វើ​ល​ខាប់​ស្រី ៖ អាម៉េរិក​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​មិន​ចូល​របស់​កីឡាការិនី​ហូ​តុ​ន​ធ្វើឱ្យ​អង់គ្លេស​បាត់បង់​ឱកាស​តាម​ស្មើ​ចុង​ម៉ោង​

435
ចែករម្លែក

​កីឡាការិនី អា​ឡិច ម៉ូ​ហ្គា​ន (Alex Morgan) បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ ប៉ុន្តែ​បាន​កោតសរសើរ​អ្នកចាំទី អា​លី​ស​សា ណ័​រ (Alyssa Naeher) ក្រោយពី​ការសង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​ចុង​ម៉ោង​របស់​នាង​ពី​កីឡាការិនី​អង់គ្លេស ស្តេ​ប ហូ​តុ​ន (Steph Houghton) បាន​ជួយ​ឱ្យ​អាម៉េរិក​ទទួល​ជ័យជម្នះ ២-១ លើ​អង់គ្លេស​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ស្រី​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​។​

​នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ ៣០ ឆ្នាំ​របស់​នាង សហប្រធាន​ក្រុម​អាម៉េរិក នាង ម៉ូ​ហ្គា​ន បានតែ​ត​បញ្ចូល​ទី​គ្រាប់​ទី​៦​របស់​នាង​នៅ​វើ​ល​ខាប់ ក្រោយពី​ប្រកួត​បាន​កន្លះ​ម៉ោង​នៅក្នុង​ការប្រកួត​វគ្គ ៤ ក្រុម​ចុងក្រោយ​ដើម្បី​ជួយ​ក្រុម​របស់​នាង​នាំមុខ​អង់គ្លេស​វិញ ក្រោយពី​កីឡាការិនី​អង់គ្លេស អែល​ឡិន វ៉ា​យ ស៊ុត​តាម​ស្មើ​វិញ បន្ទាប់ពី​ការ​ស៊ុត​នាំមុខ​របស់​កីឡាការិនី​អាម៉េរិក នាង គ្រី​ស្ទិ​ន ប្រេ​ស​។​

​ប៉ុន្តែ​បន្ទាប់ពី​ការប្រកួត​ដ៏​ល្អមើល ៤៥ នាទី​ដំបូង តង់​ទី​២​គឺ​គ្របដណ្តប់​ដោយ​ភាពចម្រូងចម្រាស់​របស់​ជំនួយការ​វីដេអូ​អាជ្ញាកណ្តាល (VAR) ខណៈ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ត្រូវបាន​បដិសេធ​ចំពោះ​គ្រាប់​បាល់​មួយ​ផ្សេងទៀត​របស់​កីឡាការិនី​វ៉ា​យ​ដោយសារ​ជំហរ​អក​ហ្ស៊ឺ​បន្តិចបន្តួច​ប៉ុណ្ណោះ បន្ទាប់ពី​អាជ្ញាកណ្តាល​ប្រេ​ស៊ី​ល​ពិនិត្យ​វីដេអូ​ឡើងវិញ​។​

​កូនក្រុម​អង់គ្លេស​របស់លោក​ហ្វីល នេ​វី​ល នៅ​ចុង​ម៉ោង​បានទទួល​ផលចំណេញ​ពី​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្តាល​ឈ្មោះ អេ​ឌី​ណា អាល់​វ៉េ​ស បាទី​ស្តា ក្នុងការ​ផ្តល់​បាល់​ពិន័យ ១១ ម៉ែត្រ​ដល់​អង់គ្លេស បន្ទាប់ពី​នាង បេ​ក​គី សៅ​អឺ​ប្រុ​ន ធ្វើឱ្យ​ដួល​កីឡាការិនី​វ៉ា​យ​នៅក្នុង​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​ការទា​ត់បាល់​១១​ម៉ែត្រ​របស់​កីឡាការិនី​ហូ​តុ​ន​នៅ​នាទី​ទី​៨៤ ត្រូវបាន​បញ្ឈប់​ដោយ​អ្នកចាំទី​អាម៉េរិក អា​លី​ស​សា ណ័​រ ដែល​លោត​ផ្លុ​ង​ទៅ​ស្តាំ​ដៃ​របស់​នាង​។​

​អាម៉េរិក​ឥឡូវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប​ជាមួយ​ហូ​ឡង់​ឬ​ស៊ុយអែត ដែល​នឹង​ប្រកួត​គ្នា​នៅ​ថ្ងៃ​ពុធ​ទី​៣​កក្កដា​នេះ​៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉ូ​ហ្គា​ន​ស៊ុត​គ្រាប់​ជ័យជម្នះ​នៅ​តង់​ទី​១​ជួយ​ឱ្យ​អាម៉េរិក​ឈ្នះ​អង់គ្លេស ២-១