វិ​សម្ពាធ​មួយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​និង​ខ្យល់​ខ្លាំង​ដល់​កម្ពុជា​

1205
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សម្ពាធ​ទាប​នៅក្នុង​សមុទ្រ​ខាងត្បូង​ប្រទេស​កម្ពុជា បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ​ពេល​ចូលដល់​ក្នុង​ឈូង​សមុទ្រ​ថៃ ដោយមាន​ដំណើរ​ទៅ​ទិស​ខាងលិច​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​លើសពី​១០០​មី​លី​ម៉ែត្រ នៅ​តំបន់​ខ្លះ​ក្នុងប្រទេស​កម្ពុជា។​ពិសេស​តំបន់​ទំនាប​កណ្តាល​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​និង​តំបន់​មាត់សមុទ្រ ជាមួយនឹង​ខ្យល់​បក់បោក​ខ្លាំង​ពី​១៧​ទៅ​១៩​ម៉ែត្រ​ក្នុង​មួយ​វិនាទី​ដែល​តាម​ធម្មតា​ខ្យល់​មាន​ល្បឿន​តែ​ពី​៣​ទៅ​៥​វិនាទី​។ វិ​សម្ពាធ​ទាប​នេះ​មាន​ឥទ្ធិពល​ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​១​ខែតុលា​។​

ជំនន់ទឹកភ្លៀងនៅក្រុងកំពត(រូបក្រសួងធនធានទឹក)

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹកថ្ងៃទី​២០​ខែតុលា​ថា សម្ពាធ​ទាប​នៅក្នុង​សមុទ្រ​ខាងត្បូង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៩​ខែតុលា បាន​វិ​វត្ត​ទៅជា វិ​សម្ពាធ​ពេល​ចូលដល់​ក្នុង​ឈូង​សមុទ្រ​ថៃ ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​និង​ខ្យល់​បក់បោក​ខ្លាំង​ដល់​ប្រទេស​កម្ពុជា​។​

វិ​សម្ពាធ​ដែលមាន​ដំណើរ​ទៅ​ទិស​ខាងលិច​នេះ ត្រូវបាន​លោក​រដ្ឋលេខាធិការ​បញ្ចា​ក់ថា​បង្ក​ឲ្យ​មាន​ភ្លៀង​ច្រើន​ដល់​ប្រទេស​កម្ពុជា ពីថ្ងៃ​ទី​២០​និង​២១​ខែតុលា​ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ តំបន់​ទំនាប​កណ្តាល​ភាគខាង​ត្បូង​និង​តំបន់​តាម​ព្រំដែន​កម្ពុជា​វៀតណាម​។ ព្រម​ជាមួយនឹង​ភ្លៀង​ធា្ល​ក់​ច្រើន​នេះ​ក៏មាន​ខ្យល់​បក់បោក​ខ្លាំង​រហូត​ដល់​ពី​១៧​ទៅ​១៩​ម៉ែត្រ​ក្នុង​មួយ​វិនាទី ដែល​ធម្មតា​ខ្យល់​មាន​ល្បឿន​ត្រឹម​ពី​៣​ទៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ​។​

លោក​ចាន់​យុ​ត្ថា បាន​ឲ្យ​ដឹង​ទៀតថា​វិ​សម្ពាធ​ដែល​កើត​មានមក​ជាមួយនឹង​ខ្យល់​បក់បោក​ខ្លាំង​នេះ​វា​នឹង​ថយ​ឥទ្ធិពល​​បន្តិច​ទៅវិញ​នៅ​ថ្ងៃទី​២១​ខែតុលា តែ​ភ្លៀង​នៅ​បន្ត​មាន​ធ្លាក់​តិចតួច​នៅ​ភាគខាងត្បូង​របស់​ប្រទេស​កម្ពុជា​សម្រាប់​តំបន់​ខ្ពង់រាប​ភ្លៀង​រដូវវស្សា​បាន​ចូលដល់​ទីបញ្ចប់​ហើយ​។​

ទិដ្ឋភាពនៅក្រុងខេមរភូមិន្ទព្រឹកថ្ងៃទី២០តុលានេះ(រូបធនធានទឹក)

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨​បាន​ជូនដំណឹង​ថា​វិ​សម្ពាធ​ដែល​បានកើត​មាន​នៅ​ពេល​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨ នៅក្នុង​សមុទ្រ​ឈូង​សមុទ្រ​ថៃ ដោយ​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​ថៃ​។​វិ​សម្ពាធ​ខាងលើនេះ មាន​ឥទ្ធិពល​ដល់​តំបន់​មាត់សមុទ្រ​កម្ពុជា ដោយ​ធ្វើ​ឲ្យ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​បក់​មាន​ល្បឿន​ពី​១៧​ទៅ​១៩​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ​ពិសេស​នៅ​ថ្ងៃទី​២០​និង​ថ្ងៃទី​២១​ខែតុលា​។​

ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា តំបន់​ទំនាប​កណ្តាល​ស​ម្រា​ប់​ខេត្ត ស្ថិតនៅតាម​បណ្តា​ព្រំដែន​កម្ពុជា វៀតណាម អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ តំបន់​ខ្ពង់រាប​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

សេចក្តីជូនដំណឹង​តាម​ប្រព​ន្ធ័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​នេះ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ និង អ្នក​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

តាម​របាយការណ៍​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្ងៃ​២០​ខែតុលា​បានបង្ហាញ​ឲ្យ​ឃើញថា​របាយ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រយៈពេល​២៤​ម៉ោង​(​ព្រឹក​ថ្ងៃទី​១៩​ដល់​ព្រឹក​ថ្ងៃទី​២០​ខែតុលា​) រាជធានី​ខេត្ត​ចំនួន​១០​មាន​ភ្លៀង​ក្នុង​បរិមាណ​ច្រើន គឺ​ពី​៥៦​ដល់​លើសពី​១១០​មី​លី​ម៉ែត្រ​។​

តំបន់​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​៥៦​មី​លី​ម៉ែត្រ ខេត្ត​ព្រះសីហនុ​៥៦​មី​លី​ម៉ែត្រ កំពង់ឆ្នាំង​៧២​មី​លី​ម៉ែត្រ ព្រៃវែង​៧៤​មី​លី​ម៉ែត្រ តាកែវ ៧៦​មី​លី​ម៉ែត្រ កណ្តាល​៨០​មី​លី​ម៉ែត្រ កំពង់ស្ពឺ​៨៤​មី​លី​ម៉ែត្រ កោះកុង​៩២​មី​លី​ម៉ែត្រ កំពត ១០០​មី​លី​ម៉ែត្រ និង ខេត្តបាត់ដំបង ១១៤​មី​លី​ម៉ែត្រ​៕សរន

ក្រុងកំពតព្រឹកថ្ងៃ២០តុលា
កោះកុងព្រឹកថ្ងៃ២០តុលា

#