វីរ​យុទ្ធ​នារី​សម័យ​តេ​ជោ បង្កើន​ស្នាដៃ​ធំធេង​ជូន​ជាតិ​មាតុភូមិ​

591
ចែករម្លែក

ដោយ : យោធិន​/ ភ្នំពេញ : ​រយៈកាល​១២​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេសមួយ​ដែល​ធ្លាប់​បានទទួល​កងកម្លាំង​របស់ អង្គការសហប្រជាជាតិ ដែល​ហៅ​កាត់​ថា អ៊ុន តាក់​(UNTAC)​នា​ទសវត្សរ៍​ឆ្នាំ​១៩៩០​ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​សន្តិភាព​សំដៅ​ការបញ្ចប់​សង្គ្រាមត្រជាក់​ដែល​អូសបន្លាយ​អស់កាល​ជាង​ពីរ​ទសវត្សរ៍​នៅ​កម្ពុជា ប្រែ​ក្លាយទៅជា​ប្រទេសមួយ​ដែល​បាន​ចាត់​បញ្ជូន​កង​យោធា​ក្នុងនាម​ជា​ទាហាន​មួក​ខៀវ​កម្ពុជា​ពាក់​សញ្ញា​របស់​អង្គការសហប្រជាជាតិ​ជួយ​ដល់​បណ្តាល​ប្រទេស​រងគ្រោះ​ដោយ​ប្រដាប់អាវុធ សំដៅ​បញ្ចប់​ជម្លោះ​ស្តារឡើងវិញ​នូវ​សន្តិសុខ និង​ស្ថិរភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅលើ​សកលលោក​។​

តាម​ការបញ្ជាក់​របស់​លោក អា​ឡិច​ហ្សា​ន​ឌឺ ហ៊ួ​យ​យិន (Alexandre Huynh) តំណាង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ថ្លែងថាៈ​ជា​មោទនភាព​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​បញ្ជូន​កងកម្លាំង​ទៅ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ រួមជាមួយ​បណ្តា​ប្រទេស​ចំនួន​១២៣​នៅលើ​ពិភពលោក​។​

មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​បានបញ្ជាក់​បន្ថែមថា​ មកទល់នឹង​ពេល​បច្ចុប្បន្ននេះ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ចំនួន​ប្រាំបី​ប្រទេស​រួមមានៈ​សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល ដែលមាន​កម្លាំង​សរុប​ចំនួន​៥.២៥៧​នាក់ ដោយ​ក្នុងនោះ​មាន​យុទ្ធ​នារី​ចំនួន​២៣៦​នាក់​ផងដែរ​។​

អ្វីដែល​គួរ​ជាទី​មោទនភាព​នោះ​គឺ​កង​យុទ្ធ​នារី​មួក​ខៀវ​បាន​ចូលរួម​យ៉ាងសកម្ម​នូវ​រាល់​បេសកកម្ម​ដែល​បុរស​ជា​អ្នកចាត់ចែង​មាន​ជាអាទិ៍ៈ​ជំនាញ​បោសសម្អាត​មីន កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលានយន្តហោះ នាយទាហាន​សេនាធិការ និង​សង្កេតការណ៍​។ នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់ លោក អា​ឡិច​ហ្សា​ន​ឌឺ ហ៊ួ​យ​យិន (Alexandre Huynh) តំណាង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។​

ឆ្លង​តាមរយៈ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​(​អ​. ស .​ប ) យុទ្ធ​នារី​មួក​ខៀវ​កម្ពុជា​សម្រេចបាន​ស្នាដៃ​ជា​បន្តបន្ទាប់​ក្នុង​តំបន់​បេសកកម្ម​ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម​ជា​វិ​រ​នារី​នា​សម័យ​តេ​ជោ​ដោយបាន​ឆ្លងកាត់​ប្រឡូក​ក្នុង​រាល់​បេសកកម្ម​ដែល​ធ្លាប់តែ​ជាការ​ងារ​របស់​បុរស​នោះ​។​

