របស់​មន្ត្រី​ភូមិ​បាន​ខណ្ឌដង្កោ និង ធ្វើ​កំណត់​អង្កេត​ដី​របស់​អភិបាល​ខណ្ឌដង្កោ រួច​លោក​ក៏បាន​បន្តធ្វើ​របង​ថ្ម​ព័​ទ្ឋ​ជុំវិញ​ដី និង​បន្តកាន់កាប់​រហូត​បច្ចុប្បន្ន និង​មាន​អាជ្ញាធរ​ដឹងលឺ ព្រមទាំង​ទទួលស្គាល់​ត្រឹមត្រូវ​តាមច្បាប់​ទៀតផង​។​

​លោក​ប៊ុន ម៉េង បាន​អះអាងថា រហូតដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០០៨ ស្រាប់​តែមាន​សេចក្តីជូនដំណឹង​លេខ ១៧០០ សជណ ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០០៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេច​ប្រគល់​ដី​ទំហំ ១​ហិកតា ៧៥​អា ដែល​ក្នុងនោះ​មាន​ដី​របស់លោក​ប៊ុន ម៉េង ទំហំ ១៣២៤៥​ម៉ែត្រ​ការេ អោយទៅ​វត្ត​ធម្ម​ត្រ័យ ទៅវិញ​។ ដូច្នេះ​ទើប​លោក​ប្តឹង​សុំ​បញ្ជាក់​ពី​កម្ម​សិ​ទិ្ឋ លើដី​នេះ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ព្រំ ប្រទល់​ខាងជើង ទល់នឹង​ដី ចាន់ ណាវី ខាងត្បូង​ទល់នឹង​ផ្លូវលំ​ចូល​ភូមិ ខាងកើត​ទល់នឹង​ដី​ឈ្មោះ​អ៊ូ ប៊ុន និង​ខាងលិច​ទល់នឹង​ផ្លូវលំ ទើប​មន្ត្រី​ជំនាញ​បញ្ជាក់ថា ដី​នេះ​ជា​កម្ម​សិទ្ឋិ​របស់​ឈ្មោះ​ប៊ុន ម៉េង និង​ប្រព​ន្ឋ​ឈ្មោះ​លឹម សុខ​ហៀ​ង ប្រាកដ​មែន​។​

​លោក​ប៊ុន ម៉េង បាន​បន្តថា ចំណែក​ដី​ដែល​គណៈកម្មាការ​អាចារ្យ​វត្ត​ធម្ម​ត្រ័យ​ដែលមាន​ឈ្មោះ​ជ័យ សុផល និង អៀង ឃួន ជា​តំណាង​ដែល​ប្តឹង​ទាមទារ​នោះ មាន​ព្រំប្រទល់​ខាង ជើង​ទល់នឹង​ដីស្រែ​ប្រជាជន ខាងត្បូង​ទល់នឹង​ដី​ព​ន្ឋ​នាគារ​ព្រៃ​ស ខាងកើត​ទល់នឹង​ផ្លូវ ខាងលិច​ទល់នឹង​ដី​ភូមិ​ព្រៃ​ទីទុយ ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​សបញ្ជាក់​ឱ្យឃើញថា ទីតាំង​ទំនាស់​ស្ថិតនៅ​ក្នុងភូមិ​២៤ មិន​ជាប់​ពាក់​ព័​ន្ឋ​ទៅនឹង​វត្ត​ធម្ម​ត្រ័យ​ទេ ព្រោះ​មាន​ផ្លូវលំ​មួយ​កាត់​ចែកដាច់​ពីគ្នា​ខាងកើត​ផ្លូវ​ជាទី​តាំង​ភូមិ​២៤ ខាងលិច​ផ្លូវ​ជាទី​តាំង​ភូមិ​ធម្ម​ត្រ័យ រីឯ​វត្ត​ធម្ម​ត្រ័យ​ស្ថិតនៅ​ក្នុងភូមិ​ធម្ម​ត្រ័យ ពុំមែន​ស្ថិតនៅ​ក្នុងភូមិ​២៤​ទេ​។​
​យោងតាម​ឯកសារ ភស្តុតាង និង​សាក្សី សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧ​ទ្ឋ​រណ៍ និង ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តុលាការ​កំពូល​បានសម្រេច ទទួលស្គាល់​ឈ្មោះ ប៊ុន ម៉េង និង​ប្រព​ន្ឋ​ឈ្មោះ​លឹម សុខ​ហៀ​ង ជាក​ម្មសិ​ទិ្ឋ​ករ​លើដី​ទំហំ ១២៩៥៩​ម៉ែត្រ​ការេ មាន​គល់បញ្ជី​ក្បាលដី​លេខ ១២០៥១០១០០០៨៣ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី​រាជធានី​ភ្នំពេញ​៕ ល​