វើ​ល​ខាប់ ៖ ក្រសែភ្នែក​គ្រប់គ្នា​សម្លឹងមើល​មក​កីឡាករ​សាឡា ខណៈ​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី​ប្រកួត​ជាមួយ​អេ​ហ្ស៊ី​ប​ថ្ងៃនេះ​

622

ម្ចាស់ផ្ទះ​វើ​ល​ខាប់ រុស្ស៊ី​នឹង​ប្រកួត​ប៉ះ​អេ​ហ្ស៊ី​ប ដែល​កំពុង​ត្រូវបាន​ជំរុញ​ទឹកចិត្ត​ដោយសារ​លទ្ធភាព​វិលត្រឡប់​មកវិញ​របស់​ខ្សែប្រយុទ្ធ​ម៉ូ​ហា​ម៉ាត់ សាឡា នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ដឹង​ច្បាស់​ថាបើ​ហ៊ាន​តែ​ឱ្យ​រុស្ស​ឈ្នះ​ថ្ងៃនេះ គឺ​ដឹង​តែ​រុស្ស៊ី​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​តែម្តង​។

​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Liverpool សាឡា បាន​ខកខាន​ការប្រកួត ពេល​អេ​ហ្ស៊ី​ប​ចាញ់​អ៊ុយ​រូ​ហ្គា​យ​កាលពី​ថ្ងៃ​សុក្រ ខណៈដែល​រូបគេ​កំពុង​ព្យាយាម​ឱ្យ​ឆាប់​ជាសះស្បើយ​ពីរ​បួស​ស្មា ដែល​បាន​កើតឡើង​អំឡុង​ការប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែ​មុន​។​

​ស្មា​របស់​សាឡា​នៅតែ​បន្ត​ធ្វើឱ្យ​រូបគេ​មាន​បញ្ហា​នៅ​ប្រទេស​រុស្ស៊ី ហើយ​កាលពី​ចុង​សប្តាហ៍​នេះ សាឡា​ត្រូវការ​ជំនួយ​ពី​មិត្ត​រួម​ក្រុម ៣ នាក់​ដើម្បី​ពាក់អាវ​ចូល​ហ្វឹកហាត់​។​

​ទោះយ៉ាងណា កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​ពិតជា​ចង់​ចាប់ផ្តើម​ការប្រកួត​ដែល​ត្រូវតែ​ឈ្នះ​ដាច់ខាត​នៅ​ថ្ងៃ​អង្គារ​នេះ​សម្រាប់​ក្រុម​អេ​ហ្ស៊ី​ប ដែល​កំពុង​លេង​នៅ​វើ​ល​ខាប់​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩០​។​

​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រុស្សី​លោក ស្តា​នី​ស្លា​វ ឆឺ​ឆេស​សូវ បាន​អួត​ពី​ភាពខ្លាំង​ក្លា​របស់​រុស្ស៊ី​នៅមុន​ពេល​ការប្រកួត​នៅក្នុង​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក ថា ក្រុម​របស់គាត់​អាច​ទប់ទល់​ជាមួយ​ខ្សែប្រយុទ្ធ​មុត​ស្រួច​រូបនេះ​បាន​។​

​លោក ឆឺ​ឆេស​សូវ និយាយថា “​យើង​ដឹង​ពី​របៀប​លេង​ប៉ះ​ជាមួយ​គាត់​។ យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​បញ្ឈប់​សាឡា ហើយ​យើង​នឹងធ្វើ​វា​បាន​”​។

​គួររំលឹកថា អេ​ហ្ស៊ី​ប បាន​ប្រកួត​ចាញ់ អ៊ុយ​រូ​ហ្គា​យ ១-០ និង រុស្ស៊ី​ឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត ៥-០ ក្នុងជំនួប​ជុំ​ទី​១ ក្នុង​ពូ​ល A៕ ដោយ៖ កញ្ញាដាលីស

សាឡា​ចង់​ចូល​លេង​ថ្ងៃនេះ​ដើម្បី​ជួយ​អេ​ហ្ស៊ី​ប​ទទួលលទ្ធផល​ល្អ​ពេល​ប៉ះ​រុស្ស៊ី​ថ្ងៃនេះ