វីរបុរស​គ្រី​ឃិត​ស្បថ​ធ្វើជា​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​

2766
ចែករម្លែក

​វីរបុរស​កីឡា​គ្រី​ឃិត​ពិភពលោក​របស់​ប៉ា​គី​ស្ថាន លោក​អ៊ិម​រ៉ា​ន ខាន់​(Imran Khan )​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ​សៅ​រិ៍​ទី​១៨​សីហា បន្ទាប់​​ពី​លោក​បាន​សន្យា​នាំមក​យុគ​ថ្មី​នៃ​ការទទួលខុសត្រូវ​និង​វិបុលភាព​នៅក្នុង​សុន្ទរកថា​នៅក្នុង​សភា​។​

​ខាន់​បានទទួល​ការគាំទ្រ​ដោយ​សម្លេង​ភាគច្រើន​ធម្មតា​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​សុក្រ នៅ​៣​សប្តាហ៍​ក្រោយ​ការបោះឆ្នោត​សកល​មួយ​ដែល​រង​ការចោទប្រកាន់​​អំពី​ការ​លូកដៃ​របស់​យោធា​និង​ការលួចបន្លំ​សន្លឹកឆ្នោត​។​

​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​shalwar kameez​ពណ៌​ស និង​ទឹកមុខ​ញញឹម​ពព្រាយ លោក​បាន​ជូត​ទឹកភ្នែក​នៅពេល​ពិធី​ស្បថ​ចាប់ផ្តើម ដែល​កត់សំគាល់​ការចាប់​ផ្តើម​​ការបញ្ចប់​ការ​កាន់អំណាច​ដូរ​វេន​គ្នា​រវាង​គណបក្ស​ចាស់វស្សា​ពីរ​។​

​ការបោះឆ្នោត​កាលពី​ថ្ងៃ​២៥​កក្កដា ត្រូវបាន​គេ​ចោទប្រកាន់ថា​”​អាក្រក់​បំផុត​របស់​ប៉ា​គី​ស្ថាន​” ដោយ​ក្រុម​យោធា​ព្យាយាម​គាំទ្រ​ខាន់ តែ​ទាំង​ខាន់​និង​យោធា​បាន​បដិសេធ​​ការចោទប្រកាន់​ពី​គណបក្ស​ប្រជែង​។​

​អតីត​កីឡា​ករគ្រី​ឃិត ដែល​ដណ្តើមបាន​តំណែង​ជើងឯក​ពិភពលោក​នៅ​ឆ្នាំ​១៩៩២ មិន​ទទួលបាន​សម្លេងគាំទ្រ​លើសលប់​ទេ ដោយ​បង្ខំ​អោយ​លោក​ត្រូវ​រក​ដៃគូ​ជាមួយ​​បណ្តា​បក្ស​តូចៗ​និង​បេក្ខជន​ឯករាជ្យ​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​។​ខាន់​និង​គណបក្ស​Pakistan Tehreek-e-Insaf (PTI)​បានធ្វើ​យុទ្ធនាការ​ជាមួយនឹង​ការសន្យា​បញ្ចប់​​អំពើពុករលួយ​និង​ស្ថាបនា​”​រដ្ឋ​សុខុមាលភាព​អ៊ិ​ស្លាម​”​មួយ​។​

​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សុក្រ លោក​បាន​និយាយថា​” ដំបូង​បំផុត យើង​នឹង​ចាប់ផ្តើម​គណនេយ្យភាព​ដ៏​ហ្មត់ចត់​។​ខ្ញុំ​សន្យា​ចំពោះ​ព្រះ​ថា​នរណា​ដែល​លួច​ប្រទេស​នេះ​នឹង​​នាំ​មកអោយ​ទទួលខុស​ត្រូវ​”​។​

PTI ក៏​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​សភា​នៅ​សប្តាហ៍​នេះ ដែល​ដាក់​លោក​ខាន់​ក្នុង​ទីតាំង​រឹងមាំ​ខ្លាំង​មួយ​ដើម្បី​អនុវត្ត​របៀបវារៈ​ច្បាប់​របស់លោក​។​តែ​​លោក​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន​អនេក រួមមាន​ភាពជ្រុលនិយម​សកម្មប្រយុទ្ធ កង្វះ​ទឹក និង​កំណើន​ប្រជាពលរដ្ឋ​។​បញ្ហា​ដាក់​សម្ពាធ​បំផុត​មួយ​គឺ វិបត្តិ​សេដ្ឋកិច្ច​ដែល​កំ​​ពុង​លេចឡើង​ស្ទុងៗ ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​ថា ប៉ា​គី​ស្ថាន​អាច​ស្វះ​ស្វែងរក​ជំនួយ​សង្គ្រោះ​ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​។​

​ខាន់​ក៏​នឹង​ជួប​បញ្ហា​ដូច​អ្នក​កាន់តំណែង​មុនៗ​របស់លោក គឺ​ត្រូវ​រក្សា​តុល្យភាព​អំណាច​រវាង​ទំនាក់ទំនង​ស៊ីវិល​និង​យោធា​៕​ដោយ​៖​វាសនា​

​ដោយនៅ​ប៉ា​គី​ស្ថាន​ត្រូវបាន​គេ​ហៅថា​”​តា​លី​បង់ខាន់​” នាយករដ្ឋមន្ត្រី​ថ្មី​រូបនេះ​គាំទ្រ​អ្នក​ប្រកាន់​តឹង​សាសនា ជាហេតុ​នាំអោយ​មានការ​បារម្ភ​ថា​ការដឹកនាំ​របស់លោក​​អាច​រុំ​ព័ទ្ធ​ដោយ​ពួក​ជ្រុលនិយម

#