វិវាទ​នីតិវិធី​!១​ចោទ​បទ​ព្រហ្មទណ្ឌ​,១​ទៀតថា​ជា​រឿង​រដ្ឋប្បវេណី​ស្ត្រី​ដែល​ស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​នៅក្រៅ​ឃុំ​

735
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ព្រះរាជអាជ្ញារង​ម្នាក់​បាន​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​។​ឯ​ចៅក្រម​ស៊ើបសួរ​យល់ថា​ជា​រឿង​រដ្ឋប្បវេណី​ដោយ​មិន​ឃុំខ្លួន​ស្ត្រី​មេ​តុងទីន​ម្នាក់​ដែល​ស៊ីដាច់​ប្រា​ក់ជាង​២​លាន​ដុល្លារ​ឱ្យនៅ​ក្រៅ​ឃុំ​។​

​លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ស្ត្រី​មេ​តុងទីន​ម្នាក់​ពីបទ​”​រំលោភ​លើ​ទំនុកចិត្ត​”​ជា​បទល្មើស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការ​ស៊ីដាច់​ប្រាក់​កូន​តុងទីន​ចំនួន​១៧​នាក់ សរុប​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ ។ ប៉ុន្តែ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ យល់ថា នេះ​ជា​រឿង​រដ្ឋប្បវេណី​ដោយ​សម្រេច​មិន​ឃុំខ្លួន​ស្ត្រីជន​ត្រូវ​ចោទ​ដោយ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ រួច​អនុញ្ញាតឱ្យ​ត្រឡប់​ទៅវិញ ។​ការសម្រេច​ដោះលែង​នេះ​ធ្វើឱ្យ​កូន​តុងទីន​ទាំង​១៧​នាក់ កំពុងមាន​ប្រតិកម្ម ។

​ស្ត្រី​រូបនេះ​ឈ្មោះ​លី​គីម​ហួរ​អាយុ​៣៣​ឆ្នាំ​ត្រូវបាន​លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​”​រំលោភ​លើ​ទំនុកចិត្ត​”​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ តាម​មាត្រា​៣៩១​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ ។

​យោងតាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៧៧៤ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ បង្ហាញថា កាលពី​អំឡុង​ឆ្នាំ​២០១៤ ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង បាន​លួងលោម​ឱ្យឈ្មោះ ប៊ុន សុភាព សមាជិក​ដទៃទៀត លេង​តុងទីន​ដោយ​ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង ធ្វើជា​មេ​តុងទីន​ជា​បន្តបន្ទាប់​រហូត​សរុប​១៥​លើក​។

ក្នុងនោះ​មាន​ក្បាល​៥០០​ដុល្លារ , ក្បាល​៣០០​ដុល្លារ , ក្បាល​២០០​ដុល្លារ , និង ក្បាល​២០​ដុល្លារ ជាច្រើន​ក្បាល ដោយ​ចាប់តាំងពី​លេង​តុងទីន​មក ឈ្មោះ ប៊ុន សុភាព បាន​បង់ប្រាក់​ឱ្យទៅ​ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង ជា​បន្តបន្ទាប់​សរុប​២​លាន​៦​សែន​ដុល្លារ ។លុះ​មកដល់​ពាក់កណ្ដាល​ខែមិថុនា​ឆ្នាំ​២០១៧ ឈ្មោះ តាំង​គីម​ហួង​បាន​លួច​ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ ដោយ​មិន​ប្រាប់​កូន​តុងទីន​បានដឹង​ឡើយ ហើយ​បានឱ្យ​ឈ្មោះ​លី គីម​ហួរ ជា​អ្នកដើរ​ប្រមូលប្រាក់​ជំនួស ។

ស្រាប់តែ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅពេលដែល​ឈ្មោះ ប៊ុន សុភាព និង កូន​តុងទីន​ដទៃទៀត ដល់​ថ្ងៃ​ប្រមូលប្រាក់​តុងទីន​មកវិញ ហើយ​បាននាំគ្នា​ទៅ​ទារប្រាក់​ពី​ឈ្មោះ តាំង គីម​ហួង និង ឈ្មោះ លី គីម​ហួរ​។ តែ​អ្នក​ទាំងពីរ​បានគេច​វេស​និង​រឹប​យកប្រាក់​ទាំងអស់​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ព្រម​ប្រគល់​ប្រាក់​ឱ្យទៅ​ឈ្មោះ ប៊ុន សុភាព កូន​តុងទីន​ដទៃទៀត រហូតមកទល់​បច្ចុប្បន្ន ។

​ទោះជា​យ៉ាងនេះ​ក្តី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ដឹងថា ដើមបណ្តឹង​ចំនួន​១៧​រូប កើតទុក្ខ​មិន​សុខ ចិត្ត ចំពោះ​ចៅក្រម​ស៊ើបសួរ​ដោះលែង​ស្ត្រី​មេ​តុងទីន​រូបនេះ​ទេ ។​ព្រោះ​ពួកគេ​យល់ឃើញថា ដើមបណ្តឹង​មិនទាន់​បានទទួល នូវ អ្វី​ហៅថា មានការ​ស្រុះស្រួល​គ្នា​នៅឡើយ ដែល​នេះ​ជាការ​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍ ពួកគេ​ធ្ងន់ធ្ង​ណាស់ ៕S/​