វី​ង និង អម្រឹត សហការគ្នា ផ្ដល់​សេវា​ដាក់​ប្រាក់ និង​ផ្ទេរប្រាក់​រវាង​គណនី និង​គណនី​

392
ចែករម្លែក
  • 17
    Shares

ដោយៈ​សុផល / ភ្នំពេញៈ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​នាំមុខគេ​នៅ​កម្ពុជា បាន​សហការ​ជាមួយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក្នុងការ​ដាក់​ឲ្យ​ដំណើរការ នូវ​សេវា​សេវា​ដាក់​ប្រាក់ និង​ផ្ទេរប្រាក់​រវាង​គណនី និង​គណនី ដើម្បី​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ថែមទៀត ដល់​អតិថិជន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​២​។​

​តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​របស់​វី​ង និង​អម្រឹត នឹង​អាចធ្វើ​ការផ្ទេរ​ប្រាក់ ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង ឬ​ពី​គណនី​វី​ង​ទៅ​គណនី​អម្រឹត តាមរយៈ​កម្មវិធី ស្មា​ត​ហ្វូ​ន​វី​ង ឬ USSD *989# ។ លើសពីនេះ​ទៀត អតិថិជន​របស់​អម្រឹត អាចដាក់​ប្រាក់​ទៅក្នុង​គណនី​អម្រឹត​របស់​ពួកគេ ដោយ​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង ៦០០០ កន្លែង នៅ​ទូទាំងប្រទេស​។​

​ការដាក់​ឲ្យ​ដំណើរការ​នៃ​សេវា​ទាំងពីរ​នេះ នឹង​ជំនួស​ឲ្យ​ទម្លាប់​ជាទូទៅ​នៃ​ការដាក់​ប្រាក់ របស់​អតិថិជន​អម្រឹត​រាប់ពាន់នាក់ ដែលជា​ទូទៅ​ពួកគាត់ ត្រូវធ្វើ​ដំណើរ​ទៅកាន់​សាខា​ណាមួយ​របស់​អម្រឹត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នេះ​។ ផ្ទុយទៅវិញ តាមរយៈ​សេវា​ថ្មី​នេះ ពួកគាត់​អាច​ចូលទៅក្នុង​កម្មវិធី Wing Money ឬ USSD *989# ដើម្បី​ធ្វើការ​ផ្ទេរប្រាក់ ឬ​ទៅ​ភ្នាក់ងារ​វី​ង​ណាមួយ ដើម្បី​ធ្វើការ​ដាក់​ប្រាក់​ទៅក្នុង​គណនី​អម្រឹត ដែល​ភាពងាយស្រួល​នេះ នឹង​អាចជួយ​បង្កើន​ផលប័ត្រ​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ក្នុងការ​ប្រើប្រាស់​នាពេល​អនាគត ឬ​ការបង់ប្រាក់​សង​ត្រលប់ នៃ​ប្រាក់កម្ចី​ប្រចាំខែ​របស់​ពួកគាត់​។​

​ខណៈពេល​ចូលរួម​នៅក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ នៅឯ​ការិយាល័យ​កណ្តាល​របស់​អម្រឹត កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​មានប្រសាសន៍ថា ភាពជា​ដៃគូ​រវាង​វី​ង និង អម្រឹត ត្រូវបាន​ធ្វើឡើង​ក្នុងការ​ប្តេជ្ញាចិត្ត​រួមគ្នា នៅក្នុង​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ ទៅដល់ អ្នក​មិនមាន​គណនី​ធនាគារ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ក្នុងការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ចូលរួមចំណែក ដល់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស​បន្តទៀតថា “​ជាមួយនឹង​ការចាប់ផ្តើម​នេះ យើង​បាន​ឈានដល់​ដំណាក់កាល​មួយ​ផ្សេងទៀត នៅក្នុង​បេសកកម្ម​របស់​យើង ដើម្បី​ផ្ដល់​សេវា​ផ្ទេរប្រាក់ និង​តម្រូវ​ការដាក់​ប្រាក់ របស់​អតិថិជន​របស់​យើង​។ មិន​ថា​ជាការ​ធ្វើ​ប្រតិ​ប​តិ្ត​ការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ ការ​បង្វិល ប្រាក់​សម្រាប់ធ្វើ​ការវិនិយោគ ក្នុង​រយៈ ពេល​វែង ឬ​ការដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់​ភ្លាមៗ គឺ​វា​ស្ថិតនៅក្នុង​ដៃ​របស់​អតិថិជន វី​ង និង អម្រឹត តាមរយៈ​សេវាកម្ម​ផ្ទេរប្រាក់​ពី​គណនី​ទៅ​គណនី និង​ការដាក់​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់ រួម​ជាមួយនឹង​ការផ្ដល់ជូន​នូវ​លទ្ធភាព​ជាច្រើន​ផ្សេងទៀត ។​

