វីរុស្ស​ហ្ស៊ី​កា​ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋ​ទី​២​នៅ​ឥណ្ឌា​

605
ចែករម្លែក

ការផ្ទុះឡើងនៃជំងឺហ្ស៊ីកា(Zika )នៅប្រទេសឥណ្ឌាកំពុងរីករាលដាលយ៉ាងខ្លាំងដោយក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យទី២៨តុលាថាវីរុស្សដែលបង្កឡើងដោយមូសខាំនេះត្រូវបានរកឃើញនៅរដ្ឋ Gujarat ភាគខាងលិច បន្ទាប់ពីជម្ងឺនេះជិត១៥០ករណី ត្រូវបានគេរាយការណ៍នៅឆ្នាំនេះ នៅរដ្ឋRajasthanដែលនៅជិតខាងគ្នា។

ក្រុមអាជ្ញាធរសុខាភិបាលនៅរដ្ឋGujarat បាននិយាយថាស្ត្រីម្នាក់ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាននៃជំងឺហ្ស៊ីកានិងត្រូវបានព្យាបាលនៅមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងAhmedabad ដែលជាករណីលើកទីមួយដែលបានបញ្ជាក់ថាមាននៅក្រៅរដ្ឋRajasthanនៅឆ្នាំនេះ។

លោកJayanti Ravi មន្រ្តីសុខាភិបាលនៅ Gujarat បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា ” មានករណីតែមួយប៉ុណ្ណោះត្រូវបានរកឃើញរហូតមកដល់ពេលនេះ។ យើងកំពុងចាត់វិធានការទប់ស្កាត់”។

ក្រសួងសុខាភិបាលបានប្រមូលក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យរាប់រយនាក់ដើម្បីចាត់វិធានការទប់ស្កាត់ជំងឺនេះជាបន្ទាន់ ខណៈដែលស្រី្តមានផ្ទៃពោះជាង២៥០នាក់មានជំងឺគ្រុនក្តៅ។

រដ្ឋGujarat ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋRajasthan បានខំប្រឹងប្រែងបាញ់ថ្នាំសម្លាប់សត្វមូស។

ក្រុមអាជ្ញាធរសុខាភិបាលនៅក្នុងរដ្ឋRajasthanបានរកឃើញករណីជំងឺហ្ស៊ីកាចំនួន១៤៧ករណីចាប់តាំងពីខែកញ្ញាមក។មនុស្សជិត៤៤០.០០០នាក់បានស្ថិតនៅក្រោមការឃ្លាំមើលរបស់ក្រុមគ្រូពេទ្យនៅទីក្រុងJaipurនៅរដ្ឋRajasthanកាលពីខែមុន។

ចាប់តាំងពីហ្ស៊ីកាបានផ្ទុះឡើងទ្រង់ទ្រាយធំនៅឆ្នាំ២០១៥ មនុស្សជាង១,៥លាននាក់នៅជាង៧០ប្រទេសបានឆ្លង ភាគច្រើននៅអាមេរិកខាងត្បូង។បើស្រ្តីមានគត៌ឆ្លងវីរុស្សនេះ អាចអោយក្មេងកើតមកក្បាលស្តួច និងមានសតិមិនប្រក្រតី៕ដោយ៖សុខា/sn

#