វិស័យ​ដឹកជញ្ជូន​កម្ពុជា​ឈាន​មួយ​ជំហាន​ទៀត ក្រោយពី​ជោគជ័យ​លើ​គោល នយោបាយ​បើកចំហជើងមេឃ

454
ចែករម្លែក

ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹងចូលរួម​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធី​បើក​ដំណើរការ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ឆ្លងកាត់​ព្រំដែន ស្ទឹង​បត់ -​បាន​ណង​អៀន ដែលជា​ច្រកព្រំដែន​ថ្មី នៅ​ជិត​ច្រកព្រំដែន​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ភ្ជាប់​ការដឹកជញ្ជូន​តាម​រថ​ភ្លើង​រួមគ្នា រវាង​ប្រទេស​ទាំងពីរ​នៅ​ព្រឹកថ្ងៃ​ចន្ទ ទី​២២ ខែមេសា ឆ្នាំ​២០១៩​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ​នៅ​តំបន់ព្រំដែន​ប្រទេស​ទាំងពីរ នៅ​ព្រឹក​ថ្ងៃទី​២២​ខែមេសា ក៏​នឹងចូលរួម​ពិធី​ចាក់​បេតុង​ត​ភ្ជាប់មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន ដែលជា​ការបើក​ច្រកព្រំដែន​ថ្មី​មួយទៀត រវាង​ប្រទេស​ទាំងពីរសម្រាប់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​។

​ក្រៅពីនោះ នាយករដ្ឋមន្ត្រី​កម្ពុជា​-​ថៃ ក៏​នឹង​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ ព្រំដែន​អន្តរជាតិស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥​។ នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ក៏​នឹងចូលរួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការ ដឹកជញ្ជូន​ផ្លូវដែកឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​ថៃ ជូន​រាជរដ្ឋាភិបាល​កម្ពុជា ផងដែរ​។​

​នៅពេល​ចូលរួម​ពិធី​នៅ​ព្រំដែន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២​ខែមេសា នាយករដ្ឋមន្ត្រី​កម្ពុជា​-​ថៃ គ្រោង​នឹង​ជិះ​រថភ្លើង​រួមគ្នាពី​ស្ថានីយ​បាន​ខ្លង​លឹក ក្នុង​ទឹកដី​ថៃ មក​ស្ថានីយ​ប៉ោយប៉ែត ក្នុង​ទឹកដី​កម្ពុជា​ផងដែរ​។​

​ការធ្វើ​ផ្លូវ និង​ស្ពាន​ភ្ជាប់​ព្រំដែន​ប្រទេស​កម្ពុជានិង​ថៃ នៅ​ច្រកព្រំដែន​ថ្មី ស្ទឹង​បត់ -​បាន​ណង​អៀន គឺ​ភាគី​ថៃជា​អ្នកចំណាយ​ថវិកា ហើយ​ព្រំដែន​ថ្មី​នេះនឹង​បង្កើតឡើង ដើម្បី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ រីឯ​ព្រំដែន​ប៉ោយប៉ែត ដែល​ស្ថិតនៅ​ជិតគ្នា​នោះ សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​។ ដោយឡែក ថៃក៏​ផ្តល់​រថភ្លើងចំនួន ៤​ទូ ប្រគល់​មក​ឲ្យ​កម្ពុជា ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា ៣២០​នាក់​។

​ក៏ប៉ុន្តែ​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​នេះ មិនមែន​ត្រឹមតែ​កម្ពុជា និង​ថៃ​នោះទេ ពោលគឺ​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកទេសចរ ក៏​អាចធ្វើ​ដំណើរ​តាម​រថភ្លើង ពី​កម្ពុជាកាត់​ថៃ រហូតដល់​ម៉ាឡេស៊ី និង​ប្រទេស​សិង្ហ​បុរី ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផងដែរ បន្ទាប់ពី​កម្ពុជា បាន​ភ្ជាប់​ជា​ស្ថាពរ​នូវ​ផ្លូវ​រថភ្លើងជាមួយ​ប្រទេស​ថៃ នាពេលនេះ​។ នេះ​ជា​ផ្នែកមួយ​នៃ​ការតភ្ជាប់​បណ្តាញ​ផ្លូវដែក​កម្ពុជា ជាមួយ​បណ្តាញ​ផ្លូវដែក​ក្នុង​តំបន់​អាស៊ាន ជាមួយនឹង​ប្រទេស​ចិន​។​

​បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូន​តាមផ្លូវ​ដែកនៅ​ថ្ងៃ​ចន្ទ ទី​២២​ខែមេសា ក្រៅពី​អនុញ្ញាត​ឲ្យ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ ក៏​នឹងមាន ការដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​កម្ពុជា តាមផ្លូវ​ដែក ពី​រាជធានី​ភ្នំពេញ និង​ពី​ក្រុង ព្រះសីហនុ ដល់ទី​ក្រុង​បាងកក ប្រទេស​ថៃ​។​

​ការតភ្ជាប់​ផ្លូវដែក​ជាមួយ​ថៃនៅពេលនេះ កម្ពុជា​ក៏​នឹង​អាច​ដឹកជញ្ជូន​ទំនិញ ផលិត ផល​កសិកម្ម រួមទាំង​ការធ្វើដំណើរទៅកាន់​ប្រទេស​ចិន តាមរយៈ​ផ្លូវដែក​ត​ភ្ជាប់ ពី​គុន​មីង ប្រទេស​ចិន ជាមួយ​ប្រទេស​ឡាវ និង​ថៃ​។ រីឯ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ទៀត គឺ​ចិន ភូមា ថៃ ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា និង​វៀតណាម​។ នេះ​ជា​គម្រោង​ផ្លូវ​រថភ្លើង អាស៊ាន​-​ចិន ដែល​ឆ្លងកាត់​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ ភូមា កម្ពុជា និង​វៀតណាម​។​

​សរុបទៅ​ការបើក​ព្រំដែន​ថ្មី និង​ការដឹកជញ្ជូន​តាម​រថ​ភ្លើង​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅពេលនេះ គឺជា​ការបើកចំហ​ព្រំដែន​គោក​ថ្មី​មួយទៀត របស់​កម្ពុជា ក្នុង​ការតភ្ជាប់​ការដឹកជញ្ជូន ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន បន្ថែម​លើ​នយោបាយ​បើកចំហ​ជើងមេឃ​ដ៏​ជោគជ័យ នៃ​ការភ្ជាប់​ការហោះហើរតាម​ជើង​អាកាស ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។​
​ ​
​អំណឹះ​តទៅ ប្រជាពលរដ្ឋ​កម្ពុជា និង​ផលិតផលទំនិញ​កម្ពុជា និយាយ​ដោយឡែក និង​និយាយ​ជារួម​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ រួមទាំង​អ្នកវិនិយោគ អាច​ប្រើប្រាស់ ផ្លូវដែកក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​អាស៊ាន សិង្ហ​បុរី ម៉ាឡេស៊ី ថៃ ភូមា កម្ពុជា និង​វៀតណាម ធ្លាយ​ដល់​ប្រទេស​ចិន កាន់តែ​ងាយស្រួល ព្រោះ​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​តាមផ្លូវ​ដែក រថភ្លើង គឺ​ចំណាយ​តិចជាង​តាមផ្លូវអាកាស និង​តាម​ផ្លូវគោក ដោយ​រថយន្ត​ឆ្ងាយ​ពេក​៕ ដោយ​៖ ម៉េង​ឆៃ​/Ha