វើ​ល​ខាប់ ៖ ផែនការ​របស់​ជប៉ុន​នៅ​វើ​ល​ខាប់ គឺ​លេង​ឱ្យ​ដូច​ជប៉ុន​

1253
ចែករម្លែក

​ផែនការ​របស់​ជប៉ុន​គឺ​លេង​ឱ្យ​ដូច​ជប៉ុន​។ ក្តីសង្ឃឹម​គឺ​ត្រូវ​ផ្តួល​បែលហ្ស៊ិក​ឱ្យបាន​។​

​ក្រុម​ជម្រើសជាតិ​ជប៉ុន​នឹងត្រូវ​ជួប​ជាមួយ​បែលហ្ស៊ិក​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ​វើ​ល​ខាប់ នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​លោក អាគី​រ៉ា នី​ស៊ី​ណូ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​យើង​មកដល់​ដំណាក់កាល​នេះ​ដោយ​ជួប​ជាមួយនឹង​ការ​ប្រជែង​ថ្មី ដែល​ខុសពី​ការប្រកួត​ក្នុង​ពូ​ល​។ យើង​ចង់​លេង​ឱ្យ​ដូច​ជប៉ុន​” ។​

​ខុសពី​បែលហ្ស៊ិក​ដែល​ឈាន​មក​វគ្គ​នេះ​ដោយ​ឈ្នះ​ទាំង​៣​ប្រកួត ជប៉ុន​បាន​ឈាន​មកដល់​វគ្គ​នេះ​ទាំង​ត្រដាបត្រដួស​។​

​ទាំង​ជប៉ុន​និង​សេ​ណេ​ហ្គា​ល់​បានបញ្ចប់​ការប្រកួត​ជម្រុះ​ពូ​ល H ដោយមាន ៤ ពិន្ទុ​ស្មើគ្នា និង គ្រាប់​ស៊ុត​បញ្ចូល​ទី​ដូចគ្នា ប៉ុន្តែ​ជប៉ុន​ជា​អ្នក​ជាប់​ទៅ​វគ្គ​បន្ទាប់ ដោយសារ​ពួកគេ​មាន​កាត​លឿង​តិចជាង​សេ​ណេ​ហ្គា​ល់​។​

​លោក​នី​ស៊ី​ណូ​និយាយថា “​បែលហ្ស៊ិក​គឺជា​ក្រុម​កំពូល​ទាំង​៣ (​ក្នុង​ចំណាត់ថ្នាក់​ហ្វី​ហ្វា​) ។ យើង​ជាប់​លេខ ៦១ តើ​យើង​ត្រូវ​វាយលុក​ពួកគេ​យ៉ាងដូចម្តេច​? យើង​ចាំបាច់​ត្រូវ​ជំរុញ​ខ្លួន​យើង ហើយ​ប្រហែលជា​ត្រូវបង្កើត​អ្វី​ម្យ៉ាង​នៅ​ថ្ងៃស្អែក​នេះ​(​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​)​។ យើង​ត្រូវតែ​ស្វែងរក​ឱកាស​និង​ទាញយក​ផលប្រយោជន៍​ពី​ឱកាស​នោះ​”​។​

​បែលហ្ស៊ិក​បាន​ចូលមក​ប្រកួត​នេះ​ក្នុងនាម​ជា​ក្រុម​រំពឹង​ខ្ពស់បំផុត​មួយ​ដែល​នឹង​ឈ្នះ​ពាន​។ ជាមួយ​អា​ហ្ស​ង់​ទីន ព័រ​ទុយ​ហ្គា​ល់ អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ ធ្លាក់​អស់​ទៅហើយនោះ បែលហ្ស៊ិក​កាន់តែ​រំពឹង​ខ្ពស់​ក្នុង​ការលើក​ពាន​វើ​ល​ខាប់ តែ​ពួកគេ​នឹង​ប្រឈម​ជាមួយ​ប្រេ​ស៊ី​ល​ឬ​ម៉ិ​ក​ស៊ិ​ក ប្រសិនបើ​ឈ្នះ​ជប៉ុន​ថ្ងៃនេះ​៕ ដោយ៖ កញ្ញាដាលីស