វើ​ល​ខាប់ ៖ មួយ​ជើង​របស់​ម៉ាន់​ហ្ស៊ូ​គី​ក ជួយ​ក្រូ​អាស៊ី​ផ្តួល​អង់គ្លេស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ប៉ះ​បារាំង​

576

​ខ្សែប្រយុទ្ធ ម៉ា​រី​អូ ម៉ាន់​ហ្ស៊ូ​គី​ក បា​នរក​គ្រាប់​បាល់​នៅ​នាទី​ទី ១០៩ ខណៈដែល​ក្រូ​អាស៊ី​តាម​ពី​ចាញ់​មក​ឈ្នះ​អង់គ្លេស ២-១ បន្ទាប់ពី​ការបន្ថែម​ម៉ោង​១៥​នាទី​២​ដង​កាលពី​ថ្ងៃ​ពុធ ទី ១១ កក្កដា និង​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​លើកដំបូង​របស់​ពួកគេ កន្លែង​ដែល​ពួកគេ​នឹង​ប៉ះ​បារាំង​នៅ​ថ្ងៃអាទិត្យ​ខាងមុខ និង​ធ្វើឱ្យ​អ្នកគាំទ្រ​ក្រូ​អាស៊ី​ផ្ទុះ​ការអបអរ​យ៉ាង​កងរំពង​។​

​អង់គ្លេស​ដែល​បង្ហាញខ្លួន​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ ១៩៩០ មើលទៅ​ហាក់​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​របស់​ពួកគេ​ទៅហើយ ចាប់តាំងពី​ឆ្នាំ ១៩៦៦ ខណៈដែល​ពួកគេ​បាន​នាំ​មុខមុន​តាមរយៈ​ការ​ស៊ុត​របស់​កីឡាករ កៀ​រ៉ា​ន់ ទ្រី​ប​ព្យែ​រ នៅ​នាទី​ទី ៥ និង​គ្របដណ្ដប់​ទាំងស្រុង​នៅ​តង់​ទី​១​។​

​ក្រូ​អាស៊ី ដែល​លេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ ១៩៩៨ បាន​ស៊ុត​តាម​ស្មើ​វិញ​តាមរយៈ​កីឡាករ អ៊ី​វ៉ាន់ ភើ​រី​ស៊ី​ក នៅ​នាទី​ទី ៦៨ ហើយ​បន្ទាប់ពី​នោះមក ក្រូ​អាស៊ី​មើល​ទៅជា​ក្រុម​គ្រោះថ្នាក់​ជាង​អង់គ្លេស​ទៅទៀត​។​

​លទ្ធផល​ស្មើ​បាន​បន្ត​រហូតដល់​ចប់​តង់ ៩០ នាទី មានន័យថា ក្រូ​អាស៊ី​ត្រូវ​លេង​ថែម​ម៉ោង​១៥​នាទី​ជា​លើក​ទី​៣​ជាប់ៗ​គ្នា បន្ទាប់ពី​ឈ្នះ​ដា​ណឺ​ម៉ាក​និង​រុស្ស៊ី ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។​

​ប៉ុន្តែ​នៅពេលដែល​ក្រូ​អាស៊ី​មើលទៅ​ទំនងជា​ក្លាយទៅជា​ក្រុមទី​១ ដែល​ស៊ុត​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លើក​ទី​៣​ជាប់ៗ​គ្នា​នៅ​វើ​ល​ខាប់​នោះ ម៉ាន់​ហ្ស៊ូ​គី​ក បាន​ស៊ុត​មួយ​គ្រាប់​ផ្តាច់​ព្រលឹង​អង់គ្លេស​តែម្តង នៅ​ទី​ទី​១០៩ នៃ​ម៉ោង​បន្ថែម​។

​លទ្ធផល​ឈ្នះ​នេះ​មានន័យថា ក្រូ​អាស៊ី​នឹង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​បារាំង នៅ​ថ្ងៃទី​១៥ កក្កដា ចំណែក​បែលហ្ស៊ិក​ប៉ះ​អង់គ្លេស​នៅ​ថ្ងៃទី​១៤​កក្កដា​៕ ដោយ៖ កញ្ញាដាលីស

ម៉ាន់​ហ្ស៊ូ​គី​ក ស៊ុត​ចូល​នៅ​ម៉ោង​បន្ថែម​ដើម្បី​នាំ​ក្រូ​អាស៊ី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