វី​ង​ព្យាយាម​ខិត​កាន់តែ​ជិត​អតិថិជន តាមរយៈ​ភ្នាក់ងារ​វី​ង​មី​នី​

946
ចែករម្លែក
ធនាគារ​ឯកទេស​វី​ង បានដាក់​ឲ្យ​ដំណើរការ​ភ្នាក់ងារ​វី​ង​មី​នី​

ដោយ​: សុផល / ភ្នំពេញ​: ដោយ​មើលឃើញ​ពី​ភាពជោគជ័យ នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​រួមមាន​ការបញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ និង​ទូទាត់​វិក្កយបត្រ ធនាគារ​ឯកទេស​វី​ង បានដាក់​ឲ្យ​ដំណើរការ​ភ្នាក់ងារ​វី​ង​មី​នី​។ អតីត​ភ្នាក់ងារ​វី​ង​ភ័​ញ​ទាំង ២០០០​នាក់ ដែល​ផ្តល់​សេវាកម្ម​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ និង​ទូទាត់​វិក្កយបត្រ នឹងត្រូវ​បាន​គេ​ហៅថា វី​ង​មី​នី ចាប់ពី​ថ្ងៃនេះ​តទៅ​។ ការផ្លាស់ប្តូរ​នេះ នឹង​ជួយ​ចូលរួមចំណែក​បង្កើន​ចំណូល​បន្ថែម សម្រាប់​ភ្នាក់ងារ​វី​ង​ទាំងអស់ ពី​ការផ្តល់ជូន​សេវាកម្ម​ពីរ​ថ្មី​ទៀត មានដូចជា​ការបង្កើត​គណនី និង​ដាក់​ប្រាក់​ចូល​គណនី​វី​ង​។

​វី​ង​មី​នី ត្រូវបាន​ចាត់ជា​ភ្នាក់ងារ​វី​ង​តូច ដែល​ផ្តោតលើ​សេវាកម្ម​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ បង់​វិក្កយបត្រ​ទឹក​ភ្លើង​ឬ​ប្រាក់កម្ចី បើក​គណនី និង​ដាក់​ប្រាក់​ចូល​គណនី​វី​ង​។ ភ្នាក់ងារ​វី​ង មី​នី អាចជា​តូប​លក់ទំនិញ​ជិតខាង​ផ្ទះ​របស់​អ្នក ដែល​លក់​របស់​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ​។ អតិថិជន​ក៏​អាច​ហៅ វី​ង​មី​នី ជា​ភ្នាក់ងារ​វី​ង ដែល​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ទូទៅ លើកលែង​សេវាកម្ម​ផ្ទេរប្រាក់​។

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង​បាន​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ​វី​ង​មី​នី ទាំងអស់​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​របស់​វី​ង ទោះបីជា​ពួកគាត់​រកបាន​ចំណូល​តិចតួច​ពី របរ​លក់ទំនិញ​តូចតាច​នៅ​ពីមុខ​ផ្ទះ ឬ​នៅតាម​ផ្លូវ​សាធារណៈ​ជាដើម​។

​លោក ម៉ា​ឡូ​ឡូ​ស បាន​មានប្រសាសន៍ថា “​យើង​ពិតជា​កោតសរសើរ​ចំពោះ​ស្មារតី និង​ការតាំង​ចិត្ត​ខ្ពស់​របស់​ភ្នាក់ងារ​វី​ង​មី​នី ក្នុងការ​ផ្តល់​ជំនឿ​ចិត្ត និង​ចូលរួម​ជាមួយ​ពួកយើង ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទែ​ម នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​។ វា​ជា​ទំនួល​ខុសត្រូវ​របស់​វី​ង ក្នុងការ​ធានាថា ដៃគូ​អាជីវកម្ម​របស់​យើង​រីកចម្រើន​ជាមួយ​យើង ហើយ​វី​ង​មី​នី គឺជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​ឧទាហរណ៍​ជាច្រើន​”​។​

​លោកស្រី ករ ចេតនា ភ្នាក់ងារ​វី​ង​មី​នី​ម្នាក់ ដែលមាន​ទីតាំង​លក់​នៅ​ជិត​ផ្សារ​អូរ​ឬ​ស្សី​បាន​ប្រាប់ថា ចំណូល​ដែល​នាង​រកបាន​ពី​ការផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​របស់​វី​ង ពិតជា​បាន​ចូលរួម​ចំ​ណែ​ជាច្រើន ក្នុងការ​រីកចម្រើន​មុខរបរ​លក់​ទូរស័ព្ទ​របស់គាត់​។

​ចំណែក​លោកស្រី ចេតនា មានប្រសាសន៍​បន្ថែមថា “​តាមរយៈ​ចំណូល​ដែល​រកបាន​ពី​ការផ្តល់ជូន​សេវាកម្ម​របស់​វី​ង ក្នុង​រយៈពេល ពីរ​ឆ្នាំនេះ ខ្ញុំ​អាចមាន​លទ្ធភាព​ក្នុងការ​ពង្រីក​រប​រល​ក់​ទូរស័ព្ទដៃ​របស់ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាចមាន​លទ្ធភាព​ផ្តល់ សេវាកម្ម​វី​ង រឹតតែ​ច្រើន​ទៅៗ​នា​ថ្ងៃ​អនាគត​”​។​

​វី​ង​មី​នី ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ខិត​កាន់តែ​ជិត​អតិថិជន និង​ផ្តល់​សេវាកម្ម​ប្រហាក់ប្រហែល​នឹង សេវាកម្ម​ដែល​ផ្តល់ជូន​ដោយ​ភ្នាក់ងារ​វី​ង​ខាស​អ៊ិ​ច​ប្រេ​ស​។ ភ្នាក់ងារ​វី​ង​ខាស​អ៊ិ​ច​ប្រេ​ស នឹង​នៅតែ​ជាទី​តាំង​ដែល​ផ្តល់​សេវាកម្ម​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ខណៈដែល​វី​ង​មី​នី នឹង​នៅ​ជិត​លោកអ្នក សម្រាប់​សម្រួល​ដល់​ការបង់ថ្លៃ​វិក្កយបត្រ រួមមាន​វិក្កយបត្រ​ទឹក​ភ្លើង អ៊ី​ន​ធឺ​ណេ​ត ទូរទស្សន៍​ខ្សែកាប និង​ថ្លៃ​ចំនាយ​ជាច្រើន​ទៀត​។ ភ្នាក់ងារ​វី​ង​មី​នី ក៏មាន​ផ្តល់​សេវា​បង់ប្រាក់​កម្ចី​ជូន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុន​ធានារ៉ាប់រង និង​អាជីវកម្ម​នានា​នៅក្នុង​ប្រទេស​ផងដែរ​។ អតិថិជន​ក៏​អាច​បើក​គណនី​វី​ង តាមរយៈ​វី​ង​មី​នី​ផងដែរ​ពេល​គេច​ង់​ប្រើប្រាស់​គណនី​វី​ង​សម្រាប់ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​។ ​សម្រាប់​អតិថិជន​ដែលមាន​គណនី​វី​ង និង​គណនី​គ្មាន​កាត ពួកគាត់​ក៏​ស្វែងរក​សេវា​ដាក់​ប្រាក់​ពី​វី​ង​មី​នី​ផងដែរ​៕ ល​