វី​ដូ​ដូ ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី ជាមួយនឹង​ការសន្យា​នាំ​ឥណ្ឌូនេស៊ី​អោយ​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៤៥

186
ចែករម្លែក

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​២ ជាមួយនឹង​ការសន្យា​ធ្វើ​ជា​ជើងឯក​ប្រជាធិបតេយ្យ​​និង​ចាត់វិធានការ​មោះមុត​ប្រឆាំងនឹង​ភាពក្រីក្រ រួម​ទាំង​អំពើ​ពុករលួយ​នៅក្នុង​ប្រជាជាតិ​ដែល​មាន​ប្រជាជន​អ៊ីស្លាម​ច្រើន​បំផុត​ក្នុង​លោក​មួយ​នេះ​។​

​ក្រោយ​ពី​ការធ្វើ​សម្បថ​នៅ​ចំពោះមុខ​គម្ពី​កូអា​ន ដែល​ជា​សៀវភៅ​ពិសិដ្ឋ​នៃ​សាសនា​អ៊ីស្លាម នៅមុខ​សមាជិកសភា​និង​ឥស្សរជន​បរទេស លោក​វី​ដូ​ដូ​បាន​ដាក់ចេញ​គោលដៅ​ប្រ​​កប​ដោយ​មហិច្ឆតា​ដើម្បី​ជួយ​អោយ​ឥណ្ឌូនេស៊ី​ចូលរួម​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​នៅ​ត្រឹម​ឆ្នាំ​២០៤៥​។​

​លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​ឡើងកាន់​តំណែង​ថា លោក​រំពឹង​ថា ភាពក្រីក្រ​ដែល​នៅ​មាន​លើ​មនុស្ស​ជិត​១០​ភាគរយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជិត​២៧០​លាន​នាក់​របស់​ឥណ្ឌូ​នេ​​ស៊ី នឹង​ត្រូវ​លុបបំបាត់​ចោល​ហើយ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំ​ឆ្នាំ​នឹង​ឡើងដល់​៧​លាន​លាន​ដុល្លារ​នៅ​ពេល​នោះ​។​

​លោក​វី​ដូ​ដូ ក៏​បាន​ព្រមាន​ថា «​សំរាប់​អ្នក​មិន​ហ្មត់ចត់ មិន​សកម្ម​ក្នុង​ការបំពេញ​ការងារ ខ្ញុំ​នឹង​មិន​ប្រណី​ទេ​។​ខ្ញុំ​ពិតជា​បណ្តេញ​មនុស្ស​ប្រភេទ​នេះ​ចោល​»​។​

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ​(​កណ្តាល​)​ញញឹម​នៅពេល​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​២០​តុលា​នៅ​ក្រុង​ហ្សា​ការតា

​សូមបញ្ជាក់​ថា ពិធី​នេះ​មាន​ការចូលរួម​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​ទៅ​ពី​១៧​ប្រទេស ដូច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា នាយករដ្ឋមន្ត្រី​អូស្ត្រាលី អនុ​ប្រធានាធិបតី​ចិន នាយក​​រដ្ឋមន្ត្រី​សិង្ហ​បុរី​និង​ម៉ាឡេស៊ី ។​

អ្នកគាំទ្រអបអរការចូលកាន់តំណែងអាណត្តិទី២របស់លោកចូកូ វីដូដូ

​ឥណ្ឌូនេស៊ី​ជា​បន្ទាយ​លទ្ធិប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ីអាគ្នេយ៍ ជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចំរើន​និង​លទ្ធិ​ចម្រុះ​ចាប់ពី​ប្រជាធិបតេយ្យ ផ្តាច់ការ រដ្ឋ​បែប​ប៉ូលិស​និង​ប្រ​​ជា​ធិបតេយ្យ​ទើប​ដុះដាល​។​ក្រោយ​ស្ថិតក្រោម​ការដឹកនាំ​បែប​ផ្តាច់ការ​របស់​សព​ប្រធានាធិបតី ស៊ូ​ហា​តូ ប្រទេស​នេះ​ត្រូវ​រំខាន​ដោយ​ចលាចល​នយោបាយ ជាតិ​សាសន៍​និង​សាសនា​​នៅ​ចុង​ទសវត្សរ៍​១៩៩០ និង​ដើម​ទសវត្សរ៍​២០០០​។​ចាប់តាំងពី​ពេលនោះ​វា បាន​ពង្រឹង​អន្តរកាល​ប្រជាធិបតេយ្យ ខណៈ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ស្ថិតក្នុង​ភាពក្រីក្រ​និង​វិសម​ភាព​​កើនឡើង​។​វា​ជា​ជម្រក​នៃ​ការរីក​ធំធាត់​របស់​វណ្ណៈ​កណ្តាល​ដ៏​ឆាប់រហ័ស​។​

