វិស័យឯកជនចូលរួមលើកកំពស់ចលនា«ទេសចរម្នាក់ ដើមឈើ១ដើម»

553

(ភ្នំពេញ)៖ វិស័យឯកជនបាននិងកំពុងចូលរួមកាន់តែសកម្មឡើង ក្នុងគោលនយោបាយទេសចរម្នាក់ ដើមឈើមួយដើម ជាផ្នែកមួយនៃការលើកកំពស់បរិស្ថាននិងទេសចរណ៍។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងក្នុងពិធីចូលរួមដាំកូនឈើ នៅក្នុងសាលាបឋមសិក្សាភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងកាលពីព្រឹកថ្ងៃម្សិលម៉ិញថា ក្រុមហ៊ុនរបស់លោក ក៏ដូចជាសមាគមតែងតែផ្សារភ្ជាប់ការងារសង្គម តាមរយៈកម្មវិធីលើកកំពស់បរិស្ថាន និងដាំដើមឈើ។ជាក់ស្តែងថ្ងៃនេះ លោកនិងក្រុមការងារបានចុះមកដាំដើមឈើក្រញូង នៅសាលាបឋមសិក្សាភូមិថ្មីចំនួនជាង១០០ដើម ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ សិស្សនុសិស្សបានស្គាល់ឈើក្រញូងដ៏មានតំលៃ និងចូលរួមថែររក្សាបរិស្ថានទាំងអស់គ្នា។

លោកបន្តថា “បរិស្ថានជាជីវិតរបស់យើងទាំងអស់គ្នា ហេតុនេះការចូលរួមដាំកូនឈើ និងសំអាតបរិស្ថានជាការងាររបស់យើងទាំងអស់គ្នា ហើយការងារនេះផ្តើមចេញពីយើងម្នាក់ៗ”។លោកបន្តថា “នេះជាសកម្មភាពមួយចូលរួមក្នុងគោលនយោបាយរបស់ក្រសួងទេសចរណ៍ គឺទេសចរម្នាក់ដើមឈើមួយដើម”។

ក្រសួងទេសចរណ៍ជាច្រើនឆ្នាំមកនេះ បានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីលើកកំពស់បរិស្ថានដូចជា ចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ គោលនយោបាយទេសចរណ៍ម្នាក់ ដើមឈើមួយដើមជាដើម៕

លោកហូ វណ្ឌី និងបុគ្គលិកចូលរួមដាំដើមឈើ និងរើសសំរាម(រូបថតលាង ហួរ)