វើ​ល​ខាប់ ៖ ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុន​ចូលនិវត្តន៍ បន្ទាប់ពី​ក្តី​សុបិន​វើ​ល​ខាប់​បានបញ្ចប់​

714
ចែករម្លែក

​ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុន ម៉ា​កូ​តូ ហា​សេ​បេ បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​គាត់​ពី​ក្រុម​ជម្រើសជាតិ បន្ទាប់ពី​ក្រុម​បាន​ធ្លាក់​ពី​វើ​ល​ខាប់​យ៉ាង​ចុកចាប់​ក្នុងការ​ប្រកួត​ជាមួយ​បែលហ្ស៊ិក​។​

​ហា​សេ​បេ​បាន​សរសេរ​នៅលើ​គណនី​អ៊ី​ន​ស្តា​ក្រាម​របស់គាត់​ថា “​ខ្ញុំ​បានសម្រេច​ចិត្ត​បញ្ចប់​ទំព័រ​អាជីព​រប​ស់​ខ្ញុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​ជាមួយនឹង​ការប្រកួត​វើ​ល​ខាប់​នេះ​”​។​

​ការចាកចេញ​ពី​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​របស់​ខ្សែបម្រើ​ការពារ​វ័យ ៣៤ ឆ្នាំ​រូបនេះ​អាច​មានន័យថា ក្រុម​ទាំងមូល​នឹងមាន​ការផ្លាស់ប្តូរ ជាមួយ​ខ្សែប្រយុទ្ធ កី​ស៊ូ​កេ ហុងដា អតីត​ខ្សែប្រយុទ្ធ AC Milan វ័យ ៣២ ឆ្នាំ​ក៏បាន​និយាយ​ដែរ​ថា គាត់​គ្រោង​នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​។​

​ហា​សេ​បេ ដែល​ឈ្នះ​ពានរង្វាន់ German Cup ជាមួយ Eintracht Frankfurt កាលពី​រដូវ​កាល​មុន​បាន​ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ​អស់​រយៈពេល​ជាង ១២ ឆ្នាំ​ក្រោម​គ្រូបង្វឹក​ចំនួន ៥ រូប​។​

​វើ​ល​ខាប់​ឆ្នាំនេះ​គឺជា​វើ​ល​ខាប់​លើក​ទី​៣​របស់​ហា​សេ​បេ បន្ទាប់ពី​វើ​ល​ខាប់​នៅ​អាហ្វ្រិក​ខាងត្បូង​ឆ្នាំ ២០១០ និង វើ​ល​ខាប់​នៅ​ប្រេ​ស៊ី​ល​ឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

ហា​សេ​បេ ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ជប៉ុន​នៅ​អាយុ ៣៤ ឆ្នាំ