វីរុស​វូ​ហានៈ ចិន​បិទ​ទីក្រុង​បន្ថែម តែ​អង្គការ​សុខភាព​ពិភពលោក​ថា​នៅ​មិនទាន់​ចាត់ទុកថា​ជា​គ្រោះអាសន្ន​សកល​

146
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មករា​ថា ​ជំងឺបង្កឡើង​ដោយ​វីរុស​នៅ​ចិន​នៅ​មិនទាន់​ជា​គ្រោះអាសន្ន​សុខភាព​​សកល​មួយ​នៅឡើយ​ទេ​។​

​ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ​មួយ​នេះ បានចេញ​ការ​វាយ​តម្លៃរបស់​ខ្លួន ​បន្ទាប់ពី​អាជ្ញាធរ​ចិន​បិទ​ខ្ទប់​ទីក្រុង​ចំនួន​៣​បន្ថែម​និង​លុបចោល​ពិ​​ធី​សាធារណៈ​ធំៗ និង​ការជួបជុំ​នៅ​ទីក្រុង​ប៉េកាំង ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​តាម​ប្រពៃណី​ចិន ដើម្បី​កុំឲ្យ​ការឆ្លង​រាលដាល​កាន់តែ​រីក​ធំ​ឡើង​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ហ្សឺ​ណែ​វ អគ្គនាយក​អង្គការ​WHO​បាន​និយាយថា នៅពេល​ការឆ្លង​រាលដាល​វីរុស​នេះ​ជា​វិបត្តិ​មួយ​នៅ​ចិន «​វា​នៅ​មិនទាន់​ជា​គ្រោះអាសន្ន​សុខភាព​សកល​មួយ​នៅឡើយ​ទេ​»​។​

​កាលពី​ថ្ងៃ​២៣​មករា ទូរទស្សន៍​ចិន​បាន​និយាយថា មនុស្ស​៦៤៣​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​តាំងពី​មុន​មក​នៅ​ចិន និង​១៨​នាក់​បាន​ស្លាប់​។​វា​បាន​ចម្លង​មនុស្ស​សរុប​​ជាង​៦៥០​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ករណី​មនុស្ស​ផ្ទុក​វីរុស​នេះ​ត្រូវបាន​រកឃើញ​នៅ​យ៉ាងតិច​៧​ប្រទេស ដោយ​សិង្ហ​បុរី​និង​វៀតណាម​ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​រកឃើញ​មនុស្ស​ផ្ទុក​កូរ៉ូណា​វីរុស ហើយ​​ជប៉ុន​កាលពី​ថ្ងៃ​២៣​មករា​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​មនុស្ស​ផ្ទុក​វីរុស​នេះ​ទី​២​ដែល​បាន​ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន​។​

​កាលពី​ថ្ងៃ​២៣​មករា ចិន​បាន​បិទ​ខ្ទប់​ទីក្រុង​ទី​២​ បន្ទាប់​ពី​ក្រុង​វូ​ហាន និង​រឹតត្បិត​ការធ្វើដំណើរ​នៅ​ទីក្រុង​៣​ទៀត ដើម្បី​ទប់ស្កាត់​ការចម្លង​កូរ៉ូណា​វីរុ​ស​នេះ​កាន់តែ​​រាលដាល​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ អាជ្ញាធរ​ចិន​បានចាប់ផ្តើម​បិទ​ទីក្រុង​វូ​ហាន​ដែលជា​ប្រភព​ផ្ទុះ​វីរុស ដោយ​លុបចោល​ការហោះហើរ​និង​សេវា​រថភ្លើង​ចេញពី​ទីក្រុង​ដែល​មាន​​មនុស្ស​១១​លាន​នាក់ ។​នៅ​ពេល​ល្ងាច​ ពួក​មន្ត្រី​បាន​បិទ​ស្ថានីយ​រថភ្លើង​នៅ​ទីក្រុង ហឿ​ចូ​វ រឹតត្បិត​ការធ្វើដំណើរ​នៅ​ទីក្រុង​តូចៗ​២​ទៀត​និង​មាន​ផែនការ​បិទ​ទីក្រុ​ ហួង​ហ្កាង ​ដែល​មាន​ប្រជាជន​៧,៥​លាន​នាក់ នៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​វូ​ហាន​។​

​ស្ថានីយ​រថភ្លើង​នៅ​ហួង​ហ្កាង ត្រូវ​បិទ​រហូតដល់​មាន​ការជូន​ដំណឹង​ថ្មី​។​គ្រប់​យានយន្ត​ត្រូវ​ត្រួតពិនិត្យ និង​រង្គសាល និង​រោងភាពយន្ត​បាន​បិទ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

អាកាសយានដ្ឋាន​ក្រុង​វូ​ហាន​ស្ងាត់​ក្រោយ​បិទ និង​យានយន្ត​នៅ​ទីក្រុង​ផ្សេងទៀត​ក្នុង​ខេត្ត​ហ៊ូ​បេ ត្រូវបាន​ត្រួតពិនិត្យ​រក​អ្នក​សង្ស័យ​ផ្ទុក​វីរុស​