វីរុស​រលាក​សួត​ថ្មី​សម្លាប់​មនុស្ស​ទី​២​នៅ​ចិន​

156
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បា​និយាយថា អាជ្ញាធរ​ចិន​បាន​រាយការណ៍​អំពី​ការស្លាប់​មនុស្ស​ទី​២ បណ្តាលមកពី​វីរុស​អាថ៌កំបាំង​មួយ​ដែល​បាន​បណ្តាលឲ្យ​មនុស្ស​​រាប់សិប​នាក់​ឈឺ​នៅក្នុង​ទីក្រុង​វូ​ហាន របស់​ចិន​។​

​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មករា បាន​រាយការណ៍​ថា បុរស​អាយុ​៦៩​ឆ្នាំ​ម្នាក់ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃ​៣១​ធ្នូ បាន​ស្លាប់​កាល​​ពី​ថ្ងៃ​ពុធ នៅ​មន្ទីរពេទ្យ​វូ​ហាន ជីន​យីន​តាន់​(Wuhan Jinyintan )​ក្នុង​ខេត្ត​ហ៊ូ​ប៉េ​ក្រោយ​ពី​ធ្លាក់ខ្លួន​ឈឺ​អស់​២​សប្តាហ៍​ដែល​បណ្តាល​ឲ្យ​ខូច​ប្រព័ន្ធ​សរីរាង្គ​ខាង​​ក្នុង​ជាច្រើន​។​

​ជនរងគ្រោះ​ដល់​ជីវិត​ដំបូង​មក​ពី​ក្រុម​កូរ៉ូណា​វីរុស​នេះ បាន​កើត​ឡើង​លើ​បុរស​ចិន​អាយុ​៦១​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃ​០៩​មករា​។​

​ការស្លាប់​មនុស្ស​ទី​២​ដោយ​វីរុស​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​អំពី​ការរកឃើញ​មនុស្ស​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ទី​២​នៅ​ក្រៅ​ប្រទេស​ចិន​។​អាជ្ញាធរ​ជប៉ុន​​បាន​និយាយថា បុរស​ម្នាក់​នៅ​តំបន់​កា​ណាហ្កា​វ៉ា របស់​ជប៉ុន បាន​ធ្លាក់ខ្លួន​ឈឺ ដោយសារ​វីរុស​នេះ​ក្រោយ​បាន​ទៅលេង​ប្រទេស​ចិន​។​

​ជំងឺនេះ​នៅ​ក្រៅ​ទឹកដី​ចិន​លើក​ទី​១ ត្រូវបាន​គេ​រកឃើញ​នៅ​លើ​ស្ត្រី​ចិន​អាយុ​៦១​ឆ្នាំ​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​។​ឥឡូវ​ស្ត្រី​មក​ពី​ចិន​នេះ​កំពុង​ដេក​ព្យាបាល​នៅ​​ក្នុង​មន្ទីរពេទ្យ​ចំពោះ​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​និង​ពិបាក​ដកដង្ហើម​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​មនុស្ស​នៅ​ក្រៅ​មន្ទីរពេទ្យ​ក្រុង​វូ​ហាន ក្នុង​ខេត្ត​ហ៊ូ​ប៉េ​