វិស័យ​វាយ​ន​ភណ្ឌ​មាន​កម្មករ និយោជិត​ជាង​៧៤​ម៉ឺន​នាក់​គិត​មកដល់​ឆ្នាំនេះ​ ​ ​

204

(​ភ្នំពេញ​) ៖ រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ កម្មករ និ​យោ​ជិ​ក​ខាង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើងបាន​កើនឡើង​រហូតដល់​​ជាង​១​ពាន់​គ្រឹះស្ថាន​និង​មាន​កម្មករ និយោជិត​បម្រើការ​ជាង​៧៤​ម៉ឺន នាក់​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
​ ​
​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត មកពី​រោងចក្រ សហគ្រាស​ចំនួន​៩៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា​កន្លងទៅនេះ​។​
​ ​
​លោក​អ៊ិត សំហេង បាន​លើកឡើងថា ក្នុង​រយៈពេល​២០​ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៧ ការអភិវឌ្ឍន៍​នយោបាយ​ទាក់ទាញ​​វិនិយោគ បង្កើត​ឱកាស​ការងារ​ជូន​កម្មករ និ​យោ​ជិ​ក របស់​រាជរដ្ឋាភិបាល បាន​អនុវត្ត ប្រកបដោយ​ជោគជ័យ​។ ចំណែក វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ស្បែង​ជើង បានចាប់ផ្តើម​តាំងពី​រោងចក្រ សហគ្រាស បាន​កើនឡើង​តាំងពី​៦៤ នៅ​ឆ្នាំ​១៩៩៧​តម្លៃ​នាំចេញ​ប្រមាណ​២០០​លាន​ដុល្លារ និង​មាន​កម្មករ និ​យោ​ជិ​ក​ប្រហែល ៨​ម៉ឺន​នាក់ រហូតមកដល់​ឆ្នាំ​២០១៧​នេះ រោងចក្រ វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​​ជើង បាន​កើន​ឡើងដល់​១​ពាន់ ១០៧​គ្រឹះស្ថាន និង​មាន​កម្មករ និ​យោ​ជិ​ក ជាង​៧៤​ម៉ឺន​នាក់​។​
​ ​
​លោក​ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សរុប​១១.១៦៨​គ្រឹះស្ថាន មាន​កម្មករ និ​យោ​ជិ​ក​១,២​លាន​នាក់​ដែល​ទទួលបាន​នូវ​ប្រាក់បៀវត្សរ៍​ជា​មធ្យម​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​​រិ​ក​ក្នុង​១​ឆ្នាំ ព្រមទាំង​បាន​បង្កើត​ការងារ មុខរបរ ដោយ​ប្រយោល បន្ថែម​ដល់​ប្រជាជន​ប្រមាណ​ជិត​៣​លាន​នាក់​។ ដោយឡែក​ឆ្នាំ​២០១៧​នេះ កម្មករ និ​យោ​ជិ​ក​ម្នាក់ៗ ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន​១៥៣​ដុល្លារ រួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ដោយ​ក្នុង​ម្នាក់ៗ​ប្រាក់​​ឈ្នួល​អប្បបរមា មាន​ពី​១៧០ ទៅ​១៨១​ដុល្លារ ហើយ​បើ​គិត​ទាំង​ប្រាក់​បន្ថែម​ម៉ោង នឹង​ប្រាក់រង្វាន់​ផ្សេងៗ​ទៀត អាច​ទទួលបាន​ពី ២០០ ទៅ​៣០០​ដុល្លារ​អាមេរិក ក្នុង​១​ខែ​។

​ជាង​នេះដែរ រាជរដ្ឋាភិបាល​បាន និង​កំពុង​រៀបចំ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ពង្រឹង​យន្តការ​ត្រីភាគី​ក្នុងការ​កំណត់​ប្រាក់​​ឈ្នួល​អប្បបរមា ឱ្យបាន​ទៀងទាត់ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​កម្ម​ករ និ​យោ​ជិ​ក និង​និយោជក ហើយ​បច្ចុប្បន្ន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​ដឹកនាំ​ការពិភាក្សា​លើ​ការចរចា​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០១៨​តាម​គោលការណ៍​​របស់​រាជរដ្ឋាភិបាល​ដែល​បាន កំណត់ថា នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ​តទៅ សម្រាប់​កម្មករ និ​យោ​ជិ​ក​យ៉ាងតិច​បំផុត​ទទួលបាន​១៦០​ដុល្លារ​អាមេរិក ហើយ​សម្រាប់​មន្ត្រី រាជការ យ៉ាងតិច​បំផុត​ទទួលបាន​១​លាន​រៀល​ក្នុង​១​ខែ​៕​ដោយ​៖​វិបុល​/sn

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