វីរុស​វូ​ហាន​៖ ១.២៨៧​នាក់​ឆ្លង ៤១​នាក់​ស្លាប់​នៅ​ចិន នៅពេល​វីរុស​ធ្វើដំណើរ​ដល់​អឺរ៉ុប​

178
ចែករម្លែក

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥​មករា​ថា មនុស្ស​១.២៨៧​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី គិត​ត្រឹម​ថ្ងៃ​២៤​មករា ហើយ​ចំនួន​​មនុស្ស​ស្លាប់​ពី​វីរុស​នេះ​កើន​ដល់​៤១​នាក់​។​

​វីរុស ដែល​មាន​ប្រភព​ចេញពី​ទីក្រុង​វូ​ហាន របស់​ខេត្ត​ហ៊ូ​ប៉ី​នៅ​ចិន​ភាគ​កណ្តាល​កាលពី​ចុងឆ្នាំ​មុន បាន​ឆ្លង​រាលដាល​ទៅ​កាន់​ទីក្រុង​ផ្សេងៗ​របស់​ចិន រួមមាន​ទី​​ក្រុង​ប៉េកាំង​និង​សៀង​ហៃ ព្រម​ទាំង​ប្រទេស សិង្ហ​បុរី អាម៉េរិក ថៃ កូរ៉េខាងត្បូង ជប៉ុន ហើយ​ចុងក្រោយ​នៅ​អាស៊ី​ខាងត្បូង​និង​អឺរ៉ុប​។​

​កាលពី​ថ្ងៃ​២៤​មករា រដ្ឋ​មន្ត្រី​សុខាភិបាល​បារាំង​បាន​និយាយថា​អ្នក​ផ្ទុក​វីរុស​នេះ​មួយ​ករណី​ត្រូវបាន​រកឃើញ​នៅ​ទីក្រុងប័​រដូរ​និង​មួយ​ករណី​ទៀត​នៅ​ជិត​ទីក្រុង​ប៉ា​​រី​ស​។​មន្ត្រី​បារាំង​ក៏​បាន​ប្រកាស​ករណី​ឆ្លង​កូរ៉ូណា​វីរុ​សទី​៣​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី មនុស្ស​២​នាក់​បាន​ឆ្លង​ជម្ងឺ ក្រោយ​ធ្វើដំណើរ​ទៅ​ចិន​។​

​នេ​ប៉ាល់នៅ​អាស៊ី​ខាងត្បូងនិងអូស្រ្តាលី ក៏​បាន​រាយការណ៍​រក​ឃើញ​ករណី​អ្នក​ឆ្លង​វីរុស​នេះ​លើក​ដំបូង​ផងដែរ​។​

​ការកើនឡើង​យ៉ាង​គំហុក​នៃ​អ្នកស្លាប់​និង​អ្នក​ឆ្លង​នៅ​ចិន អាច​ជា​សញ្ញា​បង្ហាញ​ថា​វីរុស​នេះ នៅ​មិនទាន់​អាច​គ្រប់គ្រង​បាន​ទោះជា​ចិន​ដាក់ចេញ​វិធានការ​ធំៗ​​រួម​មាន​ការបិទ​ខ្ទប់​ទីក្រុង​ជាង​ដប់​ដែល​ប៉ះពាល់​ការរស់នៅ​របស់​មនុស្ស​ប្រមាណ​៤០​លាន​នាក់​។​

​វីរុស​ដែល គេ​រកឃើញ​ដំបូង​នៅ​ក្រុង​វូ​ហាន​កាលពី​ខែ​មុន កំពុង​បង្ក​ការភ័យខ្លាច​ក្រែង​វា​បង្ក​ជម្ងឺ​សាហាវ​ដូច​ជម្ងឺ​សា​(SARS)​កាលពី​១៧​ឆ្នាំ​មុន​ដែល​បានសម្លាប់​​មនុស្ស​ជិត​៨០០​នាក់​នៅ​ចិន​និង​ហុងកុង​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រជាជនចិនរង់ចាំពិនិត្យជម្ងឺនៅទីក្រុងវូហាន

គណៈកម្មាធិការសុខាភិបាលបាននិយាយថា អ្នកជម្ងឺ២៣៧នាក់ស្ថិតក្នុងសភាពជម្ងឺធ្ងន់ធ្ងរ