វើ​ល​ខាប់ ៖ ប្រធានាធិបតី​បារាំង​នឹង​ទៅ​មើល​បារាំង​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ទោះបី​សម​ភាគី​អង់គ្លេស​ធ្វើពហិការ​

801
ចែករម្លែក

​ប្រធានាធិបតី​បារាំង អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង នឹងចូលរួម​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ជម្រើសជាតិ​បារាំង​នៅ​ប្រទេស​រុស្ស៊ី ខណៈដែល​សម្ព័ន្ធមិត្ត​អង់គ្លេស​របស់ខ្លួន​បានធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ទស្សនាការ​ប្រកួត​នេះ​ទេ ជុំវិញ​ការវាយប្រហារ​ដោយ​សារធាតុ​បំផ្លាញ​សរសៃប្រសាទ​លើ​ចារកម្ម​រុស្ស៊ី​។ នេះ​បើតាម​ការិយាល័យ​របស់​គាត់​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី ៦ កក្កដា​។​

​លោក​ម៉ា​ក្រុង​បាន​សន្យាថា​នឹងចូលរួម​ទស្សនាការ​ប្រកួត ប្រសិនបើ​បារាំង​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​នឹង​ប្រកួត​នៅ​ថ្ងៃ​អង្គារ​ក្រោយ​នៅក្នុង​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក ហើយ​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ​អ៊ុយ​រូ​ហ្គា​យ ២-០​។​

​ក្រុមមន្ត្រី​អង់គ្លេស​បានធ្វើ​ពហិការ​មិន​ចូលរួម​ការប្រកួត​វើ​ខាប់​ទេ បន្ទាប់ពី​បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំពោះ​ការប៉ុនប៉ង​ធ្វើឃាត​អតីត​ចារកម្ម​រុស្ស៊ី លោក សឺ​ហ្គេ ស្គ្រី​ប៉ាល់ នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​មួយ​របស់​អង់គ្លេស​កាលពី​ខែមីនា​។​

​វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ខ្លួន​មិនបាន​នៅ​ពីក្រោយ​ការវាយប្រហារ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ស្គ្រី​បាល់ និង​កូនស្រី​របស់គាត់​ដោយ​ប្រើ​សារធាតុ​គីមី Novichok ផលិត​សម័យ​សូ​វៀត ដែល​បណ្តាលឱ្យ​អ្នក​ទាំង​២​ដេកពេទ្យ​ជាច្រើន​សប្តាហ៍​នោះទេ​។

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេ​រ៉េ​សា មេ បានប្រកាស​ពី​ការធ្វើ​ពហិការ​ជា​ផ្លូវការ មិន​ចូលរួម​ទស្សនាការ​ប្រកួត​វើ​ល​ខាប់​កាលពីដើម​ឆ្នាំនេះ ហើយ​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​បានបញ្ជាក់​ជំហរ​នេះ​ម្តងទៀត​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​ការបំពុល​ឪពុក​កូន​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​បារាំង អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង
#