​ដោយ​ត្រូវ​គេ​ហៅ​យ៉ាង​សាមញ្ញ​ថា ចូ​កូវី លោក​វី​ដូ​ដូ ជា​កូន​របស់​អ្នក​ផលិត​គ្រឿង​សង្ហារឹម ដែល​ធំ​ដឹងក្តី​ជាមួយ​គ្រួសារ​នៅ​ក្នុងផ្ទះ​ឬ​ស្ស៊ី​មួយ​នៅ​មាត់​ទន្លេ​ដែល​ងាយ​នឹង​ជួប​ការ​លិច​​លង់​នៅ​ទីក្រុង​សូ​ឡូ លើ​កោះ​ជ្វា​។​លោក​ជា​ប្រធានាធិបតី​ដំបូង​គេ​មក​ពី​ក្រៅ​ត្រកូល​កំពូល​អ្នកមាន ក្រុម​កំពូល​អ្នកជំនួញ​និង​ក្រុម​យោធា​សម្រាំង​ដែល​តែងតែ​ង​ប្រព្រឹត្ត​អំពើ​​ពុករលួយ​។​

​វី​ដូ​ដូ វ័យ​៥៨​ឆ្នាំ តាំងខ្លួន​ជា​មនុស្ស​របស់​ប្រជាជន ដោយ​ច្រើនតែ​រំលឹក​អំពី​សវ​តា​ចេញមក​ពី​គ្រួសារ​ក្សត់ខ្សោយ​។​ប្រជាប្រិយភាព​របស់​លោក​បាន​ជួយ​អោយ​លោក​ជាប់​ឆ្នោត​កាន់​​តំណែង​អភិបាលក្រុង​សូ​ឡូ​អស់​និង អភិបាលក្រុងហ្សា​ការតា​១៤​ឆ្នាំ និង​ប្រធានាធិបតី​២​លើក​ទាំង​លើក​នេះ​។​ឆ្លុះបញ្ចាំង​អំពី​ប្រជាប្រិយភាព​នេះ​លោក​មាន​អ្នកគាំទ្រ​ជិត​២៦​លាន​​នាក់​នៅក្នុង​បណ្តាញ​សង្គម​Instagram​និង​១២​លាន​នាក់​នៅលើ Twitter​។​

​វី​ដូ​ដូ បាន​ស្បថ​ជាមួយ​អនុ​ប្រធានាធិបតី​ថ្មី ម៉ា​រូ​ហ្វ អា​មីន ដែល​ជា​មេដឹកនាំ​សាសនា​សំខាន់​បំផុត​នៅ​ឥណ្ឌូនេស៊ី​។​លោក​ជ្រើស​យក​លោក​អា​មីន ជា​អនុប្រធាន​របស់​លោក​ដើម្បី​​ជួយ​ទ្រោល​ការគាំទ្រ​របស់​លោក​ក្នុងចំណោម​អ្នក​កាន់​សាសនា​អ៊ីស្លាម​។ អា​មីន ធ្លាប់​ជា​ប្រធាន​អង្គការ​Majelis Ulama Indonesia ដែល​ជា​ក្រុមប្រឹក្សា​មេដឹកនាំ​អ៊ីស្លាម​របស់​ឥ​​ណ្ឌូ​នេ​ស៊ី ។​

​លោក​ត្រូវ​បាន​សរសើរ​ជា​ទូទៅ​ចំពោះ​កិច្ចខិតខំ​របស់លោក​ដើម្បី​ធ្វើអោយ​ហេដ្ឋារចនាសម្ពន្ធឥ​ណ្ឌូ​នេ​ស៊ី ប្រសើរ​ឡើង​និង​កាត់បន្ថយ​ភាពក្រីក្រ​។​លោក​បាន​សម្ពោធ​ប្រព័ន្ធ​ផ្លូវ​រថ​​ភ្លើង​ក្រោម​ដី​ដំបូង​គេ កាលពី​ខែ​មីនា​និង​បាន​សន្យា​បន្ត​ជំរុញ​កំណែ​ទំរង់​សេដ្ឋកិច្ច​ទូទៅ ៕​​ដោយ​៖វាសនា​