វីឡា​បាតសមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ត្រូវបាន​សម្ភោ​ធ​នៅ​ម៉ា​ល់​ឌី​វ តែ​ស្នាក់នៅ​មួយ​យប់​គិតថ្លៃ ៥០.០០០ ដុល្លារ​

433

​ភ្ញៀវទេសចរ​នៅ​រមណីយដ្ឋាន Conrad Maldives Rangali Island របស់​ម៉ា​ល់​ឌី​វ​ឥឡូវនេះ​មានឱកាស​ដេក​ជាមួយ​ត្រី ប៉ុន្តែ​ពុំមាន​អ្វី​ត្រូវ​ខ្លាច​ក្នុងការ​ដេក​ជាមួយ​វា​នោះទេ​។​

​នោះ​គឺ​ដោយសារតែ​រមណីយដ្ឋាន​នេះ​បាន​បើក​សម្ភោ​ធ​នូវ​អ្វីដែល​គេ​ជឿថា​ជា​វីឡា​បាតសមុទ្រ​ដំបូង​បំផុត​នៅលើ​ពិភពលោក ហើយ​រូបភាព​ជាច្រើន​បានបង្ហាញ​ថា​វា​នឹង​ក្លាយទៅជា​បន្ទប់​សណ្ឋាគារ​មួយ​ក្នុងចំណោម​បន្ទប់​សណ្ឋាគារ​លំដាប់​ពិភពលោក​ដែល​គេ​ចង់​មក​ស្នាក់នៅ​បំផុត​។ សម្រាប់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ អាច​គេង​នៅ​វីឡា​នេះ​បាន ដោយ​វា​មានតម្លៃ​ត្រឹមតែ ៥០.០០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​យប់​។​

​វា​ជា​បន្ទប់​មាន​២​ជាន់ ដោយ​ជាន់​ទាប​ជាងគេ​មាន​កម្ពស់ ៥ ម៉ែត្រ​ស្ថិតនៅក្រោម​រលក​។ វា​មាន​បន្ទប់​គេង បន្ទប់ទទួលភ្ញៀវ និង​បន្ទប់ទឹក ហើយ​ជាទូទៅ​មាន​កញ្ចក់​ព័ន្ធ​ជុំវិញ ដើម្បីឱ្យ​ភ្ញៀវ​អាច​មើលឃើញ​សត្វ​សមុទ្រ​ចម្រុះ​ពណ៌​ហែល​ឆ្លងកាត់​វីឡា​បាតសមុទ្រ​នោះ​។​

​វីឡា ដែលមាន​ឈ្មោះថា Muraka គឺ​ចំណាយ​អស់ ១៥ លាន​ដុល្លារ​ដើម្បី​សាងសង់ ហើយនឹង​ផ្តល់ជូន​ភ្ញៀវ​នូវ​ទេសភាព​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​ពី​មហាសមុទ្រ​ឥណ្ឌា​។​

​វីឡា​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​របស់​ក្រុមហ៊ុន Crown Company ហើយ​ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន M J Murphy Limited ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ដែលមាន​ជំនាញ​ខាង​បច្ចេកវិជ្ជា​អាង​ចិញ្ចឹម​ត្រី​។​

​បន្ទប់​បាតសមុទ្រ​ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​បន្ទប់​ជាន់​លើ​ដោយ​ជណ្តើរ​រាងគូទខ្យង​៕ ដោយ៖ កញ្ញាដាលីស

រមណីយដ្ឋាន Conrad Maldives Rangali Island បើក​សម្ភោ​ធ​វីឡា Muraka សម្រាប់​ភ្ញៀវ​សម្បូរ​លុយ ដែល​មួយ​យប់​គិតថ្លៃ​៥​ម៉ឺន​ដុល្លារ