វើ​ល​ខាប់ ៖ កូរ៉េខាងត្បូង​ប្តេជ្ញា​លេង​រហូតដល់​ដង្ហើមចុងក្រោយ​ដើម្បី​យកឈ្នះ​លើ​អាល្លឺម៉ង់​

1031
ចែករម្លែក

​លោក សិន តែ​យ៉ាំង គ្រូបង្វឹក​របស់​កូរ៉េខាងត្បូង​និយាយថា ក្រុម​របស់គាត់​មានឱកាស​តែ ១ ភាគរយ​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​អាល្លឺម៉ង់ និង​ការបញ្ជូន​ម្ចាស់​ការពារ​តំណែង​ជើងឯក​នេះ​ត្រឡប់​ទៅ​ស្រុក​វិញ​។​

​បរាជ័យ​ក្រោម​ស្នាដៃ​ម៉ិ​ក​ស៊ិ​ក ១-០ និង​ជ័យជម្នះ​ចុង​ម៉ោង ២-១ លើ​ក្រុម​ស៊ុយអែត​បានធ្វើឱ្យ​ក្រុម​របស់លោក ចាវ​ជី​ម ឡូ​វ ក្លាយជា​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដែល​ប្រឈម​ការធ្លាក់​ក្នុង​ពូ​ល ចាប់តាំងពី​ឆ្នាំ ១៩៣៨​។​

​អាល្លឺម៉ង់​អាច​ធានា​ឡើងទៅ​វគ្គ​បន្ទាប់​ជាមួយនឹង​ជ័យជម្នះ​២​គ្រាប់​ឡើងទៅ​នៅ​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ក្រុម​ទាំង​៤​នៅតែ​អាច​ឡើងទៅ​វគ្គ​បន្ទាប់​ដូចគ្នា ក្នុង​ពូ​ល F ទោះបី​កូរ៉េខាងត្បូង​ឥឡូវនេះ​មិនទាន់មាន​១​ពិន្ទុ​ក៏ដោយ​។​

​លោក សិន តែ​យ៉ាំង បាន​និយាយថា “​អាល្លឺម៉ង់​គឺ​ខ្លាំង​ជាង​យើង​ឆ្ងាយ​ណាស់ ដូច្នេះ​វា​នឹងមិន​ងាយស្រួល​សម្រាប់​យើង​ទេ​។ ប៉ុន្តែ​បាល់​មូល ដូច្នេះ​ខ្ញុំ​គិតថា​នឹងមាន​ឱកាស​សម្រាប់​យើង​ផងដែរ​”​។​

​លោក​បន្តថា “​បើទោះជា​យើង​គ្រប់គ្រង​បាល់​តិចជាង​អាល្លឺម៉ង់​ក៏ដោយ ក៏​យើង​នឹងធ្វើ​ឱ្យបាន​ល្អ​បំផុត​ដើម្បី​ផ្តួល​អាល្លឺម៉ង់​នៅ​ថ្ងៃស្អែក (​ថ្ងៃ​ពុធ​នេះ​)​។ យើង​មានឱកាស ១ ភាគរយ​។ វា​នឹង​ក្លាយជា​ការប្រឹងប្រែង​ចុងក្រោយ​របស់​យើង ប៉ុន្តែ​មិន​ថា​យើង​ឈានទៅដល់​វគ្គ ១៦ ក្រុម​ចុងក្រោយ​ឬ​អត់​នោះទេ យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃស្អែក​។ ប្រជាជន​កូរ៉េ​ដឹង​រឿងនេះ ហើយ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​ផ្តល់​ការគាំទ្រ​ដល់​យើង​”៕ ដោយ៖ កញ្ញាដាលីស

លោក សិន តែ​យ៉ាំង គ្រូបង្វឹក​របស់​កូរ៉េខាងត្បូង