វិស័យ​ឯកជន​នៅ​កម្ពុជា សុំ​ពេល​សិក្សា​គ្នា​សិន មុននឹង​សម្រេច​បើក​ពាណិជ្ជកម្ម​ជាមួយ​នេ​ប៉ាល់​

849
ចែករម្លែក

​ភ្នំពេញ​: ពៅ និមល / ភ្នំពេញ​: ក្រុម​វិស័យ​ឯកជន​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ស្រដៀង​គ្នា​ថា នៅពេលនេះ​សុំ​ពេល​សិក្សា​និង​ស្វែងយល់​គ្នា​បន្ត​សិន មុននឹង​សម្រេចចិត្ត​ដោះដូរ​ពាណិជ្ជកម្ម​ណាមួយ​រវាង​កម្ពុជា​និង​នេ​ប៉ាល់ ខណៈដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ចាប់ផ្ដើម​ចងសម្ព័ន្ធភាព​ជាមួយគ្នា​បន្ថែម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទាំង​ទៅវិញទៅមក​។​

​ក្រោយ​បញ្ចប់​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់​កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករ​ដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​នេ​ប៉ាល់​) នៅ​ទីក្រុង​ភ្នំពេញ លោក ណា​ង សុធី តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(​និយោជក​) បាន​ប្រាប់​អ្នក​សារ​ព័ត​មាន​ថា ជា​អត្ថន័យ​យើង​បានការ​លើកទឹកចិត្តរ​បស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ហើយ​លើ​ការធ្វើ​ពាណិជ្ជកម្ម​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ពុំមែន​ជាការ​ងាយស្រួល​ទេ ព្រោះថា​សេដ្ឋកិច្ច​មានការ​ទាក់ទង​ការដឹកជញ្ជូន ពាណិជ្ជកម្ម​ទីផ្សារ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​សិន ថា​តើ​ចំណុច​ណា​អាច​អូសទាញ​បាន និង​ចំណុច​មួយណា​អាច ទាញ​គេ​មកវិញ​បាន​?

​លោក តាន់ មុ​នី្ន​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​ឲ្យ​វិស័យ​ឯកជន បាន​លើកឡើងថា ខណៈដែល​វត្តមាន​ជា​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​មក​ទឹកដី​កម្ពុជា​ពេលនេះ គឺជា​ឱកាសល្អ​បំផុត​ព្រោះថា​ការផ្លាស់ប្តូរ​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ គឺ​ផ្អែក​ធំ​ទៅលើ​ផ្នែក​ពាណិជ្ជកម្ម និង​នយោបាយ​។ ហើយ​អ្វី​ដែលជា​រំពឹងទុក​របស់​វិស័យ​ឯកជន​ជំហាន​ដំបូង គឺ​ផ្នែក​វិស័យ​ទេសចរណ៍ ព្រោះថា ប្រទេស​ទាំងពីរ​នេះ​គ្រោង​នឹង​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​បន្តទៀតថា យើង​នឹង​បង្កើន​មិត្តភាព​ជាមួយ​នេ​ប៉ាល់​បន្ថែមទៀត បើទោះបីជា​ទីផ្សារ​ធំ​ឬ​តូច​ក៏ដោយ ព្រោះ​យើង​នឹង​បង្កើន​មិត្ត​ឲ្យ​បាន​ច្រើន​។

ទាក់ទិន​នឹង​រឿង​ខាងលើនេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​នេ​ប៉ាល់ នាពេល​បច្ចុប្បន្ន​មាន​ប្រមាណ​តែ​ជាង ២០​ម៉ឺន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ តែ​ប្រទេស​ទាំងពីរ​ចាប់ផ្ដើម​ចងសម្ព័ន្ធភាព​ពាណិជ្ជក​ម្ម​បន្ថែម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទាំង​ទៅវិញទៅមក​។​

​ពាក់ព័ន្ធ​និង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​បាន​មើលឃើញថា ពិតជា​បាន​ផ្តល់នូវ​ឱកាស​និង​សារៈសំខាន់​ជាច្រើន​សម្រាប់​សិក្សា​ដក​ពិសោធន៍​អំពី​ការអភិវឌ្ឍ និង​ឱកាស​ពាណិជ្ជកម្ម​ដែល​នឹង​ជួយ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​រវាង​កម្ពុជា និង​នេ​ប៉ាល់​៕