​លោក ជា ផល្លា​រិ​ន អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​មានប្រសាសន៍ថា គោលបំណង​ធំ​បំផុត នៃ​ការចាប់ផ្តើម​ដំណើការ របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងពីរ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន និង​ធានាថា ពួកគាត់​មាន​ឧបករណ៍​ដើម្បី​សម្របសម្រួល ក្នុងការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង ដែល​ពួកគាត់​ត្រូវធ្វើ​។​

​លោក​បាន​បន្តទៀតថា​៖ “​ឈ្មោះ​របស់​យើង “​អម្រឹត​” មានន័យថា ចម្រើន​រុងរឿង​។ យើង [​អម្រឹត​] ផ្តល់ជូន​នូវ​សេវា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ ដោយ​ផ្ដោតទៅលើ​ចំណាប់អារម្មណ៍​របស់​អតិថិជន សម្រាប់​សេវា​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង​។ ភាពខ្លាំង​នៃ​អាជីវកម្ម​របស់​យើង [​អម្រឹត​] គឺជា​លទ្ធផល​ដោយផ្ទាល់​ពី​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​របស់​អតិថិជន ដែលមាន​ចំពោះ​យើង [​អម្រឹត​] ហើយក៏​ដូចជា​ជំនឿ​ចិត្ត និង​ទំនុកចិត្ត​ដែល​យើង [​អម្រឹត​] មាន ចំពោះ​ដៃគូ​របស់​យើង [​អម្រឹត​] មានដូចជា វី​ង ជាដើម​។​”

​ភាពជា​ដៃគូ​នេះ នឹង​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ឈានទៅដល់​អតិថិជន​គោលដៅ​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់ ដែលមាន​វត្តមាន​ភ្នាក់ងារ​វី​ង​នៅ​ទីនោះ បន្ថែម​ទៅលើ​សេវាកម្ម​បង់​ត្រ​លប់នៃ​ប្រាក់កម្ចី ដែល​ស្ថាប័ន​ទាំងពីរ បានផ្ដល់​ជូន​កាលពី ២ ឆ្នាំមុន​។ បន្ថែម​ពីលើ​ភាពងាយស្រួល នៃ​ការផ្ទេរ​ប្រាក់​រវាង​គណ​នី​និង​គណនី អតិថិជន​របស់​អម្រឹត ក៏​អាច​រីករាយ​ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ថ្មី ដែល​ផ្តល់ជូន​នៅក្នុង​កម្មវិធី ស្មា​ត​ហ្វូ​ន​វី​ង​រួមមាន សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​និង​អន្តរជាតិ ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ការទូទាត់​វិក្កយបត្រ​ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ និង​ប្រតិបត្តិការ​ជាច្រើន​ទៀត​។​

​ដើម្បី​អបអរសាទរ​ចំពោះ​ភាពជា​ដៃគូ​នេះ ចាប់ពី​ថ្ងៃទី ១ ខែមករា ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្ទេរប្រាក់ រវាង​គណនី​វី​ង​និង​អម្រឹត និង​ពី​គណនី​អម្រឹត​ទៅ​គណនី​វី​ង នឹងមិន​ត្រូវ​បានគិត​ថ្លៃ​សេវា​នោះទេ​។ ការមិន​គិត​កម្រៃ​នេះ ផ្ដល់ជូន​ចំពោះតែ​អតិថិជន ដែល​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី Wing Money ឬ​USSD *989# តែប៉ុណ្ណោះ​៕ ល​