វីបត្តិវីរុសកូរ៉ូណាបន្ថែមសម្ពាធលើសេដ្ឋកិច្ចចិនដែលកំពុងយឺតយ៉ាវស្រាប់

105
ចែករម្លែក

រោងកុនទទេស្អាត ដំណើរតាមរថភ្លើងលឿនត្រូវលុបចោល ទីតាំងទេសចរណ៍បិទទ្វារ ខេត្តទាំងមូលត្រូវបិទ ៖ វិធានការវិសាមញ្ញធ្វើឡើងដោយចិនដើម្បីទប់ទល់នឹងវីរុសកូរ៉ូណាបានគំរាមដល់សេដ្ឋកិច្ចដែលកំពុងផុយស្រួយស្រាប់។

ស្របពេលប្រទេសសេដ្ឋកិច្ចលេខ ២ នៅលើពិភពលោកពឹងផ្អែកកាន់តែខ្លាំងឡើងលើអតិថិជនរបស់ខ្លួនដើម្បីជំរុញកំណើនសេដ្ឋកិច្ច វីរុសកូរ៉ូណាបានវាយប្រហារនៅគ្រាដ៏អាក្រក់បំផុត ពេលដែលមនុស្សរាប់រយលាននាក់កំពុងធ្វើដំណើរនៅពាសពេញប្រទេសសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។

ផលិតផលក្នុងស្រុកសរុបបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ៣ ទសវត្សរ៍កាលពីឆ្នាំមុន ដោយរងការវាយប្រហារដោយកម្សោយតម្រូវការក្នុងស្រុក និង សង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក។

ទោះយ៉ាងណា តួលេខក្នុងរយៈពេលបីខែចុងក្រោយបានចង្អុលបង្ហាញអំពីស្ថិរភាពមួយចំនួនហើយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាថ្មីៗនេះជាមួយសហរដ្ឋអាម៉េរិកបានផ្តល់ក្តីសង្ឃឹមបន្ថែមទៀត។

ប៉ុន្តែលោក ជូលៀន អ៊ីវ៉ាន់ ព្រីតឆាត (Julian Evans-Pritchard) នៃក្រុមហ៊ុន Capital Economics បាននិយាយថា គ្មានការសង្ស័យណាមួយទេដែលថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលសម្លាប់មនុស្សជាង ១០០ នាក់ នឹងវាយសំពងជាថ្មីលើសេដ្ឋកិច្ចចិន ដោយគាត់បានព្រមានថា វិស័យដឹកជញ្ជូន និង ការប្រើប្រាស់ទូលំទូលាយនឹងរងការវាយប្រហារ រួមទាំងភោជនីយដ្ឋាននិងហាងលក់រាយ។

បុណ្យចូលឆ្នាំចិននឹងត្រូវបន្លាយពេល៣ថ្ងៃទៀត ដូច្នេះមានន័យថាប្រទេសនេះនឹងត្រឡប់មកធ្វើការងាររកស៊ីវិញចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។

ក្រុមហ៊ុនខ្លះប្រាប់បុគ្គលិកឱ្យធ្វើការនៅផ្ទះ ឬ នៅឱ្យឆ្ងាយ ក្នុងនោះរួមមានទាំងក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Tencent ដែលប្រាប់បុគ្គលិកឱ្យធ្វើការនៅផ្ទះរហូតដល់ថ្ងៃទី១០កុម្ភៈ។

បណ្តាញភោជនីយដ្ឋានដ៏មានប្រជាប្រិយភាព Haidilao នឹងបិទភោជនីយដ្ឋានរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសចិនរហូតដល់ចុងខែមករា។

រដ្ឋាភិបាលបានលុបចោលដំណើរទេសចរណ៍ជាក្រុមក្នុងស្រុកនិងអន្តរជាតិដែលជាចំណាត់ការមួយអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ខ្លួន ដែលជាឧស្សាហកម្មសំខាន់មួយមានតម្លៃ ១១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។

អាជ្ញាធរនៅថ្ងៃអង្គារនេះបានផ្តល់អនុសាសន៍ថាអ្នកធ្វើដំណើរជនជាតិចិនទាំងអស់ត្រូវផ្អាកដំណើរទៅបរទេសសិនដើម្បីរក្សាសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនចិននិងបរទេស។ នេះជាដំណឹងអាក្រក់សម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសនេះ៕ ដោយ៖ កញ្ញាដាលីស

វិស័យលក់រាយនឹងរងផលប៉ះពាល់ខ្លាំងជាងគេនៅចិន