វើ​ល​ខាប់ ៖ ប៉ូលិស​រុស្ស៊ី​ជម្លៀស​មនុស្ស​ចេញពី​ទីតាំង​រៀបចំ​វើ​ល​ខាប់​នៅ​ទីក្រុង​រ៉ូ​ស្តូវ បន្ទាប់ពី​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក​ច្រើន​កន្លែង​

1041
ចែករម្លែក

​ប៉ូលិស​រុស្ស៊ី​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៧​មិថុនា​នេះ​ថា ពួកគេ​បានទទួល​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​កន្លែង​នៅក្នុង​ទីក្រុង​រ៉ូ​ស្តូវ អន​ដុន ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក ដែល​បង្កឱ្យមាន​ការជម្លៀស​មនុស្ស​ចេញពី​បា​និង​ភោជនីយដ្ឋាន​នៅ​ទូទាំង​ទីក្រុង​។​

​ប៉ូលិស​ក្នុង​តំបន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅ​ថ្ងៃទី ២៦ ខែមិថុនា ប៉ូលិស​បានទទួល​ការហៅ​ទូរស័ព្ទ​ជាច្រើន​អំពី​គ្រឿងផ្ទុះ​ជាច្រើន ត្រូវបាន​បង្កប់​នៅតាម​ទីតាំង​ជាច្រើន​នៅ​ទីក្រុង​រ៉ូ​ស្តូវ អន​ដុន​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ប៉ូលិស​បានឱ្យដឹងថា “​កងកម្លាំង​ប៉ូលិស​បានធ្វើការ​ត្រួតពិនិត្យ​ចាំបាច់​ទាំងអស់ ហើយ​គ្មាន​វត្ថុ​គ្រោះថ្នាក់​ត្រូវបាន​រកឃើញ​ទេ​។ បច្ចុប្បន្ននេះ​ទីលាន​ទាំងអស់​ដំណើរការ​តាម​ធម្មតា​”​។​

​ដោយ​កាន់តែ​ឯកោ​ខ្លាំង​ឡើង​នៅលើ​ឆាក​ពិភពលោក ប្រទេស​រុស្សី​ចង់​ប្រើ​វើ​ល​ខាប់ ដើម្បី​បង្ហាញ​រូបភាព​នៃ​ស្ថិរភាព​និង​ភាពខ្លាំង​របស់ខ្លួន​។ អាជ្ញាធរ​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​ឱ្យមាន​សុវត្ថិភាព ហើយ​ឧបទ្ទវហេតុ​សន្តិសុខ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​អ្នកគាំទ្រ អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដ​ល់​កិច្ចប្រឹងប្រែង​របស់​មូ​ស្គូ​។​

​ប៉ូលិស​ម្នាក់​នៅ​សណ្ឋាគារ Topos Congress-Hotel នៅ​ទីក្រុង​រ៉ូ​ស្តូវ ដែល​ត្រូវបាន​ជម្លៀស​នៅ​ម៉ោង​ប្រហែល ៨ យប់​ថ្ងៃ​អង្គារ បាន​និយាយថា ទីតាំង​ចំនួន ១៦ កន្លែង​ត្រូវបាន​ជម្លៀស​នៅ​ទូទាំង​ទីក្រុង ជា​ផ្នែក​មួយ​នៃ​ការហ្វឹកហាត់​។​

​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ទីក្រុង អ្នកគ្រប់គ្រង​នៅ​ភោជនីយដ្ឋាន Luciano Italian បាន​និយាយថា បុគ្គលិក​ត្រូវបាន​ប្រាប់​ឱ្យ​ជម្លៀស​ចេញពី​អគារ ក្នុង​រយៈពេល ២ ម៉ោង បន្ទាប់ពី​ទទួល​ការគំរាមកំហែង​បំផ្ទុះ​គ្រាប់បែក​។​

​ទីក្រុង​រ៉ូ​ស្តូវ ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​មូ​ស្គូ ៩៥៥ គីឡូម៉ែត្រ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វើ​ល​ខាប់​ចំនួន ៤ ប្រកួត​មកហើយ រួមទាំង ការប្រកួត​ឈ្នះ ២-១ របស់​ក្រូ​អាស៊ី​លើ​អ៊ី​ស្លង់ កាលពី​យប់​ថ្ងៃ​អង្គារ​។ ការប្រកួត​បន្ទាប់​នៅ​ទីក្រុង​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​បាន​ជម្លៀស​មនុស្ស​ចេញពី​បា​និង​ភោជនីយដ្ឋាន​នៅ​ទូទាំង​ទីក្រុង​រ៉ូ​ស្តូវ បន្ទាប់ពី​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក