វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន លោក​ម៉ា​រ៉ា​ដូ​ណា ថា​គាត់​ជា “​ទាហាន​” របស់​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​ម៉ា​ឌូ​រ៉ូ

622

​ជាមួយ​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ កំពុង​ប្រឈម​នឹង​ការរិះគន់​ពី​ជុំវិញ​អាមេរិក​ឡាទីន​និង​ពិភពលោក​ក្នុង​គ្រា​មាន​វិបត្តិ​នយោបាយ​កាន់តែ​ជ្រាលជ្រៅ​នោះ វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន លោក ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បាន​និយាយថា គាត់​មាន​ឆន្ទៈ​តស៊ូ​ដើម្បី​របប​ឆ្វេងនិយម​ដែល​ញាំញី​ដោយ​វិបត្តិ​នេះ​។​

​លោក​ម៉ា​រ៉ា​ដូ​ណា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​៧​សីហា ដោយ​ប្រើពាក្យ​សម្តី​សំដៅលើ​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ស្លាប់ទៅ លោក យូ​ហ្គោ ឆា​វេស យ៉ាង​ដូច្នេះ “​យើង​ជា​អ្នកគាំទ្រ​ឆា​វេស​រហូតដល់​ថ្ងៃ​ស្លាប់​។ នៅពេល​លោក​ម៉ា​ដូ​រ៉ូ​បញ្ជា ខ្ញុំ​នឹង​ស្លៀកពាក់​ជា​ទាហាន​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែលមាន​សេរីភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ចក្រពត្តិនិយម និង​អ្នក​ដែល​ចង់យក​ទង់ជាតិ​របស់​យើង ដែលជា​វត្ថុ​ពិសិដ្ឋ​បំផុត​ដែល​យើង​មាន​”​។

​គាត់​បាន​សរសេរ​ជា​ភាសា​អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ីតាលី​ថា “​ជយោ​! ចលនា​បដិវត្តន៍​!!!” ។​

​ការប្រកាស​រឹងទទឹង​នេះ​បាន​នាំមក​នូវ​ការឆ្លើយតប​ភ្លាមៗ​ពី​អតីត​មិត្ត​រួម​ក្រុម​របស់​ម៉ា​រ៉ា​ដូ​ណា គឺ​លោក ម៉ា​រី​អូ កេ​ម​ប៉េ​ស ។​

​កេ​ម​ប៉េ​ស ដែលជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត នៅពេល​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន​វើ​ល​ខាប់ ឆ្នាំ ១៩៧៨ បាន​ឈ្លេចសួរ​ម៉ា​រ៉ា​ដូ​ណា នៅលើ ធ្វី​ត​ធើ យ៉ាង​ដូច្នេះ “@​ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា​, តើ​អ្នក​អាច​គាំទ្រ​ដល់​ការស្លាប់​របស់​មនុ​ស្សវ័យ​ក្មេង ១២៤ នាក់ ដែល​បាន​ការពារ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ពួកគេ​យ៉ាងដូចម្តេច​?”

​ជម្លោះ​នេះ​ផ្ទុះឡើង ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ប្លុក​ពាណិជ្ជកម្ម​តំបន់​ហៅ​កាត់​ថា Mercosur បាន​ផ្អាក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​មិន​កំណត់ពេល ដោយ​ចោទប្រកាន់​លោក​ម៉ា​ឌូ​រ៉ូ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​និង​ជំរុញ​ឱ្យ​លោក​លុបចោល​សភាធម្មនុញ្ញ​ដែល​បង្កើតឡើង​ថ្មី​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​បាត់បង់​សម្ព័ន្ធមិត្ត​នៅ​ជុំវិញ​តំបន់ ខណៈដែល​រដ្ឋាភិបាល​ជាច្រើន​រួមមាន​អា​ហ្ស​ង់​ទីន​និង​ប្រេ​ស៊ី​ល បាន​ងាក​ទៅរក​ស្ដាំនិយម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​លោក​ម៉ា​រ៉ា​ដូ​ណា ដែល​បាន​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទីន​ឱ្យ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​១៩៨៦ និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​គ្រប់​ជំនាន់​ទាំងអស់នោះ ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​អ្នកគាំទ្រ​អ្នកនយោបាយ​ឆ្វេងនិយម​នៅ​អាមេរិក​ឡាទីន​និង​ជា​មិត្ត​របស់​មេដឹកនាំ​គុយបា​លោក​ហ្វី​ដែល កា​ស្ត្រូ ដែល​មុខ​របស់​មេដឹកនាំ​នេះ​ក៏បាន​សាក់​នៅលើ​ជើង​របស់​ម៉ា​រ៉ា​ដូ​ណា​ដែរ​។​

​ការប្រកាស​របស់លោក​ម៉ា​រ៉ា​ដូ​ណា​បាន​ជំរុញឱ្យមាន​ការឆ្លើយតប​យ៉ាងខ្លាំង​ពី​សំណាក់​មេដឹកនាំ​គណបក្សប្រឆាំង​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​លោក ហិន​រិ​ក កា​ព្រី​ល​។​

​លោក​កា​ព្រី​ល​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​អា​ហ្ស​ង់​ទីន​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​ប្រសិនបើ​ម៉ា​រ៉ា​ដូ​ណា​ចង់​មក ខ្ញុំ​នឹង​ទៅយក​គាត់​នៅ​អាកាសយានដ្ឋាន​ហើយ​បង្ហាញ​គាត់​ឱ្យឃើញ​នៅ​ជុំវិញខ្លួន ដូច្នេះ​គាត់​អាច​មើលឃើញ​ស្ថានភាព​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ។ ចលនា​បដិវត្តន៍​នេះ​គឺ​មិនអាច​ការពារ​បានទេ​”​។​

​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទទួលរង​នូវ​វិបត្តិ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​របស់ខ្លួន ដោយមាន​អតិផរណា​ចំនួន​បី​ខ្ទង់​និង​កង្វះ​ស្បៀងអាហារ​និង​ឱសថ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​រ៉ា​ដូ​ណា និង លោក​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