វរសេនីយ៍ត្រី ជា ម៉ៃ​សុ​រស ជា​នាយទាហាន​សេនាធិការ​មួយរូប ក្នុងចំណោម​នាយទាហាន​សេនា​សរុប​ចំនួន​២៦​រូប​ក្នុងនោះ​នារី​ចំនួន​៤​រូប​ដែល​ត្រូវបាន​ដាក់ពង្រាយ​តាម​តំបន់​បេសកកម្ម​នានា​របស់ អ​. ស .​ប ត្រូវបាន​ទទួល​នូវ​ការវាយតម្លៃ​ខ្ពស់​ពី​ឆន្ទៈ​ប្តូរផ្តាច់​តស៊ូ ក្រាញននៀល​ក្នុងការ​បំពេញភារកិច្ច​ការងារ​សម្រាច​បាន​បាន​លទ្ធផល​ជា​បន្តបន្ទាប់​ជូន​ជាតិ​មាតុភូមិ​។

​បច្ចុប្បន្ននេះ វរសេនីយ៍ត្រី​ជា ម៉ៃ​សុ​រស បាននិងកំពុង​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ក្នុង​មុខនាទី​ជា​នាយទាហាន​សេនាធិការ បាន​ចុះ​តាម​បណ្តា​ទីតាំង​ជាមួយ​កងកម្លាំង​មួក​ខៀវ​ពហុ​សាសន៍ ក្នុងភូមិ​សាស្ត្រ​ប្រទេស​ស៊ូដង់​ខាងត្បូង​ដោយ​ឆ្លងកាត់​ព្យុះ​ខ្សាច់​កាច​សាហាវ និង​រង​នូវ​សីតុណ្ហភាព ប្រែប្រួល​យ៉ាងខ្លាំង​ក្នុង​តំបន់​ខាងលើនេះ ដែលមាន​កម្រិត​ចាប់ពី​២០​អង្សា​សេ នាពេល​រាត្រី និង​រហូតដល់​កម្រិត ជាង​៥០​អង្សា​សេ នាពេល​ថ្ងៃ ។ ជម្ងឺគ្រុនចាញ់ និង​ប្រភេទ​ជម្ងឺ​ប្លែក​ជាច្រើន​ប្រភេទ​ទៀត​ក្នុងប្រទេស​តំបន់​អាហ្វ្រិក​មួយ​នេះ ក៏​ជា​កត្តា​ប្រឈម​ផងដែរ​។​

​ជា​យុទ្ធ​នារី​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​បាន​ប្រឡូក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់ អ .​ស .​ប ជាច្រើន​តំបន់​បេសកកម្ម​អស់​រយៈកាល​ជាង​១០​ឆ្នាំ​កន្លងទៅនេះ វរសេនីយ៍ត្រី ជា ម៉ៃ​សុ​រស ទទួលបាន​ការកោតសរសើ​រ​ពី​កម្រិត​សមត្ថភាព​ស្នាដៃ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ការងារ​ជូន​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់ ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​មេបញ្ជាការ​ប្រចាំ​តំបន់​បេសកកម្ម រួម​នឹង​មន្ត្រីជាន់ខ្ពស់​របស់ អ .​ស .​ប ដោយបាន​ចាត់ទុកជា​វិ​រ​នារី​កង​យោធា​មួក​ខៀវ​កម្ពុជា​ដ៏​ល្បីល្បាញ​មួយរូប​របស់​កម្ពុជា​។​
​ចំណងជើង​រូបៈ​សកម្ម​ភាពចុះ​បំពេញបេសកកម្ម​តាម​មូល​ដ្ឋា​ម​នានា​ក្នុង​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង របស់​យុទ្ធ​នារី​កងកម្លាំង​មួក​ខៀវ​កម្ពុជា ៕B